ក្រុមការងារបច្ចេកទេសរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង ដឹកនាំដោយ កញ្ញា អន សាមល អនុប្រធានមន្ទីរ បានចុះសហការជាមួយរដ្ឋបាលស្រុកស្វាយជ្រំ ដើម្បីពិនិត្យមើលការប្រើប្រាស់ទឹកអណ្តូងរបស់ប្រជាពលរដ្ឋចំនួន ៣គ្រួសារ មានបញ្ហា ដោយសារកម្រិតនីវ៉ូទឹកធ្លាក់ចុះធ្វើឱ្យអណ្តូងស្នប់មុខកាត់ទុយោតូចត្រឹម ៤២មីលីម៉ែត្រ និង ៤៩ មីលីម៉ែត្រ របស់ពួកគាត់ពិបាកធ្វើការបូមខុសប្រក្រតីក្នុងរដូវប្រាំងនេះ។

ខេត្តស្វាយរៀង៖ នាថ្ងៃអង្គារ ៧រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ក្រុមការងារបច្ចេកទេសរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង ដឹកនាំដោយ កញ្ញា អន សាមល អនុប្រធានមន្ទីរ បានចុះសហការជាមួយរដ្ឋបាលស្រុកស្វាយជ្រំ ដើម្បីពិនិត្យមើលការប្រើប្រាស់ទឹកអណ្តូងរបស់ប្រជាពលរដ្ឋចំនួន ៣គ្រួសារ មានបញ្ហា ដោយសារកម្រិតនីវ៉ូទឹកធ្លាក់ចុះធ្វើឱ្យអណ្តូងស្នប់មុខកាត់ទុយោតូចត្រឹម ៤២មីលីម៉ែត្រ និង ៤៩ មីលីម៉ែត្រ របស់ពួកគាត់ពិបាកធ្វើការបូមខុសប្រក្រតីក្នុងរដូវប្រាំងនេះ។

 

ជាមួយគ្នានេះ ក្រុមការងារបានណែនាំប្រជាពលរដ្ឋ ឱ្យអនុវត្ត៖

 

– ក្នុងករណីប្រជាពលរដ្ឋធ្វើការខួងអណ្តូងស្នប់ដែលមានមុខកាត់ចាប់ពី៨០មីលីម៉ែត្រ ឡើងទៅ ដើម្បីមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ ។

 

– សូមឱ្យគ្រួសារមានខ្នងផ្ទះជាប់ៗគ្នា ឬនៅក្នុងភូមិជាមួយគ្នាជួយចែករំលែកទឹកសម្រាប់គ្រួសារដែលខ្វះខាតទឹកនៅរដូវប្រាំងនេះ។

 

– ស្នើសុំឱ្យប្រជាពលរដ្ឋក្នុងឃុំ ផ្អាកការបូមទឹកពីក្រោមដីមកធ្វើស្រែប្រាំង៕

photo 2024 04 30 16 55 59 2 photo 2024 04 30 16 55 59 3 photo 2024 04 30 16 55 59 4 photo 2024 04 30 16 55 59 5 photo 2024 04 30 16 55 59

ក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ បានដឹកទឹកចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន២ភូមិស្មើនឹង២៣០គ្រួសារ ក្នុងស្រុកសំរោង

ខេត្តតាកែវ៖ នាថ្ងៃអង្គារ ៧រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ខែមេសា ឆ្នាំ២០២៤ ក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ បានដឹកទឹកចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន២ភូមិស្មើនឹង២៣០គ្រួសារ ក្នុងនោះភូមិត្រពាំងវិហារ ចំនួន២០០ គ្រួសារ និងភូមិតាមៅចំនួន ៣០ គ្រួសារ ស្ថិតនៅឃុំជើងគួន ស្រុកសំរោង កំពុងខ្វះខាតទឹកសម្រាប់ប្រើប្រាស់ និងទឹកបរិភោគ ក្នុងដំណាក់កាលជួបគ្រោះរាំងស្ងួត ។

 

