ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជាកិត្តិយសក្នុងពិធីប្រកាសខេត្តកំពង់ចាម បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធិដីធ្លី

ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃសៅរ៍ ៦រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាកិត្តិយសក្នុងពិធីប្រកាសខេត្តកំពង់ចាម បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធិដីធ្លីចុងក្រោយចំនួន ១០៣,០១៤បណ្ណ ជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រៀបចំនៅក្នុងបរិវេណក្រុមហ៊ុនឡុងស្រេង ភូមិបឹងកេតលើ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ខេត្តកំពង់ចាម ជាខេត្តទី១ ដែលសម្រេចបានដោយជោគជ័យនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋ ក្នុងចំណោមរាជធានី ខេត្ត ទាំង២៥។

ឯកឧត្តម សាន វិសាល បានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាស្ដីពី ការងារគ្រប់គ្រងគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ (NRRPCP) ប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់គម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ

ខេត្តកំពត៖ នាថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទនិងលោក អ៊ួង ប៉ុណ្ណាកា ប្រធានគ្រប់គ្រងគម្រោង បានរៀបចំសិក្ខាសាលាស្ដីពី ការងារគ្រប់គ្រងគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ (NRRPCP) ប្រចាំឆ្នាំ២០២៤ និងទិសដៅ ការងារឆ្នាំ២០២៥ របស់គម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ (NRRPCP) ដោយមានការអញ្ជើញចូលរួមពីមន្ត្រីបច្ចេកទេស ថ្នាក់ ក្រសួង(PMU) និងមន្រ្តីបច្ចេកទេសថ្នាក់ខេត្ត(PIU) មានសមាសភាព ចូលរួមសរុបចំនួន ៧២នាក់ ស្រី ១១នាក់ នៅឡូដស៍ មុនីឥស្សរា ខេត្តកំពត។

 

សិក្ខាសាលានេះ មានគោលបំណង ៣សំខាន់ៗ រួមមាន៖

១. បង្ហាញពីសមិទ្ធផល និងវឌ្ឍនភាពការងារជំហាន១របស់ គម្រោងដែលបានដំណើរការមកជិត៥ឆ្នាំ

២. ជាឱកាសនៃការជួបជុំថ្នាក់ក្រោមជាតិដែលមានខេត្តជំហាន១ ចំនួន ៥ខេត្ត រួមមាន គឺខេត្តប៉ៃលិន ខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង ខេត្តកំពង់ឆ្នាំង ខេត្តកោះកុង និងខេត្តបន្ថែមចំនួន ៧ខេត្ត រួមមាន ខេត្តកំពត ខេត្តបាត់ដំបង ខេត្តកំពង់ធំ ខេត្តតាកែវ ខេត្តកណ្ដាល ខេត្តស្វាយរៀង និង ខេត្តកែប។

៣. បទបង្ហាញអំពីហិរញ្ញប្បទានបន្ថែមសម្រាប់គម្រោងជំហានទី២។

 

ទន្ទឹមនឹងនេះ ក្រុមការងារក៏បានពិភាក្សា និងស្វែងរកដំណោះស្រាយ យ៉ាងផុលផុសចំពោះបញ្ហាដែលបានកើតមាននៅជំហានចាស់ ដោយផ្តោតលើផ្នែកសំខាន់ៗដូចជា៖ ពិនិត្យឲ្យបានល្អិតល្អន់បន្ថែម លើគុណភាពផ្លូវជនបទ និងការពន្លឿនល្បឿននៃការសាងសង់ ពង្រឹងការងារផ្នែកកិច្ចគាំពារសុវត្ថិភាពសង្គម បរិស្ថាន និងយេនឌ័រ ឲ្យកាន់តែល្អប្រសើរ ជាពិសេសគឺពន្លឿនការងារផ្នែកលទ្ធកម្ម ព្រមទាំង ការទូទាត់ផ្សេងៗលើផ្នែកគណនេយ្យឲ្យបានលឿនជាងមុន ដើម្បីដំណើរ ការអនុវត្តគម្រោងបានកាន់តែបុរេសកម្ម និងមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល អញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារថែទាំខួបផ្លូវចំនួន ២គម្រោង នៅស្រុកចំការលើ និងស្រុកជើងព្រៃ ខេត្តកំពង់ចាម

