ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អនុញ្ញាតឱ្យឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
- ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោង ៥:៤៤ ល្ងាច
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ១១រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៣ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអនុញ្ញាតឱ្យឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះភាគីជប៉ុនដែលបានផ្ញើលិខិតអបអរសាទរឯកឧត្តម ក្នុងឱកាសដែលឯកឧត្តមទទួលបានការផ្តល់សេចក្តីទុកចិត្តពីរដ្ឋសភាអាណត្តិទី៧ និងព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទានត្រាស់បង្គាប់តែងតាំងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូន ឯកឧត្តមឯកអគ្គរាជទូត ស្តីពីគោលនយោបាយអនុវត្តបន្តរបស់ក្រសួងសំដៅធ្វើយ៉ាងណាលើកស្ទួយសេដ្ឋកិច្ចជនបទ តាមរយៈការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់គ្រប់ទីកន្លែង និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋតាមរយៈការអប់រំប្រជាពលរដ្ឋឱ្យប្រើប្រាស់ទឹកស្អាត ដោយបច្ចុប្បន្ននេះយើងសម្រេចបាន ៨០%នៃផែនការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាជនប្រើប្រាស់ ហើយនៅឆ្នាំ២០២៥ នឹងមានទឹកស្អាតប្រើប្រាស់គ្រប់ទីកន្លែង ព្រមទាំងការអប់រំប្រើប្រាស់បង្គន់អនាម័យឱ្យបានត្រឹមត្រូវ សំដៅលុបបំបាត់ការបន្ទោបង់ពាសវាលពាសកាល។ ឯឧត្តមរដ្ឋមន្ត្រី បានបន្តលើកឡើងពីកិច្ចខិតខំប្រឹងប្រែងជម្រុញលើកកម្ពស់សេដ្ឋកិច្ចជនបទតាមរយៈការបណ្តុះបណ្តាលជំនាញជូនដល់ប្រជាពលរដ្ឋ ដើម្បីឱ្យពួកគាត់អាចប្រកបមុខរបរផ្សេងទៀតក្រៅពីមុខរបកសិកម្ម។ ជាមួយគ្នានេះដែរ ក្រសួងបានកំពុងខិតខំពង្រឹងស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការបំពេញការងារបម្រើប្រជាពលរដ្ឋ។
ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងភាពជាដៃគូនាពេលកន្លងមករបស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងនីត្តិកាលទី៦ និងបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀតនៅក្នុងអាណត្តិថ្មីនេះ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សំដៅលើស្ទួយវិស័យអភិវឌ្ឍន៍ជនបទនៅកម្ពុជាឱ្យមានភាពកាន់តែប្រសើរឡើងបន្ថែមទៀត។
ភាគីទាំងពីរ បានប្ដេជ្ញានឹងខិតខំពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរឡើងរវាងប្រទេសទាំងពីរ ជាពិសេសដើម្បីស្វែងយល់អំពីតម្រូវការរបស់កម្ពុជាក៏ដូចជាក្រសួងអភិវឌ្ឍន៍ជនបទលើការងារអភិវឌ្ឍន៍ជនបទ ៕