ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៦កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅទីស្ដីការគណៈរដ្ឋមន្ដ្រី។

 

កិច្ចប្រជុំនេះរៀបចំឡើងដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈសំខាន់ៗមួយចំនួនរួមមាន៖ សេចក្តីព្រាងច្បាប់ស្តីពី ជលផល, សេចក្តីព្រាងច្បាប់ស្តីពី ការទទួលខុសត្រូវលើផលិតផលមានវិការៈ និង បញ្ហាផ្សេងៗ៕

លោក ខុន លីដូ ចូលរួមវគ្គបណ្តុះបណ្តាល ស្តីពីការបង្កើនការយល់ដឹងអំពីយន្តការ តួនាទី និងការទទួលខុសត្រូវក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ នៅខេត្តសៀមរាប

ខេត្តសៀមរាប៖នាថ្ងៃអង្គារ ៣ កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ  ឆ្នាំ២០២៤  លោក ខុន លីដូ អនុប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ បានចូលរួមវគ្គបណ្តុះបណ្តាល ស្តីពីការបង្កើនការយល់ដឹងអំពីយន្តការ តួនាទី និងការទទួលខុសត្រូវក្នុងការគ្រប់គ្រងគ្រោះមហន្តរាយដល់លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយនៅតាមក្រសួងស្ថាប័ន ក្រោមអធិបតីភាពឯកឧត្តម ឃុន សុខា អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅសណ្ឋាគារអង្គរប៉ារ៉ាឌី ដោយមានការអញ្ជើញចូលរួមពី តំណាងថ្នាក់ដឹកនាំ មន្រ្តីជំនាញក្រសួងពាក់ព័ន្ធ និងអង្គការស្បៀងអាហារពិភពលោក សរុបចំនួន ២៤រូប ស្រ្តី៣រូប។

 

គោលបំណងនៃវគ្គបណ្តុះបណ្តាលគឺដើម្បី

១. បង្កើនការយល់ដឹងរបស់អ្នកចូលរួមអំពីយន្តការគ្រប់គ្រងគ្រោះមហន្តរាយដល់លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយនៅតាមក្រសួងស្ថាប័ន។

 

២. ឱ្យអ្នកចូលរួមស្គាល់អំពីគោលគំនិតនិងគោលការណ៍គ្រប់គ្រងហានិភ័យគ្រោះមហន្តរាយជាមូលដ្ឋានដោយធានានូវមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអនុវត្តការគ្រប់គ្រងគ្រោះមហន្តរាយប្រកបដោយប្រសិទ្ធភាព។

 

៣. ណែនាំប្រព័ន្ធប្រកាសដឹងមុន (EWS) ជាក់លាក់តាមវិស័យនិងបង្ហាញពីសារៈសំខាន់ដ៏សំខាន់របស់ពួកគេក្នុងការត្រៀមលក្ខណៈគ្រោះមហន្តរាយ។

ឯកឧត្តម អ៉ិន ចន្ថា បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ ២០២៤  ឯកឧត្តម អ៉ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីឯកឧត្តម សុង សុផល អនុរដ្ឋលេខាធិការ  ឯកឧត្តម រុន សារី  អភិបាលរងនៃគណៈអភិបាលខេត្ត លោកប្រធានមន្ទីរ ថ្នាក់ដឹកនាំ និងមន្ត្រី រាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ តំណាងអភិបាលក្រុង-ស្រុក និងអង្គការដៃគូអភិវឌ្ឍន៍ សរុបចំនួន ៣៧រូប ស្រ្តី ៩រូប ។

 