ខេត្តកំពង់ចាម ៖ នាថ្ងៃសុក្រ ៥រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារថែទាំខួបផ្លូវចំនួន ២គម្រោង អនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម រួមមានដូចខាងក្រោម ៖

 

១. គម្រោងទី១ ៖ ការងារថែទាំខួបផ្លូវក្រាលកៅស៊ូពីរជាន់ DBST បន្ថែមពីលើ (Reseal DBST) ចំនួន១ខ្សែ ប្រវែង ១១ ៥២០ម៉ែត្រ ព្រមទាំងគំនូសចរាចរណ៍ ស្ថិតនៅឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។

២. គម្រោងទី២ ៖ ការងារថែទាំខួបផ្លូវចំនួន ៣ខ្សែ ក្រាលល្បាយក្រួស ប្រវែងសរុប ១៨ ០៥០ម៉ែត្រ និងសំណង់សិល្បការ្យមួយចំនួន ស្ថិតនៅក្នុងឃុំស្នុរដំបង ឃុំផ្តៅជុំ ឃុំសូទិព្វ និងឃុំដងក្តារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

 

បន្ទាប់ពីបានត្រួតពិនិត្យ និងប្រជុំពិភាក្សាជាមួយអ្នកទទួលការ អ្នកបច្ចេកទេស និងគណៈកម្មការអន្តរក្រសួងរួចមក គណៈកម្មការបានឯកភាព និងទទួលយកការអនុវត្តការងារបញ្ចប់ ១០០% តាមការស្នើសុំរបស់អ្នកទទួលការ។

 

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានជួបសំណេះសំណាល និងពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា សេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត និងពរសព្ទសាធុការពីសំណាក់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងបានអំពាវនាវដល់ប្រជាពលរដ្ឋដែលជាអ្នកទទួលផល អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ស្រុក និងបានសំណូមពរសូមឱ្យបងប្អូនប្រជាពលរដ្ឋជួយថែទាំផ្លូវនេះឱ្យបានដិតដល់ដើម្បីធានាថាផ្លូវនេះអាចប្រើប្រាស់បានយូរអង្វែង អាចបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ៕

ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត បានដឹកនាំគណ:ប្រតិភូអន្តរក្រសួងចុះត្រួតពិនិត្យនិងវាយតម្លៃការងារផ្លូវថែទាំខួបដោយក្រាលល្បាយថ្មភ្នំចំនួន៣ខ្សែ មានប្រវែងសរុប៩៣០០ម៉ែត្រ ក្នុងខេត្តកែប

ខេត្តកែប៖ នាថ្ងៃព្រហស្បតិ៍ទី១៩ ខែធ្នូ ឆ្នាំ ២០២៤នេះ ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការ និងជាសមាជិកគណ:កម្មាធិការលទ្ធកម្ម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណ:ប្រតិភូអន្តរក្រសួងចុះត្រួតពិនិត្យនិងវាយតម្លៃការងារផ្លូវថែទាំខួបដោយក្រាលល្បាយថ្មភ្នំចំនួន៣ខ្សែ មានប្រវែងសរុប៩៣០០ម៉ែត្រទទឹងខ្នងលើប្រវែង៤ម៉ែត្រ កម្រាស់ ០,២ម៉ែត្រនិងសាងសង់លូប្រអប់មុខពីរចំនួន១កន្លែង ស្ថិតនៅឃុំពងទឹក ស្រុកដំណាក់ចង្អើរ ក្រុងកែប ខេត្តកែប ដែលសមាសភាពចូលរួមមានក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានផ្លូវលំជនបទក្រុមការងារ គ.ត.វ និងតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីលោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកែបដែលជាអ្នកទទួលការ។