សូមបញ្ជាក់ផងដែរថា ៖ យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមការណែនាំរបស់ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់យកចិត្តទុកដាក់ខ្ពស់បំផុតចំពោះការខ្វះខាតទឹកប្រើប្រាស់របស់ប្រជាជនទូទាំងប្រទេស។ ក្នុងនោះផងដែរ ក្រសួងក៏បានចេញសេចក្ដីណែនាំដល់ថ្នាក់ដឹកនាំ និងអង្គភាពក្រោមឱវាទក្រសួងទាំងអស់ចាត់វិធានការ និងកិច្ចអន្តរាគមន៍បន្ទាន់លើការខ្វះខាតទឹកប្រើប្រាស់ និងទឹកបរិភោគ ដោយសារកត្តាប្រែប្រួលធាតុអាកាស ដោយតម្រូវឱ្យ គ្រប់អង្គភាព មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបានចុះធ្វើសកម្មភាព លើប្រភពផ្គត់ផ្គង់ទឹកតាមរយៈវិធានការស្ដារស្រះ ជួសជុលនិងខួងអណ្ដូងធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានទឹកប្រើប្រាស់ និងទឹកសម្រាប់បរិភោគគ្រប់គ្រាន់៕

photo 2024 04 30 20 30 00 2 photo 2024 04 30 20 30 00 photo 2024 04 30 20 30 01 2 photo 2024 04 30 20 30 01 3 photo 2024 04 30 20 30 01 photo 2024 04 30 20 30 02 2 photo 2024 04 30 20 30 02

ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម បានចូលរួមកិច្ចប្រជុំស្តីពីការត្រៀមបង្ការអន្តរាគមន៍ និងឆ្លើយតបទៅការខ្វះខាតទឹកស្អាតប្រើប្រាស់ក្នុងតំបន់ប្រឈម ក្នុងករណីគ្មានភ្លៀងធ្លាក់

ខេត្តកំពង់ចាម÷ នាព្រឹកថ្ងៃអង្គារ ៧រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧

ត្រូវនឹង ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ លោក អុឹង វិសុទ្ធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការត្រៀមបង្ការអន្តរាគមន៍ និងឆ្លើយតបទៅការខ្វះខាតទឹកស្អាតប្រើប្រាស់ក្នុងតំបន់ប្រឈម ក្នុងករណីគ្មានភ្លៀងធ្លាក់ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ដោយមានការចូលរួមពីមន្ទីរជំនាញពាក់ព័ន្ធ និងកងកម្លាំងទាំង៣ ដោយបានពិភាក្សាលើការងារចំនួន ៤ សម្រាប់ត្រៀមរៀបចំផែនការអន្តរាគមន៍ ដោយក្នុងនោះមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម ត្រូវ ÷

 

– ចុះជួសជុលអណ្តូងស្នប់ ៨ អណ្តូង ក្នុងឃុំត្រពាំងព្រះ ស្រុកព្រៃឈរ

 

– ចុះខួងអណ្តូងស្នប់Afridev ចំនួន ១ អណ្តូង ក្នុងស្រុកចំការលើ

 

– សហការជាមួយស្រុកទាំង៩ ធ្វើបច្ចុប្បន្នភាពស្រះរីងស្ងួត និងអណ្តូងខូច ឱ្យបានច្បាស់ដើម្បីខេត្តធ្វើរបាយការណ៍ទៅក្រសួងអភិវឌ្ឍន៍ជនបទ

 

– ត្រៀមទ្បានដឹកទឹកចំណុះ ៤ ០០០លីត្រ

ចុះចែកទឹកជូនប្រជាជនពេលមានតម្រូវការខ្វះខាតទឹកប្រើប្រាស់

 

– ស្នើសុំធុងដាក់ទឹក សាប៊ូលាងដៃ សម្ភារៈផ្សេងៗ ពីនាយកដ្ឋានថែទាំសុខភាពជនបទ ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋកំទ្បុងពេលខ្វះទឹក

 

– ត្រៀមតង់កៅស៊ូ សាងសង់កន្លែងស្តុកទឹក

 

– ត្រៀមកម្លាងចុះជួយអន្តាគមន៍ ពេលមានករណីចាំបាច់៕

photo 2024 04 30 23 28 12 photo 2024 04 30 23 28 14 photo 2024 04 30 23 28 15 photo 2024 04 30 23 28 16 photo 2024 04 30 23 28 17 photo 2024 04 30 23 28 35 photo 2024 04 30 23 28 37

ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង ដឹកនាំក្រុមការងារបច្ចេកទេស នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ ចុះត្រួតពិនិត្យប្រភពទឹក នៅស្រុករវៀង និងស្រុកត្បែងមានជ័យ