ក្រោយពីបានស្ដាប់របាយការណ៍របស់លោកប្រធានមន្ទីរ និងមតិស្វាគមន៍ របស់ឯកឧត្តមអភិបាលរងខេត្ត រួចឯកឧត្តម អ៉ិន ចន្ថា រដ្ឋលេខាធិការ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា និងពរសព្ទសាធុការពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មគ្គុទេសក៏ឯកនយោបាយឈ្នះឈ្នះ បិតាស្ថាបនិកសន្តិភាព និងជាប្រធាន ព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម កម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនដល់មន្រ្តីរាជការនៃ មន្ទីរអភិវឌ្ឍន៍ជនបទ និងអង្គប្រជុំទាំងអស់ដែលបានអញ្ជើញចូលរួម កិច្ចប្រជុំ នាពេលនោះ។ ឯកឧត្តមរដ្ឋលេខាធិការ បានសម្តែងនូវកោតសរសើរ និងវាយ តម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការនៃមន្ទីរ អភិវឌ្ឍន៍ជនបទខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអង្គការដៃគូអភិវឌ្ឍន៍នានា ដែលបានសហការរួមគ្នាអនុវត្តនាពេលកន្លងមក ដែលនាំឲ្យខេត្តពោធិ៍សាត់ ទទួលបាននូវសមិទ្ធផលយ៉ាងល្អប្រសើរ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានជម្រាបជូនអង្គពិធី  អំពីគោលនយោបាលរបស់រាជរដ្ឋាភិបាល ក្រោមមាគ៌ាដឹកនាំប្រកប ដោយគតិបណ្ឌិត និងភាពស្វាហាប់របស់ សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញ នូវយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងកម្មវិធីអាទិភាពទាំង៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទដែលនឹងត្រូវ អនុវត្តនៅឆ្នាំ២០២៥ ខាងមុខនេះ។ ព្រមទាំងបានផ្ដាំផ្ញើរដល់ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីរាជការទាំងអស់ពង្រឹងប្រសិទ្ធិភាពក្នុងការបំពេញភារ:កិច្ច ដោយបន្ដអនុវត្ត កម្មវិធីអាទិភាពទាំង៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទឱ្យបានសកម្មបន្ថែមទៀត ដើម្បីឆ្លើយតបនឹងចក្ខុវិស័យរបស់ក្រសួងគឺ “កសាងតំបន់ជនបទកម្ពុជាប្រកប ដោយវិបុលភាព បរិយាបន្ន នវានុវត្តន៍ ឌីជីថល និងភាពធន់ ទាំងផ្នែកសដ្ឋកិច្ច សង្គម និងវប្បធម៌”។ ត្រូវបន្ដថែរក្សាសមិទ្ធផលដែលមានស្រាប់របស់ក្រសួង និងពង្រីកសមិទ្ធផលថ្មីៗបន្ថែមទៀត និងខិតខំពង្រឹងសមត្ថភាពឲ្យកាន់តែ ស៊ីជម្រៅអំពីផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជនបទ ឆ្នាំ២០២៤-២០២៨។

ឯកឧត្តម សាន វិសាលដឹកនាំមន្រ្តីបច្ចេកទេសថ្នាក់ក្រសួង (PMU)  ត្រួតពិនិត្យគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ (NRRPCP) នៅខេត្តប៉ៃលិន និងខេត្តកំពង់ឆ្នាំង

ខេត្តប៉ៃលិន-កំពង់ឆ្នាំង ៖  នាថ្ងៃចន្ទ ២កើត-អង្គារ ៣កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២-៣ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំមន្រ្តីបច្ចេកទេសថ្នាក់ក្រសួង (PMU) មន្រ្តីបច្ចេកទេសថ្នាក់ខេត្ត (PIU) របស់គម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ (NRRPCP) ចុះត្រួតពិនិត្យនូវវឌ្ឍនភាពការងាររបស់គម្រោងស្ថិតនៅខេត្តប៉ៃលិន និងខេត្តកំពង់ឆ្នាំង រួមមាន៖

 

-ខ្សែផ្លូវទី១   ជាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST), មានប្រវែង ២០,៨៦ គីឡូម៉ែត្រ ក្នុងនោះសាងសង់លូប្រអប់ ២កន្លែង និងលូមូល៤៤កន្លែង ដោយតភ្ជាប់ពីភូមិក្ងោក  ឃុំស្ទឹងកាច់ ទៅដល់ភូមិអូរចិតប្រាំ ឃុំអូរអណ្ដូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន សម្រេចលទ្ធផល ១០០%។

 

-ខ្សែផ្លូវទី២  ជាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) និងមានផ្នែកខ្លះជាបេតុង មានប្រវែង ១៥,៤៣៨ គីឡូម៉ែត្រ ក្នុងនោះសាងស្ពានចំនួន ០១កន្លែង លូប្រអប់ចំនួន ០១កន្លែង និងលូមូលចំនួន ៤៧កន្លែង ដោយតភ្ជាប់ពីភូមិសំបូរ  ឃុំសាលាក្រៅ ទៅដល់ភូមិភ្នំព្រាល ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន សម្រេចលទ្ធផលបាន ៦៥%។