 

នៅក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ក៏បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវទាំងនេះដោយបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តមរដ្ឋមន្ត្រីជូនចំពោះលោកតា លោកយាយ ពូមីង បងប្អូននៅទីនោះ ខ្ញុំបាទក៏បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋទាំងអស់ឱ្យចូលរួមថែរក្សាសមិទ្ធផលផ្លូវនៅក្នុងមូលដ្ឋានឱ្យប្រើប្រាស់បានយូរអង្វែងសម្រាប់បម្រើផលប្រយោជន៍ប្រជាពលរដ្ឋ។ ឯកឧត្តមក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមរដ្ឋមន្រ្តីជូនប្រជាពលរដ្ឋដោយម្នាក់ៗទទួលបានក្រម៉ាមួយ។

 

បន្ទាប់មកគណៈកម្មការអន្តរក្រសួង បានប្រជុំពិភាក្សាជាមួយអ្នកទទួលការនិងអ្នកបច្ចេកទេស ដោយបានឯកភាពទទួលយកលទ្ធផលការងារ១០០% ចំពោះការងារថែទាំខួបផ្លូវក្រាលល្បាយក្រួសនិងក្រាលល្បាយថ្មភ្នំចំនួន៣ខ្សែមានប្រវែងសរុប៩៣០០ម៉ែត្រតាមការស្នើសុំរបស់អ្នកទទួលការ។ ក្នុងនោះដែរ ឯកឧត្តមបណ្ឌិត បានសំណូមពរដល់ប្រធានមន្ទីរអភិវឌ្ឃន៍ជនបទខេត្តកែបធ្វើការត្រួតពិនិត្យលើការងារថែទាំនិងជួសជុលផ្លូវទាំង៣ខ្សែខាងលើឱ្យបានល្អដើម្បីឱ្យមានគុណភាពនិងសោភណ្ឌភាពក្នុងរយៈពេល៦ខែបន្តទៀតទៅតាមកិច្ចសន្យាដោយសហការជាមួយប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានចូលរួមថែទាំកុំឱ្យមានរថយន្តដឹកទំនិញលើសចំណុះធ្វើចរាចរណ៍លើផ្លូវដើម្បីរក្សាគុណភាពផ្លូវនេះឱ្យប្រើប្រាស់បានយូរអង្វែង៕

ឯកឧត្តម ផូ ផារិទ្ធ បានចូលរួមក្នុងកិច្ចប្រជុំពិនិត្យ ពិភាក្សាអំពីផែនការបោះបង្គោលព្រំដែន ការស្ថាបនាបណ្តាញផ្លូវគមនាគមន៍ តំបន់ព្រំដែនកម្ពុជាជាប់ប្រទេសឡាវ – វៀតណាម – ថៃ និងរៀបចំស្នេីសុំថវិកា ឆ្នាំ២០២៥ សម្រាប់ដោះស្រាយសំណង់បានស្ថាបនារួច និងផែនការស្ថាបនាថ្មី នៅតាមបណ្តោយព្រំដែន ប្រទេសកម្ពុជា-វៀតណាម និងព្រំដែនកម្ពុជា -ឡាវ

រាជធានីភ្នំពេញ ៖ នាថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានចូលរួមក្នុងកិច្ចប្រជុំពិនិត្យ ពិភាក្សាអំពីផែនការបោះបង្គោលព្រំដែន ការស្ថាបនាបណ្តាញផ្លូវគមនាគមន៍ តំបន់ព្រំដែនកម្ពុជាជាប់ប្រទេសឡាវ – វៀតណាម – ថៃ  និងរៀបចំស្នេីសុំថវិកា ឆ្នាំ២០២៥ សម្រាប់ដោះស្រាយសំណង់បានស្ថាបនារួច និងផែនការស្ថាបនាថ្មី នៅតាមបណ្តោយព្រំដែន ប្រទេសកម្ពុជា-វៀតណាម និងព្រំដែនកម្ពុជា -ឡាវ នៅទីស្តីការក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ ក្រោមអធិបតីភាព ឯកឧត្តម ចាន់ សុធី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន​ ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ និងឯកឧត្តម ឡាំ ជា រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ដែលជាសហប្រធាន។