ខេត្តព្រះវិហារ៖ នាថ្ងៃអង្គារ ៧រោច​ ខែចត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយឯកឧត្តម យឺន សូផល អនុរដ្ឋលេខាធិការ រួមជាមួយក្រុមការងារបច្ចេកទេស នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ បានចុះត្រួតពិនិត្យស្ថានភាពនៃការប្រើប្រាស់ទឹកស្អាតរបស់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានជាក់ស្ដែង។

 

នាពេលព្រឹក ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានដឹកនាំក្រុមការងារបច្ចេកទេស ដោយមានការចូលរួមពីលោកអភិបាល និងអភិបាលរង នៃគណៈអភិបាលស្រុករវៀង និងអជ្ញាធរមូលដ្ឋានថ្នាក់ភូមិ និងឃុំ ព្រមទាំងតំណាងប្រជាពលរដ្ឋ ចុះពិនិត្យលើការជួសជុលអណ្តូងស្នប់ចំនួន៤កន្លែង ដែលបានរងការខូចខាត ២អណ្តូងនៅឃុំរមណី និង២អណ្តូង នៅឃុំរមទម ស្រុករវៀង។

 

បន្ទាប់មកនារសៀលថ្ងៃដដែលនោះ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង បានបន្ដដំណើរចុះពិនិត្យស្ថានភាពប្រភពទឹកស្រះ១កន្លែង និងស្ថានីយ៍ចែកចាយទឹកសហគមន៍ ១កន្លែង ស្ថិតនៅភូមិថ្នល់កោង ឃុំរំដោះ ស្រុករវៀង បច្ចុប្បន្នប្រព័ន្ធចែកចាយទឹកនេះកំពុងប្រឈមខ្វះប្រភពទឹក ដោយសារភាពរាំងស្ងួតដែលនាំឱ្យស្រះទឹករីងស្ងួតក្នុងពេលឆាប់ៗនេះ។

 

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បន្តចុះពិនិត្យស្ថានភាពតាមខ្នងផ្ទះដែលប្រឈមខ្វះខាតទឹកស្អាតប្រើប្រាស់ ព្រមទាំងបានសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅភូមិដីក្រហម ឃុំរំដោះ ព្រមទាំងបានណែនាំឱ្យបងប្អូនប្រជាពលរដ្ឋមេត្តាចូលរួមប្រើប្រាស់ទឹកស្អាត ដោយសន្សំសំចៃ និងថែរក្សាប្រភពទឹកឱ្យបានល្អ ខណៈអាកាសធាតុកំពុងឡើងកំដៅ។

 

បន្ទាប់ពីបញ្ចប់ការពិនិត្យប្រភពទឹកនៅស្រុករវៀងរួចមក ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ ក៏បានបន្តដំណើរទៅស្រុកត្បែងមានជ័យ ឃុំប្រមេរុ ដើម្បីត្រួតពិនិត្យស្ថានភាពការប្រើប្រាស់ទឹកប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋនៅភូមិបុស្សធំ ដោយបានពិនិត្យឃើញថាបងប្អូនប្រជាពលរដ្ឋបានកំពុងប្រើប្រាស់ទឹកតាមប្រព័ន្ធចែកចាយតាមបំពង់ទុយោបានគ្រប់គ្រាន់ មិនទាន់មានបញ្ហាប្រឈមកើតអ្វីឡើយ។

 

នៅក្នុងឱកាសនៃការចុះពិនិត្យស្ថានភាពប្រភពទឹក និងការប្រើប្រាស់ទឹករបស់ប្រជាពលរដ្ឋ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រួមជាមួយក្រុមការងារ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ បានពិភាក្សាជាមួយអាជ្ញាធរមូលដ្ឋានថ្នាក់ឃុំ និងស្រុក អំពីការត្រៀមរៀបចំនូវយន្តការ និងមធ្យោបាយសម្រាប់អន្តរាគមន៍បន្ទាន់នៅពេលមានការចាំបាច់ណាមួយកើតឡើង៕

photo 2024 04 30 18 11 26 photo 2024 04 30 18 11 27 photo 2024 04 30 18 11 28 photo 2024 04 30 18 12 29 photo 2024 04 30 18 12 30 photo 2024 04 30 18 12 40 photo 2024 04 30 18 14 57 photo 2024 04 30 19 01 34

លោក  ប្លង់  បញ្ញា ដឹកនាំក្រុមការងារបច្ចេកទេស ចុះធ្វើការជួសជុលបន្ទាន់នូវអណ្តូងស្នប់ចំនួន ២អណ្តូង និងសាងសង់ថ្មី១អណ្ដូង នៅស្រុកតាលោសែនជ័យ 

ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃអង្គារ ៧រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ លោក ប្លង់ បញ្ញា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារបច្ចេកទេស ចុះធ្វើការជួសជុលបន្ទាន់នូវអណ្តូងស្នប់ចំនួន ២អណ្តូង ដែលបានខូច ស្ថិតនៅភូមិតាសាស់  ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋចំនួន ៣១គ្រួសារ ដែលកំពុងជួបបញ្ហាខ្វះទឹកស្អាតប្រើប្រាស់។

 

នៅថ្ងៃដដែលនោះក្រុមការងារ ដឹកនាំដោយលោកអនុប្រធានមន្ទីរ បន្តចុះត្រួតពិនិត្យលើការខួងអណ្តូងថ្មី ១កន្លែងទៀត ស្ថិតនៅភូមិសំសាន ឃុំតាលោ ស្រុកតាលោសែនជ័យ ជាភូមិដែលប្រជាពលរដ្ឋកំពុងជួបគ្រោះរាំងស្ងួត ខ្វះទឹកស្អាតប្រើប្រាស់ ចំពោះអណ្ដូងស្នប់ថ្មីនេះ នឹងជួយសម្រួលដល់ការប្រើប្រាស់ទឹកស្អាតដល់ប្រជាពលរដ្ឋក្នុងកំឡុងពេលដែលភូមិកំពុងរងគ្រោះដោយសារភាពរាំងស្ងួតផងដែរ៕

photo 2024 04 30 16 50 48 photo 2024 04 30 16 50 49 photo 2024 04 30 16 50 50 photo 2024 04 30 16 50 52 photo 2024 04 30 16 50 53 photo 2024 04 30 16 50 54

លោក សុខ សុវណ្ណរតនា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន ដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យ និងជួសជុលអណ្តូងស្នប់

ខេត្តប៉ៃលិន៖ នាថ្ងៃអង្គារ ៧រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ លោក សុខ សុវណ្ណរតនា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន អញ្ជើញដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យ និងជួសជុលអណ្តូងស្នប់ បានចំនួន ០៣ អណ្តូង ដែលស្ថិតនៅភូមិភ្នំព្រាល ០២អណ្តូង ,និងនៅអន្លង់រក្សា ០១អណ្តូង ក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

 

គួរបញ្ជាក់ផងដែរថា មន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន បានអនុវត្តតាមសេចក្តីណែនាំ ស្តីពី វិធានការ និងកិច្ចអន្តរាគមន៍លើការខ្វះខាតទឹកប្រើប្រាស់ និងទឹកបរិភោគ ដោយសារកត្តាប្រែប្រួលធាតុអាកាស ដើម្បីរួមចំណែកយកចិត្តទុកដាក់ខ្ពស់ចំពោះការខ្វះខាតទឹកប្រើប្រាស់របស់ប្រជាជនទូទាំងប្រទេស៕

photo 2024 04 30 16 50 16 photo 2024 04 30 16 50 21 photo 2024 04 30 16 50 23 photo 2024 04 30 16 50 26 photo 2024 04 30 16 50 28 photo 2024 04 30 16 50 30 photo 2024 04 30 16 50 32

ឯកឧត្ដម លី ណារុន អញ្ជើញចូលរួមក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់អាគារការិយាល័យកណ្តាលថ្មីរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

រាជធានីភ្នំពេញ ៖ នាថ្ងៃអង្គារ ៧រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ឯកឧត្ដម លី ណារុន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាគារការិយាល័យកណ្តាលថ្មីរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕

photo 2024 04 30 19 49 44 photo 2024 04 30 19 49 45 photo 2024 04 30 19 51 15

ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ ដឹកនាំក្រុមការងារបច្ចេកទេស ជួសជុលអណ្តូងស្នប់ នៅស្រុកព្រៃនប់

ខេត្តព្រះសីហនុ៖ នារសៀលថ្ងៃអង្គារ ៧ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ លោក ប្រាក់ សុវណ្ណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារបច្ចេកទេស ជួសជុលអណ្តូងស្នប់ បានចំនួន ០២អណ្តូង ស្ថិតនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

 

