ឯកឧត្ដម ឆាយ ប្ញទ្ធិសែន ណែនាំដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល ឱ្យមានក្រុមអ្នកនាំពាក្យរបស់មន្ទីរ ដើម្បីផ្សព្វផ្សាយព័ត៌មាន  និងសមិទ្ធផលរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអភិវឌ្ឍន៍ជនបទដល់សាធារណៈជនឱ្យបានទូលំទូលាយ

ចែលរំលែក
1 17

ខេត្តកណ្ដាល៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣  នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល  ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម នុត ពុធដារ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកណ្ដាល ព្រមទាំងថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល សរុបចំនួន ៥៣នាក់។

បន្ទាប់ពីបានស្ដាប់របាយការណ៍បូកសរុបលទ្ធផលការងារ ៩ខែដើមឆ្នាំរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល ដោយលោកស្រី ជី ថាវី ប្រធានមន្ទីរ រួចមក ឯកឧត្ដម ឆាយ ប្ញទ្ធិសែន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងពរសព្វសាធុការពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានសម្ដែងនូវការកោតសរសើរ  និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការបំពេញការងាររបស់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់នាពេលកន្លងមក។

ជាការឆ្លើយតបទៅនឹងសំណូមពរ ចំនួន២ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល ដូចខាងក្រោម ៖

–  ទី១: ការដោះស្រាយបញ្ហាខ្វះមធ្យោបាយសម្រាប់ចុះបំពេញការងាររបស់មន្ត្រីមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល ឯកឧត្ដមរដ្ឋមន្រ្ដី បានផ្ដាំផ្ញើជូនឯកឧត្ដមអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ ឱ្យរៀបចំបញ្ជីសារពើភណ្ឌទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីឱ្យមានទិន្នន័យច្បាស់លាស់អំពីកង្វះខាត និងតម្រូវការជាក់ស្តែង។

–  ទី២: សំណូមពរបញ្ចូលគម្រោងផ្លូវជនបទ តាមបណ្តោយព្រំដែនអន្តរជាតិដែលគាំទ្រដោយទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ(AFD )  ឯកឧត្ដមរដ្ឋមន្រ្ដី បានផ្ដាំផ្ញើដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល ឱ្យលើកគម្រោងស្នើសុំតាមរយៈក្រសួង ដើម្បីមានមូលដ្ឋានក្នុងការពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍អន្តរជាតិ ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រី បានបន្តលើកឡើងថា ដើម្បីចូលរួមចំណែកសម្រេចបាននូវការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ និងចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០ ក្រសួងអភិវឌ្ឍន៍ជនបទ បានខិតខំសម្រេចឲ្យបាននូវចក្ខុវិស័យរបស់ខ្លួនគឺ លើកកម្ពស់គុណភាព និងគុណតម្លៃរបស់ប្រជាជននៅជនបទប្រកបដោយចីរភាព និងបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ ។

រាជរដ្ឋាភិបាលក៏ដូចជា ក្រសួងអភិវឌ្ឍន៍ជនបទបន្តខិតខំប្រែក្លាយតំបន់ជនបទទៅជាជនបទស៊ីវិស័យ និងមានកិត្យានុភាព  ដើម្បីកាត់បន្ថយគម្លាតរវាងទីក្រុង និងជនបទ ដែលក្រសួងមានយុទ្ធសាស្ត្រអាទិភាពចំនួន ៤ គឺ៖

ទី១៖ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ ប្រទាក់ក្រឡា ធានាបាននូវតំបន់ជនបទសមាហរណកម្ម និងដើម្បីជំរុញសរសៃឈាមនៃកំណើនសេដ្ឋកិច្ចដល់ទីជនបទ ។

ទី២៖ កែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ក្នុងគោលដៅឱ្យប្រជាជនជនបទរស់នៅមានឥរិយាបថល្អ ប្រកបដោយសុខភាពល្អ និងអនាម័យ ព្រមទាំងផាសុកភាព ។

ទី៣៖ ធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ តាមរយៈការបណ្តុះបណ្ដាលជំនាញមូលដ្ឋាន ដើម្បីបង្កើតការងារ និងមុខរបរ ក្នុងគោលដៅបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារនៅទីជនបទ។

ទី៤៖ ពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ ដើម្បីពង្រឹងស្ថាប័ន ក្នុងគោលដៅបម្រើប្រជាជននៅជនបទ ដោយសុចរិត និងទទួលខុសត្រូវខ្ពស់។

ជាមួយគ្នា ឯកឧត្ដមរដ្ឋមន្រ្ដី បានផ្ដាំផ្ញើ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល ដែលមានខ្លឹមសារដូចខាងក្រោម៖

–  មន្ទីរ ត្រូវបង្កើតឱ្យមានក្រុមអ្នកនាំពាក្យរបស់មន្ទីរ ដើម្បីផ្ដល់ព័ត៌មាន ក្នុងគោលដៅចូលរួមផ្សព្វផ្សាយសមិទ្ធផលរបស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យបានទូលំទូលាយដល់មហាជន។

–  មន្ទីរ ត្រូវខិតខំសហការជាមួយអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ដើម្បីជំរុញការងារវិស័យអភិវឌ្ឍន៍ជនបទកាន់តែល្អប្រសើរឡើង។

–  មន្ទីរ ត្រូវត្រួតពិនិត្យរបបប្រជុំប្រចាំខែ ត្រីមាស ឆមាស ប្រចាំឆ្នាំ ឱ្យបានទៀងទាត់ ដើម្បីវាយតម្លៃការងារ ដោយយកគោលការណ៍សមូហភាពជាធំ។

–  ត្រូវមានឯកភាព សាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ ដើម្បីមន្ទីរមានភាពជោគជ័យ ក្នុងនោះត្រូវយកចិត្តទុកដាក់មន្ត្រីមានពិការភាព មន្ដ្រីរាជការជាស្រ្ដីមានផ្ទៃពោះ ឬមានកូនតូចជាដើម។

–  ថ្នាក់ដឹកនាំមន្ទីរត្រូវមានការលើកទឹកចិត្តដល់មន្ត្រីរាជការសកម្មការងារ តាមរយៈ ការតម្លើងឋានៈតួនាទី កាំប្រាក់ គ្រឿងឥស្សរិយយស ឬមធ្យោបាយផ្សេងៗ។

ពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល បានបញ្ចប់ទៅក្រោមបរិយាកាសសប្បាយរីករាយ និងមានភាពស្និទ្ធស្នាលបំផុត៕

2 173 164 175 176 177 178 169 1410 11

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