 

កិច្ចប្រជុំនេះមានការអញ្ជេីញចូលរួមពីដោយលោក សំ រដ្ឋា អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ និងលោក គង់ ភឿន ប្រធាននាយកដ្ឋានផ្លូវលំជនបទ តំណាងក្រសួងសាធារណការ និងដឹកជញ្ជូន និងបញ្ជាការដ្ឋានវិស្វកម្ម សរុបចំនួន ៥០នាក់ ៕

ឯកឧត្តម អ៊ុក ពញ្ញា អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តឆ្នាំ២០២៥ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ

ខេត្តក្រចេះ ÷ នាថ្ងៃព្រហស្បតិ៍៤រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ ឯកឧត្តម អ៊ុក ពញ្ញា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តឆ្នាំ២០២៥ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម គង់ វីរៈ អនុរដ្ឋលេខាធិការ, ឯកឧត្តម គង់ គឹមនី អភិបាលរងនៃគណ:អភិបាលខេត្តក្រចេះ, លោក លឹម ជាវហាវ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ព្រមទាំងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត សរុបចំនួន ២៧នាក់ ស្រី ៥នាក់។

 

បន្ទាប់ពីបានស្តាប់លទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅបន្តឆ្នាំ២០២៥ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត រួចមក ឯកឧត្តមរដ្ឋលេខាធិការ បានពាំនាំនូវបណ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួអភិវឌ្ឍន៍ជនបទ ជូនអង្គពិធី និងបានផ្តាំផ្ញើអនុសាសន៍មួយចំនួន ដល់មន្ទីរ ដើម្បីអនុវត្តបន្ត ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់៕

ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិកមានពិការភាព របស់ក្រសួងអភិវឌ្ឍន៍ជនបទ

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៥រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤  នៅទីស្ដីការក្រសួង ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានកិត្តិយសក្រុមការងារសកម្មភាពជនមានពិការភាពក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិកមានពិការភាព របស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងឱកាសទិវាជនមានពិការភាពកម្ពុជាលើកទី២៦ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤២ ក្រោមប្រធាន “បរិយាបន្នពិការភាពលើគ្រប់វិស័យក្នុងយុគសម័យបរិវត្តកម្មឌីជីថល” ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ, ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ, ឯកឧត្តមអគ្គនាយក, ថ្នាក់ដឹកនាំ ព្រមទាំងមន្ដ្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិកមានពិការភាព របស់ក្រសួងអភិវឌ្ឍន៍ជនបទ សរុបចំនួន ៧០រូប។

បន្ទាប់ពីរបាយការណ៍របស់ ឯកឧត្ដម សុខ ម៉េង អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសកម្មភាពជនមានពិការភាពរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានបញ្ជាក់ថា ក្នុងក្របខ័ណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ មានមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិកជាជនមានពិការភាព សរុបចំនួន ៣៦នាក់ ស្មើ ២,៥% ធៀបនឹងចំនួនមន្ដ្រីរាជការសរុបនៃក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងនោះនៅទីស្ដីការក្រសួងមានចំនួន ១១នាក់ និងនៅតាមបណ្ដាមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្ត មានចំនួន ២៥នាក់ ឯកឧត្ដម បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមការងារ បានឡើងអានព្រះរាជសាររបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាជនមានពិការភាពកម្ពុជាលើកទី២៦ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤២ ។

 

