![ក្រុមការងារត្រួតពិនិត្យ វាយតម្លៃ ផ្ទៀងផ្ទាត់បញ្ចប់ODF ថ្នាក់ជាតិ រៀបចំកិច្ចប្រជុំដើម្បីជ្រើសរើសសំណាក និងធ្វើការចុះផ្ទៀងផ្ទាត់ ODF ខេត្តរតនគិរី 11 photo 2024 07 17 21 52 30](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-17_21-52-30-150x150.jpg)
លោកជំទាវ គង់ សុធីរី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមពិធីសំណេះណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រះសីហនុ
- ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោង ៨:០៣ ល្ងាច
- សកម្មភាពក្រសួង
![លោកជំទាវ គង់ សុធីរី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមពិធីសំណេះណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រះសីហនុ 2 photo 2023 09 14 14 14 31](https://www.mrd.gov.kh/wp-content/uploads/2023/09/photo_2023-09-14_14-14-31-1000x750.jpg)
(ខេត្តព្រះសីហនុ) នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤ រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកជំទាវ គង់ សុធីរី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមពិធីសំណេះណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រះសីហនុ ដោយការចូលរួមពីសំណាក់ ឯកឧត្តម កែវ សិគុណ អនុរដ្ឋលេខាធិការ
-កញ្ញា ច័ន្ទថេត សុខាទេវា អគ្គនាយករងបច្ចេកទេស
-លោក អ៉ី សុខឡេង អភិបាលរង នៃគណៈអភិបាលខេត្ត និងអ្នកចូលរួមសរុបចំនួន២៤នាក់ (ស្ត្រី៣នាក់)៕
ជាកិច្ចចាប់ផ្តើម លោក ប្រាក់ សុវណ្ណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានឡើងធ្វើរបាយការណ៍សង្ខេប ស្តីពីសា្ថនភាពភូមិសាស្ត្រ ស្ថានភាពរដ្ឋបាល និងសកម្មភាពការងារដែលបានអនុវត្តន៍នាឆ្នាំកន្លងមក និងក្នុងផែនការឆ្នាំ២០២៣នេះ។ លោកប្រធានមន្ទីរ ក៏បានបន្តលើកឡើងពីការងារអាទិភាពដែលត្រូវខិតខំធ្វើយ៉ាងណា ដើម្បីប្រែក្លាយខេត្តព្រះសីហនុទាំងមូល បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) នាឆ្នាំ២០២៤ ខាងមុខនេះ។ ដោយកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ ក្រុងព្រះសីហនុទើបនឹងទទួលបាន ជាក្រុងបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)។ជាមួយគ្នានោះដែរ លោកប្រធានមន្ទីរ តាមរយៈលោកអភិបាលរងខេត្តទទួលបន្ទុក បានសំណូមពរដល់រដ្ឋបាលខេត្តជួយផ្តល់ថវិកាមួយចំនួនសមស្រប សម្រាប់វិស័យអភិវឌ្ឍន៍ជនបទផងដែរ។
លោក អ៉ី សុខឡេង អភិបាលរងខេត្ត បានមានប្រសាន៍ និងធ្វើការកោតសរសើរ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដែលបានខិតខំបំពេញការងារជំនាញ ប្រកបដោយការទទួលខុសត្រូវ ក្នុងនាមជាអង្គភាពសេនាធិការអោយរដ្ឋបាលខេត្ត។ លោកអភិបាលរងខេត្ត បានផ្តល់ការណែនាំដល់ថ្នាក់ដឹកនាំមន្ទីរ បន្តផ្តល់ប្រាក់កម្ចីឥណទានជនបទដែលមានស្រាប់ ដល់ប្រជាពលរដ្ឋក្រីក្រដែលមានតម្រូវការចាំបាច់។ ជម្រុញលើកទឹកចិត្តដល់ក្រុមការងារបន្តខិតខំលើការងារថែទាំសុខភាពជនបទ ចុះបើកវគ្គបណ្តុះបណ្តាលដល់ប្រជាពលរដ្ឋនៅមូលដ្ឋានអោយបានដល់ និងដឹងពីសារៈសំខាន់នៃអនាម័យក្នុងការរស់នៅ ហូបចុកជាដើម។
លោកជំទាវរដ្ឋលេខាធិការ បានធ្វើការវាយតម្លៃខ្ពស់ចំពោះការខិតខំបំពេញការងាររបស់មន្ទីរ ដែលបានចូលរួមចំណែកអភិវឌ្ឍន៍ខេត្តព្រះសីហនុ ដែលជាខេត្តទេសចរ និងជាតំបន់សេដ្ឋកិច្ចពិសេស គំរូពហុបំណង ក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាលថ្មីនេះ លោកជំទាវ បានក្រើនរំលឹកដល់មន្ត្រីរាជការរបស់មន្ទីរ ត្រូវខិតខំអភិវឌ្ឍន៍សមត្ថភាព និងខិតខំបំពេញការងារអោយបានលឿន រហ័ស និងមានប្រសិទ្ធភាព ជាងឆ្នាំកន្លងមក ត្រូវមានសាមគ្គីផ្ទៃក្នុងល្អ មានទំនាក់ទំនងល្អជាមួយគណៈអភិបាលរងខេត្តទទួលបន្ទុក ដើម្បីអោយការបំពេញការងារជំនាញប្រកបដោយភាពជោគជ័យ។
ជាចុងក្រោយ លោកជំទាវ គង់ សុធីរី រដ្ឋលេខាធិការ បានផ្តល់កិត្តិយស អញ្ជើញឡើងធ្វើការប្រគល់ដីកាតែងតាំងជូនដល់មន្ត្រីរបស់មន្ទីរ ដើម្បីជាការលើកទឹកចិត្តនិងបានសំណេះសំណាល ព្រមទាំងផ្តាំផ្ញើរសាកសួរសុទ្ខពីសំណាក់ ឯកឧត្តមរដ្ឋមន្ត្រី ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ របស់មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រះសីហនុ។