លោកស្រី នួន មុនីចិន្ដា ៖ ទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក លើកទី២៩ ប្រធានបទ “យុវជនជនជាតិដើមភាគតិចជាតួអង្គនៃការផ្លាស់ប្តូរ ដើម្បីសិទ្ធិស័្វយសម្រេច”

ចែលរំលែក

ខេត្តស្ទឹងត្រែង៖ នាថ្ងៃអង្គារ ១៣កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ នៅឃុំសន្តិភាព ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង លោកស្រី នួន មុនីចិន្ដា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច បានអញ្ជើញប្រារព្ធពិធីអបអរសាទរ ទិវាជនជាតិដើមភាគតិចពិភពលោក ៩ សីហា លើកទី២៩ និងលើកទី ១៩ នៅកម្ពុជា ក្រោមប្រធានបទ “យុវជនជនជាតិដើមភាគតិចជាតួអង្គនៃការផ្លាស់ប្តូរ ដើម្បីសិទ្ធិស័្វយសម្រេច” ដែលរៀបចំដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង ដោយមានសមាសភាពអញ្ជើញចូលរួមមាន ក្រុមការងារនៃនាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច តំណាងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង ប្រធានការិយាល័យនៃរដ្ឋបាលខេត្ត អភិបាលនៃគណៈអភិបាលស្រុក អធិការនគរបាលស្រុក មេបញ្ជាការដ្ឋាន កងរាជអាវុធហត្ថស្រុក នាយកដែនជម្រកសត្វព្រៃស្រុក ប្រធានការិយាល័យភូមិបាលស្រុក ប្រធានក្រុមប្រឹក្សាឃុំ អង្គការភូមិខ្ញុំ និងសមាជិកសហគមន៍ជនជាតិដើមភាគតិចទាំង៦ភូមិ។

ការប្រារព្ធពិធីអបអរសាទរនេះ មានគោលបំណងសំខាន់ៗចំនួន ៤ ដូចខាងក្រោម៖
១. រម្លឹកដល់ទិវាជនជាតិដើមភាគតិចពិភពលោក និងកម្ពុជា
២. លើកកម្ពស់ភាពជាដៃគូជាមួយស្ថាប័នពាក់ព័ន្ធ សង្គមស៊ីវិល និងភាពជាដៃគូអភិវឌ្ឍន៍លើការអភិវឌ្ឍ និងអភិរក្សប្រកបដោយចីរភាព
៣. លើកកម្ពស់ការយល់ដឹងអំពីសិទ្ធិជនជាតិដើមភាគតិច ជាពិសេសស្ត្រី និងយុវជនក្នុងការការពារវប្បធម៌ប្រពៃណី ដើម្បីលុបបំបាត់ទម្រង់នៃការរើសអើងលើជនជាតិដើមភាគតិច
៤. ដើម្បីចែករំលែកវប្បធម៌ តាមរយៈការតាំងបង្ហាញផលិតផលជនជាតិដើមភាគតិចដើម្បីបង្កើនការយល់ដឹងឱ្យកាន់តែច្បាស់អំពីរបៀបរស់នៅរបស់ជនជាតិដើមភាគតិច៕

ពិធីបានប្រព្រឹត្តទៅក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលគួរជាទីភាតរ ដែលជាលទ្ធផលអ្នកចូលរួមបានយល់ដឹងអំពីអត្តសញ្ញាណ ប្រពៃណី វប្បធម៌ និងបញ្ហាប្រឈមរបស់ស្រ្តី និងយុវជនជនជាតិដើមភាគតិចទាំងអស់៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