ក្នុងពិធីសំណេះសំណេះនេះឯកឧត្ដមរដ្ឋមន្ដ្រី បានរំលឹកឡើងថា សមិទ្ធផលនៃការអភិវឌ្ឍបច្ចុប្បន្នបានមកដោយសារគុណនៃសន្តិភាពដែលកើតចេញពីគុណូបការៈដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្ថាបនិកមគ្គុទេសក៍ឯកនៃសន្តិភាព និងបង្រួបបង្រួមជាតិនិងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលបានយកជីវិតធ្វើជាដើមទុន។ ឯកឧត្ដមរដ្ឋមន្ត្រីបានពាំនាំសេចក្តីនឹករលឹក ការសាកសួរសុខទុក្ខ និងពរសព្ទសាធុការពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន  ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនចំពោះ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និងបងប្អូនមានពិការភាពទាំងអស់ដែលចូលរួមក្នុងពីធីនេះ។

 

ឯកឧត្ដមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងថ្លែងការកោតសរសើរដល់បងប្អូនមានពិការភាពទាំងអស់ ដែលបានចូលរួមចំណែកយ៉ាងសកម្មធ្វើឱ្យសម្រេចបានជោគជ័យរបស់ក្រសួងលើការងារអភិវឌ្ឍន៍ជនបទផងដែរ ហើយក្រសួងនឹងបន្តលើកទឹកចិត្តដល់បងប្អូនមន្ត្រីមានពិការភាពឱ្យចូលរួមគ្រប់សកម្មភាពរបស់ក្រសួងថែមទៀត ព្រមទាំងបានណែនាំដល់នាយកដ្ឋានរដ្ឋបាល និងបុគ្គលិក ត្រូវគិតគូរ និងលើកទឹកចិត្តដល់មន្ត្រីរាជការមានពិការភាព តាមរយៈការផ្តល់គ្រឿងឥស្សរិយយស និងការដំឡើងថ្នាក់ឱ្យបានទាន់ពេលវេលា ដោយគ្មានការរើសអើង។ ជាកិច្ចបញ្ចប់នៃពិធីសំណេះសំណាល ឯកឧត្ដមរដ្ឋមន្ត្រី បាននាំយកនូវអំណោយដ៏ថ្លៃថ្លា របស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ជូនដល់បងប្អូនមានពិការភាពទាំងអស់ ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលជាទីបំផុត៕

ឯកឧត្តម សួន សេរីរដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ ជាមួយអង្គការដៃគូអភិវឌ្ឍន៍

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំរោង ឆស័ក. ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តម សួន សេរីរដ្ឋា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ ជាមួយអង្គការដៃគូអភិវឌ្ឍន៍ ។

ចូលរួមក្នុងកិច្ចប្រជុំនេះមាន ឯកឧត្តម អនុរដ្ឋលេខាធិការ លោកអគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ លោក លោកស្រី ប្រធានអនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធានការិយាល័យ ព្រមទាំងតំណាងអង្គការជាតិ អន្តរជាតិ សរុបចំនួន ៣៦នាក់ ស្រី ១៥នាក់។

កិច្ចប្រជុំនេះមានគោលបំណងដើម្បីបូកសរុបវឌ្ឍនភាពការងារអភិវឌ្ឍន៍ និងអភិរក្សជនជាតិដើមភាគតិច ឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ ដោយមានការធ្វើបទបង្ហាញសង្ខេបស្តីពី កិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយដៃគូ ដោយមន្រ្តីជំនាញមកពីនាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ។

ឯកឧត្ដម ប្រធានអង្គប្រជុំ បានលើកឡើងពីចលនាភូមិគំរូ ដែលក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងអនុវត្ត និងបានពិភាក្សាគ្នាយ៉ាងផុលផុស ដើម្បីស្វែងរកដំណោះស្រាយ និងបង្កើនប្រសិទ្ធិភាពការងារ។