 

-ខ្សែផ្លូវទី៣ ប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ៨,១៣គីឡូម៉ែត្រ សាងសង់លូមូល ២៥ កន្លែង លូប្រអប់ ៣កន្លែង ចាប់ពីភូមិអណ្តូងជ្រៃ, ត្បែង,បំពង់ផ្ចឹក ឃុំអណ្តូងស្នាយ និងភូមិអូតាសេក , ឃុំគោកបន្ទាយ ស្រុករលាប្អៀរ  សម្រេចលទ្ធផលបាន ៩៨%។

 

-ខ្សែផ្លូវទី៤ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ១២,៣៣ គីឡូម៉ែត្រ លូមូល ២៤កន្លែង  លូប្រអប់ ១កន្លែង ស្ថិតនៅភូមិកងមាស ភូមិឈើត្រាច ភូមិមានជ័យ ភូមិគោកបន្ទាយ  ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

 

ក្នុងគម្រោងខាងលើនេះក៏មានការជីកស្រះ និងស្ដារស្រះសហគហគមន៍បានចំនួន ១៩ស្រះ ស្ថិតក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន សម្រេចលទ្ធផលបាន ២៥%៕

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការដឹកនាំ គ្រប់គ្រង ត្រួតពិនិត្យ និងវាយតម្លៃ ការលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ របស់ក្រសួងអភិវឌ្ឍន៍ជនបទ

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ៥កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការដឹកនាំ គ្រប់គ្រង ត្រួតពិនិត្យ និងវាយតម្លៃ ការលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួម ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ, ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ព្រមទាំងថ្នាក់ដឹកនាំ និងមន្ដ្រីជំនាញ នៃគណៈកម្មការដឹកនាំ គ្រប់គ្រង ត្រួតពិនិត្យ និងវាយតម្លៃ ការលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ របស់ក្រសួងអភិវឌ្ឍន៍ជនជនបទ។

បន្ទាប់ពីបានស្ដាប់នូវបទអន្ដរាគមន៍នៃឯកសារទស្សនាទាននៃការសិក្សាស្រាវជ្រាវអំពីស្ថានភាពមុខរបររបស់ប្រជាជននៅតំបន់ជនបទ ដោយឯកឧត្តម ជ្រាយ ប៉ុម អគ្គនាយកបច្ចេកទេស និងការធ្វើបទបង្ហាញស្ដីពី ការសិក្សាស្រាវជ្រាវអំពីមុខរបរ និងប្រភពចំណូលរបស់ប្រជាពលរដ្ឋនៅជនបទ ដោយលោក គី សុផល ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ រួចមក ឯកឧត្តមរដ្ឋមន្ត្រី បានផ្ដល់ឱកាសជូនអង្គប្រជុំដើម្បីផ្ដល់មតិយោបល់ សម្រួចការសិក្សាស្រាវជ្រាវនេះ ឱ្យបានច្បាស់លាស់ និងចំគោលដៅ។ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ គឺជាកម្មវិធីដ៏សំខាន់របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលដើរតួនាទីជំរុញដោយផ្ទាល់ឱ្យមានការបង្កើនប្រាក់ចំណូល និងការផ្លាស់ប្តូរស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការបង្កើតឱកាសការងារ មុខរបរ សហគ្រិនភាព និងទីផ្សារ ក៏ដូចជាបង្កើនសកម្មភាពសេដ្ឋកិច្ចនានា ក្រោមរូបភាពមុខរបរកសិកម្ម និងមុខរបរមិនមែនកសិកម្ម៕

ឯកឧត្តម អុឹង វណ្ណា អញ្ជើញចូលរួមប្រជុំ ត្រួតពិនិត្យលើវឌ្ឍនភាពការអនុវត្តគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន

រាជធានីភ្នំពេញ ៖ នាពេលព្រឹកថ្ងៃពុធ ៤កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០២៤ ឯកឧត្តម អុឹង វណ្ណា អនុរដ្ឋលេខាធិការ និងជានាយករងគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមប្រជុំ ដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពការអនុវត្តគម្រោង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាន់ ចេស្តា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មាធិការដឹកនាំគម្រោង ដោយមានសមាសភាពចូលរួមចំនួន ៣១រូប៕

