ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចុះពិនិត្យផ្លូវការសាងសង់ផ្លូវជនបទដែលធន់នឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទ នៅខេត្តព្រៃវែង

ចែលរំលែក
7 12

ខេត្តព្រៃវែង៖ នាថ្ងៃសុក្រ ១កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ ឯកឧត្ដមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ និងជាអ្នកសម្របសម្រួលគម្រោង ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងមានការអញ្ជើញចូលរួមអមដំណើរពីសំណាក់ឯកឧត្ដម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង និងមន្ត្រីអាជ្ញាធរគ្រប់លំដាប់ថ្នាក់បានចុះពិនិត្យការដ្ឋានសាងសង់ផ្លូវបេតុងមួយខ្សែក្នុងក្របខណ្ឌគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទដែលធន់នឹងការប្រែប្រួលអាកាសធាតុ (CRRIDP) របស់ក្រសួងអភិវឌ្ឍន៍ជនបទ មានប្រវែង ១០ ៤៣០ ម៉ែត្រ ទទឹងប្រវែង ៦ ម៉ែត្រ កម្រាស់ ១៥ សង់ទីម៉ែត្រ មានសំណង់លូមូលចំនួន ៥កន្លែង និងសំណង់លូប្រអប់ចំនួន ៣កន្លែង តភ្ជាប់ពីផ្លូវ លេខ ៣១១១ ត្រង់ចំណុចភូមិព្រៃដើមថ្នឹងទី២ ឃុំព្រៃដើមថ្នឹង ទៅភូមិកោងទន្លេលើ ឃុំល្វេ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។ ការដ្ឋាននេះបានចាប់ផ្ដើមកាលពីខែមករា ឆ្នាំ២០២៣ បច្ចុប្បន្នសម្រេចបាន ១៧, ១២ % ហើយគ្រោងនឹងសាងសង់ឱ្យរួចរាល់នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៤ ។

 

ក្នុងឱកាសចុះពិនិត្យការដ្ឋាន ឯកឧត្ដម ឆាយ ប្ញទ្ធិសែន បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដោយបានពាំនាំនូវបណ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និងការថ្លែងអំណរគុណរបស់សម្តេចទាំងពីរ ជូនចំពោះបងប្អូនប្រជាពលរដ្ឋដែលតែងតែជួយថែរក្សាការពារសមិទ្ធផល និងគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល ។ ជាមួយនេះក៏បានផ្ដាំផ្ញើដល់មន្រ្ដីបច្ចេកទេសប្រចាំការនៅការដ្ឋានស្ថាបនាផ្លូវ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ដើម្បីធានាបាននូវការប្រើប្រាស់បានយូរអង្វែង ។

 

សូមបញ្ជាក់ថា៖ ក្រសួងអភិវឌ្ឍន៍ជនបទជាភ្នាក់ងារអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទដែលធន់នឹងការប្រែប្រួលអាកាសធាតុ (CRRIDP)ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥ មានថវិកាសរុប ៦៣,០៦១ លានដុល្លារអាមេរិក ក្នុងនោះមានថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា និងមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចកូរ៉េ សម្រាប់កែលម្អផ្លូវជនបទឱ្យទៅជាប្រភេទផ្លូវក្រាលបេតុង (RC) ចំនួន ២៣ខ្សែ ប្រវែងសរុប ១៤៩,៦០ គីឡូម៉ែត្រ នៅក្នុងខេត្តគោលដៅចំនួន ៦គឺ ខេត្តត្បូងឃ្មុំ កំពង់ចាម ព្រៃវែង កណ្តាល កំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ ។ ដោយឡែកសម្រាប់ខេត្តព្រៃវែងនឹងទទួលបានផ្លូវក្រាលបេតុងចំនួន ៣ខ្សែ ប្រវែងសរុប ២៦,៦៤ គីឡូម៉ែត្រ ដែលបច្ចុប្បន្នសម្រេចបាន ១៤,២០% នៃគម្រោងទាំងមូល។

 

