ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ណែនាំដល់មន្ត្រីនៃនាយកដ្ឋានផ្លូវលំជនបទត្រូវបង្កើនការយកចិត្តទុកដាក់លើការស្ថាបនាផ្លូវឱ្យមានគុណភាព និងប្រើប្រាស់បានយូរអង្វែង
- ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោង ១២:៣១ ល្ងាច
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ : នាព្រឹកថ្ងៃពុធ ៦រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ នាទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនាយកដ្ឋានផ្លូវលំជនបទ។
ជាកិច្ចចាប់ផ្តើមឯកឧត្តម គង់ ភឿន ទីប្រឹក្សាក្រសួង និងជាប្រធាននាយកដ្ឋាន បានរាយការណ៍ជូនឯកឧត្តមរដ្ឋមន្ត្រី ស្តីពីរបាយការណ៍វឌ្ឍនភាពការងារ និងសមិទ្ធផល និងទិសដៅបន្តរបស់នាយកដ្ឋានជូនឯកឧត្តមរដ្ឋមន្ត្រី ។ យោងតាមរបាយការណ៍ ឯកឧត្ដមរដ្ឋមន្រ្ដី បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនាយកដ្ឋានដែលសម្រេចបាន។
ក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្រ្ដីបានពាំនាំនូវបណ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាអគ្គសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្ដមរដ្ឋមន្រ្ដី ក៏បានផ្ដល់នូវអនុសាសន៍ណែនាំ និងផ្តាំផ្ញើជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទនាយកដ្ឋានផ្លូវលំជនបទដូចខាងក្រោម៖
១. ផ្អែកសមិទ្ធផលដែលមានស្រាប់ នាយកដ្ឋានត្រូវខិតខំជម្រុញបង្កេីនសមិទ្ធផល និងស្នាដៃថ្មីៗបន្ថែមទៀត ដើម្បីកសាងប្រទេសកម្ពុជាលើវិស័យអភិវឌ្ឍន៍ជនបទ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ។
២.ត្រូវពង្រឹងលេីយន្តការត្រួតពិនិត្យបច្ចេកទេស និងគុណភាពផ្លូវ នៃគម្រោងដែលកំពុងអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
៣. ត្រូវសិក្សាបច្ចេកទេស និងបទដ្ឋានគតិយុត្តិ ដើម្បីស្ថាបនាផ្លូវឱ្យមានគុណភាព និងអាចប្រេីប្រាស់បានយូអង្វែង។
ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទត្រូវជំរុញទៅតំបន់ដែលមានសក្តានុពលសេដ្ឋកិច្ច ។
៤.ការធ្វើលទ្ធកម្មដេញថ្លៃស្ថាបនាផ្លូវជនបទ ត្រូវធ្វើដោយតម្លាភាព និងស្របតាមនីតិវិធី ។
៥.ត្រូវរៀបចំការបណ្តុះបណ្តាលបន្ថែមដល់មន្ត្រីបច្ចេកទេស ដេីម្បីបំពេញការងារកាន់តែមានប្រសិទ្ធភាពខ្ពស់។
៦. ពិនិត្យលទ្ធភាពក្នុងការធ្វេីប្រតិភូកម្មការងារស្ថាបនា ថែទាំ និងជួសជុលផ្លូវ ជូនដល់បណ្តាខេត្តដែលមានសមត្ថភាព និងមានមន្រ្តីជំនាញគ្រប់គ្រាន់ ។
៧. សូមឱ្យនាយកដ្ឋានសិក្សាអំពីការដាក់លេខខ្សែផ្លូវជនបទដែលមានស្រាប់ និងកំពុងស្ថាបនា។
៨. ពង្រឹងការងារមន្ទីរពិសោធន៍ ក្នុងការត្រួតពិនិត្យសម្ភារៈ និងវត្ថុធាតុដេីមដែលត្រូវយកមកស្ថាបនាផ្លូវ និងសំណង់សិល្បការ្យ ឱ្យស្របតាមបទដ្ឋានបច្ចេកទេស និងសិក្សារកវត្ថុធាតុដេីមថ្មីៗដែលមានគុណភាពក្នុងការយកប្រេីប្រាស់ក្នុងពេលខាងមុខ។
៩.ត្រូវគោរពវិន័យ ក្រមសីលធម៌ វិជ្ជាជីវៈ ដេីម្បីធ្វេីជាសេនាធិការក្រសួង ក្នុងការសម្រេចឱ្យបាននូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ នាយកដ្ឋានត្រូវរៀបចំរបៀបរបបប្រជុំឱ្យបានទៀងទាត់ (ប្រចាំត្រីមាស ឆមាស) ដេីម្បីតាមដានការអនុវត្តការងាររបស់នាយកដ្ឋាន។
១០. ត្រៀមរបាយការណ៍បូកសរុបប្រចាំឆ្នាំ និងទិសដៅការងារឆ្នាំបន្ត ដែលក្រសួងអភិវឌ្ឍន៍ជនបទនឹងគ្រោងរៀបចំនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣។
១១. ពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យរឹងមាំ ដើម្បីបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងសម្រេចបានលទ្ធផលល្អបន្ថែមទៀតក្នុងនីតិកាលថ្មីទី៧ នៃរាជរដ្ឋាភិបាល និងដើម្បីចូលរួមចំណែកជំរុញចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ និង ឆ្នាំ២០៥០ ជាប្រទេសមានប្រាក់ចំណូលខ្ពស់។
១២. ត្រូវយកចិត្តទុកដាក់ដល់មន្ត្រីរាជការក្រោមឱវាទ ពិសេសមន្រ្តីដែលមានជម្ងឺ ស្ត្រីមានផ្ទៃពោះ មន្ត្រីចូលនិវត្តន៍ និង ធ្វេីការលើកទឹកចិត្ត តាមរយៈការកោតសរសើរ ការផ្តល់គ្រឿងឥស្សរិយយសដល់មន្ត្រីដែលមានស្នាដៃក្នុងក្រសួងកន្លងមក។
ពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្ដីរាជការ បានបញ្ចប់ទៅក្រោមបរិយាកាសសប្បាយរីករាយ និងមានភាពស្និទ្ធស្នាលបំផុត៕