ការចុះជួសជុលនេះ យោងទៅតាមសេចក្តីណែនាំស្តីពី វិធានការ និងកិច្ចអន្តរាគមន៍លើការខ្វះខាតទឹកប្រើប្រាស់ និងទឹកបរិភោគ ដោយសារកត្តាប្រែប្រួលធាតុអាកាស របស់ក្រសួងអភិវឌ្ឍន៍ជនបទ៕

photo 2024 04 30 16 07 47 photo 2024 04 30 16 07 48 photo 2024 04 30 16 07 50 photo 2024 04 30 16 07 52

ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ ដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែមេសា និងលើកទិសដៅការងារបន្តខែឧសភា ឆ្នាំ២០២៤

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៧រោច ខែចេត្រ ឆ្នាំរោង ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម អឿន ធារិទ្ធ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ បានដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែមេសា និងលើកទិសដៅការងារបន្តខែឧសភា ឆ្នាំ២០២៤ របស់នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ ដោយមានការចូលរួមពី លោក លោកស្រី អនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីរាជការ នៃនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ សរុបចំនួន ៣៦នាក់៕

photo 2024 04 30 12 54 05 photo 2024 04 30 12 54 06 2 photo 2024 04 30 12 54 06 photo 2024 04 30 12 54 07

ឯកឧត្ដមបណ្ឌិត នួន ពេជ្រនិមិត្ត អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាស្វែងរកវិធានការដើម្បីបង្ការ និងទប់ស្កាត់ការប្រើប្រាស់ និងចែកចាយបារីអេឡិចត្រូនិច

រាជធានីភ្នំពេញ ៖ នាថ្ងៃអង្គារ ៧រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ នៅសណ្ឋាគារសាន់វ៉េ ឯកឧត្ដម នួន ពេជ្រនិមិត្ត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានចូលរួមក្នុងកិច្ចប្រជុំពិភាក្សាស្វែងរកវិធានការដើម្បីបង្ការ និងទប់ស្កាត់ការប្រើប្រាស់ និងចែកចាយបារីអេឡិចត្រូនិចចំណោមយុវជន ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា។

 

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័ន អភិបាលរងនៃគណៈអភិបាលរាជធានី ខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត ។

 

ក្នុងកិច្ចប្រជុំនេះ បានពិភាក្សាលើប្រធានបទចំនួន ២ គឺ ទី១- ស្ថានភាពការប្រើប្រាស់ និងការចែកចាយបារីអេឡិចត្រូរនិចក្នុងចំណោមយុវជន និងទី២- ពិភាក្សាស្វែងរកវិធានការបន្ថែមដើម្បីបង្ការ និងទប់ស្កាត់ការប្រើប្រាស់ និងចែកចាយបារីអេឡិចត្រូនិក។

 

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងថា បច្ចុប្បន្ននេះក្រសួង បានចាត់វិធានការអប់រំ ផ្សព្វផ្សាយ នឹងចាត់វិធានការរដ្ឋបាល ដោយប្រើប្រាស់កម្មវិធីមិត្តអប់រំមិត្ត នឹងបានចេញសេចក្តីណែនាំមួយគឺ  ហាមឃាត់មិនឱ្យលក់ដូរបារីអេឡិចត្រូនិកនៅក្នុងបរិវេណសាលា ដោយសហការជាមួយអាជ្ញធរមូលដ្ឋាន ។

 

ឯកឧត្តមឧបនាយករដ្ឋមន្រ្ដី បានបន្តទៀតថាដើម្បីលុបបំបាត់ការប្រើប្រាស់ និងចែកចាយបារីអេឡិចត្រូនិកឱ្យមានប្រសិទ្ធភាព គឺទាមទារឱ្យមានអនុក្រឹត្យមួយ ដែលឈរលើមូលដ្ឋានផ្លូវច្បាប់ច្បាស់លាស់ ហើយនិងការស្រាវជ្រាវឱ្យច្បាស់លាស់ ពាក់ព័ន្ធជាមួយអ្នកប្រើប្រាស់ទាំងនៅក្នុង និងក្រៅសាលាផងដែរ។ បារីអេឡិចត្រូនិកនេះ ជាផលិតផលដ៏មានគ្រោះថ្នាក់បំផុតព្រោះ វាផ្ទុកជាតិនីកូទីន ដែលធ្វើឱ្យអ្នកប្រើប្រាស់ញៀនខ្លាំង បង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ការលូតលាស់ខួរក្បាល សតិបញ្ញាជាពិសេសយុវជន និងកុមារ ៕

photo 2024 04 30 18 22 59 2 photo 2024 04 30 18 22 59