បន្ទាប់មក ឯកឧត្ដម ឆាយ ប្ញទ្ធិសែន និងប្រតិភូរួមដំណើរ បានអញ្ជើញទៅពិនិត្យការដ្ឋានសាងសង់ផ្លូវបេតុងមួយខ្សែទៀតប្រវែង ៧,២៥ គីឡូម៉ែត្រ ទទឹង ៨ម៉ែត្រ កម្រាស់ ២០ សង់ទីម៉ែត្រ មានទីតាំងតភ្ជាប់ពីភូមិក្ដឿងរាយ ឃុំក្ដឿងរាយ ទៅភូមិប្រស្រែមុខ ឃុំកញ្ជ្រៀច ស្រុកកញ្ជៀច ខេត្តព្រៃវែង ដែលស្ថិតនៅក្នុងក្របខណ្ឌគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធជនបទដែលធន់នឹងការប្រែប្រួលអាកាសធាតុ ។ បច្ចុប្បន្នលទ្ធផលសម្រេចបាន ១៥,៨៣ % ហើយគ្រោងនឹងបញ្ចប់នៅបំណាច់ខែសីហា ឆ្នាំ២០២៤ ។

 

នារសៀលថ្ងៃដដែល ឯកឧត្ដម ឆាយ ប្ញទ្ធិសែន និងប្រតិភូអមដំណើរ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្រ្ដីរាជការដែលបម្រើការនៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង ។ បន្ទាប់ពីបានស្ដាប់របាយការណ៍បូកសរុបលទ្ធផលការងារ ៩ខែដើមឆ្នាំ របស់លោក ឡុក វុឌ្ឍី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង រួចមក ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានពាំនាំនូវបណ្ដាំសាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចមហាវរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង ព្រមទាំងបានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរនាពេលកន្លងមក និងបានជម្រាបជូនពីកម្មវិធីអាទិភាពចំនួន៤ របស់ក្រសួង រួមមាន៖

 

១៖ ធ្វើយ៉ាងណាលើកកម្ពស់សេដ្ឋកិច្ចប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ សំដៅធ្វើយ៉ាងណាតភ្ជាប់ទីជនបទឱ្យជិតទីក្រុង ទីប្រជុំជនដែលមានសក្ដានុពល។

 

២៖ កែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ សំដៅធ្វើយ៉ាងណាឱ្យប្រពលរដ្ឋរស់នៅតំបន់ជនបទមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ រស់នៅប្រកបដោយអនាម័យ លុបបំបាត់ការបន្ទោបង់ពាសវាលពាសកាល។

 

៣៖ ធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ សំដៅធ្វើការបណ្ដុះបណ្តាលជំនាញបន្ថែមជូនដល់ប្រជាពលរដ្ឋ ធ្វើយ៉ាងណាឱ្យពួកគាត់អាចពង្រីកមុខរបរ អាជីវកម្ម និងអាចលើកកម្ពស់ជីវភាពពួកគាត់ឱ្យកាន់តែប្រសើរ។

 

៤៖ ពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ ដើម្បីពង្រឹងស្ថាប័ន ក្នុងគោលដៅបម្រើប្រជាជននៅជនបទ ដោយសុចរិត និងទទួលខុសត្រូវខ្ពស់ និងបានផ្ដាំផ្ញើ ដល់ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការត្រូវ រក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យកាន់តែរឹងមាំថែមទៀត ។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្ដទៀតថា ត្រូវខិតខំរក្សាសមិទ្ធផលដែលមានកន្លងមក និងត្រូវខិតខំបំពេញការងារឱ្យមានភាពកាន់តែល្អប្រសើរ ត្រូវមានវិន័យក្នុងពេលបំពេញការងារ ដោយរៀបចំរបៀបរបបប្រជុំឱ្យបានទៀងទាត់ (ប្រចាំខែ ត្រីមាស និងឆមាស) ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុង ធ្វើការប្រកបដោយសមូហភាព មនុស្សទទួលខុសត្រូវ និងត្រូវយកចិត្តទុកដាក់ចំពោះមន្ត្រីដែលមានជំងឺ មន្ត្រីជាស្ត្រីមានផ្ទៃពោះ និងមានពិការភាព។

 

ពិធីសំណេះសំណាលបានបញ្ចប់ទៅក្រោមបរិយាកាសសប្បាយរីករាយ និងមានភាព ស្និទ្ធស្នាលជាទីបំផុត ដោយមានការថតរូបអនុស្សាវរីយ៍ផងដែរ៕

1 122 123 114 125 126 128 119 910 811 712 613 614 515 3

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