លោក ធីម សុធារ៉ា និងអភិបាលនៃគណៈអភិបាលស្រុកតាលោសែនជ័យ អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធី ប្រកាសជាផ្លូវការរបស់ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ដែលបានបញ្ចប់ទាំងស្រុងនូវការបន្ទោបង់ពាសវាលពាសកាល (ODF)

ខេត្តពោធិ៍សាត់ ៖ នាព្រឹកថ្ងៃពុធ ៤កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ លោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ និងលោក សំ ណារិទ្ធ អភិបាលនៃគណៈអភិបាលស្រុកតាលោសែនជ័យ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធី ប្រកាសជាផ្លូវការរបស់ឃុំតាលោ (មានភូមិចំនួន ២២ភូមិ) ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ដែលបានបញ្ចប់ទាំងស្រុងនូវការបន្ទោបង់ពាសវាលពាសកាល (ODF)។

 

ពិធីនេះមានការអញ្ជើញចូលរួមពី លោកអនុប្រធានមន្ទីរ ប្រធាន-អនុប្រធានការិយាល័យនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត អង្គការដៃគូអភិវឌ្ឍន៍ ក្រុមប្រឹក្សាស្រុក លោកអភិបាលរងស្រុក ក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍រដ្ឋបាលឃុំ កងកម្លាំងទាំងបីប្រភេទ មណ្ឌលសុខភាពឃុំ លោកមេភូមិ-អនុភូមិ សមាជិកភូមិ បងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបចំនួន ៣២៦នាក់ ដែលបានប្រារព្ធធ្វើឡើងនៅបរិវេណសាលាឃុំតាលោ។

 

សូមបញ្ជាក់ថា ឃុំតាលោ មានភូមិចំនួន ២២ភូមិ៕

លោកជំទាវ លីម មុយឡេង អញ្ជើញចូលរួមក្នុងវេទិកាជាតិស្តីពី “ស្ត្រីក្នុងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ច” ក្រោមប្រធានបទ “ភាពជាអ្នកដឹកនាំរបស់ស្ដ្រីនៅរដ្ឋបាលមូលដ្ឋាន”

រាជធានីភ្នំពេញ ៖ នាថ្ងៃពុធ៤កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ លោកជំទាវ លីម មុយឡេង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមក្នុងវេទិកាជាតិស្តីពី “ស្ត្រីក្នុងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ច” ក្រោមប្រធានបទ “ភាពជាអ្នកដឹកនាំរបស់ស្ដ្រីនៅរដ្ឋបាលមូលដ្ឋាន” របស់ក្រសួងកិច្ចការនារី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នៅសណ្ឋាគារសាន់អ៊ែនមូន រីវើសាយ រាជធានីភ្នំពេញ។

 

វេទិការជាតិនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់ភាពជាតំណាងរបស់ស្ត្រី និងក្មេងស្រី ពង្រឹងបណ្តាញសាមគ្គីភាពនិងគាំទ្រគ្នាទៅវិញទៅមក នៅក្នុងចំណោមថ្នាក់ដឹកនាំជាស្ត្រីនៅគ្រប់កម្រិត និងគ្រប់ជំនាន់ ព្រមទាំងសំដៅជំរុញការគាំទ្រពីដៃគូពាក់ព័ន្ធ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងតួនាទីរបស់ស្ត្រីក្នុងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចនៅគ្រប់កម្រិត៕

លោក ស្រុិន ពុទ្ធី អញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយលោក James Wicken ទីប្រឹក្សាផ្នែកទឹកស្អាត និងអនាម័យ

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ ៤ កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២៤ លោក ស្រុិន ពុទ្ធី ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ និងក្រុមការងារបានជួបប្រជុំពិភាក្សាការងារជាមួយលោក James Wicken ទីប្រឹក្សាផ្នែកទឹកស្អាត និងអនាម័យ នៃទីភ្នាក់ងារប្រឹក្សាយោបល់ ATHENA INFONOMICS ដោយអ្នកចូលរួមក្នុងកិច្ចប្រជុំមានចំនួនសរុប ០៦ នាក់(ស្រី ០២ នាក់) នៅបន្ទប់ប្រជុំនាយកដ្ឋាន។

 

គោលបំណងនៃកិច្ចប្រជុំនេះ គឺផ្ដោតទៅលើការស្វែងយល់អំពីការសិក្សាលើជនងាយរងគ្រោះទឹកស្អាត និងអនាម័យ៕