ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអនុញ្ញាតឱ្យឯកឧត្តម Jacques Pellet ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជានិងលោកស្រី Sandrine Boucher នាយិកាទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

ចែលរំលែក
1 13

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ៤កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអនុញ្ញាតឱ្យឯកឧត្តម Jacques Pellet ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជានិងលោកស្រី Sandrine Boucher នាយិកាទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

ក្នុងឱកាសនោះ ឯកឧត្តម ឆាយ ឫទ្ធិសែន បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលបារាំង តាមរយៈទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលតែងតែមានកិច្ចសហប្រតិបត្តិការ និងផ្តល់ជាជំនួយមកកម្ពុជា តាំងពីរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៦ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តជម្រាបជូន ឯកឧត្តម ឯកអគ្គរដ្ឋទូត និងលោកស្រីនាយិកា បន្ថែមទៀតនូវយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវបេសកកម្មជាប្រវត្តិសាស្ត្រដើម្បីពន្លឿនការអភិវឌ្ឍឈានឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ដោយដាក់ចេញនូវយុទ្ធសាស្រ្តដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្អែកលើវិស័យអាទិភាពចំនួន៥ រួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ដើម្បីឱ្យស្របទៅនឹងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិថ្មីនេះ ក្រសួងបានរៀបចំកម្មវិធីអាទិភាពរបស់ខ្លួនចំនួន៤ រួមមាន ៖

១. អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ និងគមនាគមន៍ សំដៅពង្រីកវិសាលភាពប្រព័ន្ធផ្លូវនៅជនបទឱ្យកាន់តែប្រសើរឡើង ដើម្បីជំរុញកំណើនសេដ្ឋកិច្ចទៅដល់ទីជនបទ។

២. កែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ តាមរយៈការផ្គត់ផ្គង់ទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ រក្សាបាននូវអនាម័យ ដោយមានបង្គន់ប្រើប្រាស់គ្រប់គ្រាន់ និងអប់រំផ្លាស់ប្តូរឥរិយាបថ ឈានទៅបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)។

៣. ពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ បន្តលើកកម្ពស់សេដ្ឋកិច្ចជនបទ តាមរយៈការបណ្តុះបណ្តាលជំនាញមូលដ្ឋានដល់ប្រជាពលរដ្ឋ ដើម្បីបង្កើតមុខរបរផ្សេងទៀតក្រៅពីមុខរបរកសិកម្ម ។

៤. ពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ ដើម្បីពង្រឹងស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សំដៅបង្កើនប្រសិទ្ធភាព សុចរិតភាព និងការទទួលខុសត្រូវ ក្នុងការបំពេញការងារជូនប្រជាពលរដ្ឋកាន់តែល្អ និងឆាប់រហ័សជាងមុនបន្ថែមទៀត។

ជាការឆ្លើយតប ឯកឧត្តមអគ្គរដ្ឋទូតបារាំង បានសម្ដែងការអបអរសាទរចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ដែលទទួលបានសេចក្តីទុកចិត្តពីរដ្ឋសភានីតិកាលទី៧ និងត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាត្រាស់បង្គាប់តែងតាំងជារដ្ឋមន្ត្រី នៃក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងអាណត្តិថ្មីនេះ។ ឯកឧត្តម បានលើកឡើងពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរដ្ឋាភិបាលបារាំង និងរាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងមក ដោយមានការជួយកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ ក៏ដូចជាជួយក្នុងវិស័យអប់រំ តាមរយៈការផ្តល់អាហារូបករណ៍ ជូនដល់និស្សិតកម្ពុជាជាច្រើនផងដែរ។ ជាមួយនោះ លោកស្រី Sandrine Boucher នាយិកា AFD ប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងពីកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងក្រសួងអភិវឌ្ឍន៍ជនបទ និង AFD។ លោកស្រីសង្ឃឹមថាក្នុងអាណត្តិថ្មីនេះកិច្ចសហប្រតិបត្តិការ និងមានភាពកាន់តែល្អប្រសើរបន្ថែមទៀត ហើយរដ្ឋាភិបាលបារាំង នឹងគាំទ្រដល់វិស័យអភិវឌ្ឍន៍ជនបទបន្ថែមទៀតតាមការស្នើសុំរបស់ក្រសួង។

ជាចុងបញ្ចប់ ឯឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគីបារាំងដែលគាំទ្រដល់វិស័យអភិវឌ្ឍន៍ជនបទនៅកម្ពុជា ៕

2 133 124 135 136 137 138 129 1010 911 8

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