តំណាងអង្គការដៃគូ បានកោតសរសើរ និងថ្លែងអំណរគុណដល់ក្រសួងអភិវឌ្ឍន៍ជនបទដែលបានបំពេញការងារយ៉ាងសកម្មក្នុងការផ្តល់អត្តសញ្ញាណជូនសហគមន៍ជនជាតិដើមភាគតិច និងសមិទ្ធផលផ្សេងៗទៀត៕

ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល អញ្ជើញចុះពិនិត្យ និងវាយតម្លៃផ្លូវ និងស្ពានមួយចំនួន នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដើម្បីត្រៀមធ្វើការសាងសង់ ក្នុងក្របខណ្ឌកម្មវិធី RID4CAM

ខេត្តកំពង់ធំ ÷ នាថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេស ព្រមទាំងទីប្រឹក្សាបច្ចេកទេស (PIC) នៃកម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជា (RID4CAM) ដើម្បីចុះពិនិត្យ និងវាយតម្លៃផ្លូវ និងស្ពានមួយចំនួន នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដើម្បីត្រៀមធ្វើការសាងសង់ ក្នុងក្របខណ្ឌកម្មវិធី RID4CAM៕

ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៥ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត

ខេត្តកំពត៖នាព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំរោង ឆស័កព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ២០២៤ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៥ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត លឹម អ៊ីវ អនុរដ្ឋលេខាធិការ , ឯកឧត្តម សេង សិរីបុត្រ អភិបាលរងខេត្ត, ថ្នាក់ដឹកនាំមន្ទីរ និងមន្រ្តីជំនាញ សរុប ៤០ រូប ។

 

បន្ទាប់ពីបានស្តាប់របាយការណ៍ និងការចូលរួមមតិយោបល់ពីគណ:អធិបតី និងមន្រ្តីជំនាញ រួចមក អង្គប្រជុំបានសម្រេចជាលទ្ធផលដូចខាងក្រោម៖

-ថ្នាក់ដឹកនាំមន្ទីរ និងមន្រ្តីជំនាញ ត្រូវធ្វើការកែសម្រួលទម្រង់ របាយការណ៍ឡើងវិញ អោយស្របតាមការណែនាំរបស់ក្រសួង។

-ខ្លឹមសារនៃរបាយការណ៍ ត្រូវផ្តោតជាសំខាន់លើកម្មវិធីអាទិភាពទាំង៤ ដោយរំលេចពីសមិទ្ធផលដែលសម្រេចបានតាមកម្មវិធីនីមួយៗ គិតជាភាគរយ ធៀបនឹងកញ្ចប់ថវិកាដែលបានចំណាយ ក្នុងឆ្នាំ២០២៤ ។

-សម្រាប់ឆ្នាំ២០២៥ ដែលមានកម្មវិធីចំនួន ៥ ជាមួយនឹងអ្វីដែលនៅសេសសល់ពីឆ្នាំ២០២៤ ត្រូវបន្តអនុវត្តអោយសម្រេចបានតាមផែនការដែលបានកំណត់ ជាពិសេសសកម្មភាពជំរុញ ចលនាភូមិគំរូ  ដែលជាកម្មវិធីថ្មី ។

-សម្រាប់ខេត្តកំពត ត្រូវពន្លឿនការងារ ODF អោយបានមុនបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នាពេលខាងមុខនេះ ដោយពិភាក្សាជាមួយថ្នាក់ដឹកនាំខេត្ត និងអង្គការដៃគូរួចរាល់

-ថ្នាក់ដឹកនាំមន្ទីរ និងមន្រ្តីជំនាញ ត្រូវខិតខំពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ព្រមទាំងពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃមន្ទីរក្នុងអោយបានល្អ ព្រមទាំងគោរពវិន័យ ពេលវេលាអោយបានត្រឹមត្រូវ និងទៀងទាត់រៀងរាល់ម៉ោងធ្វើការ ។