ក្រសួងអភិវឌ្ឍន៍ជនបទ បើកសិក្ខាសាពិគ្រោះយោបល់ស្ដីពី ”ការរៀបចំខ្លឹមសារ និងពង្រឹងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់ក្រសួងអភិវឌ្ឍន៍ជនបទ”
- ថ្ងៃទី៧ ខែមិនា ឆ្នាំ២០២៣ ម៉ោង ៤:៥១ ល្ងាច
- សកម្មភាពក្រសួង
រសៀលថ្ងៃអង្គារ ១រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង ឯកឧត្ដម ឈឹម សៅគី រដ្ឋលេខាធិការ តំណាងឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី’’ការរៀបចំខ្លឹមសារ និងពង្រឹងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ។
លោក ឌី សាវ៉ាត់ ប្រធាននាយកដ្ឋានបណ្ដុះបណ្ដាល និងស្រាវជ្រាវ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងថា សិក្ខាសាលានេះ មានគោលបំណង បង្កើតបណ្ដាញទំនាក់ទំនងជាមួយគ្រប់អង្គភាពចំណុះក្រសួង តាមរយៈលោក លោកស្រីជាលេខា ឬជាជំនួយការថ្នាក់ដឹកនាំអង្គភាពរបស់ខ្លួនចំនួន ១៣០ នាក់ លើការងារផ្សព្វផ្សាយព័ត៌មានផ្សេងៗ ដើម្បីឈានទៅបោះពុម្ពផ្សាយជាព្រឹត្តិប័ត្រ ផ្សាយតាមឌីជីថល វិទ្យុ ទូរទស្សន៍ និងតាមបណ្ដាញទំនាក់ទំនងសង្គម ហ្វេសប៊ុក និងកសាងសមត្ថភាពដល់មន្រ្ដីក្នុងអង្គភាពចំណុះក្រសួងឲ្យចេះចាប់មុំក្នុងការសរសេរអត្ថបទព័ត៌មាន និងការថតរូបដោយប្រើកាមេរ៉ា ឬទូរស័ព្ទស្មាតហ្វូន ឲ្យបានត្រឹមត្រូវ ដើម្បីធ្វើការផ្សាយព័ត៌មានពីសកម្មភាពរបស់ថ្នាក់ដឹកនាំអង្គភាពឲ្យបានទាន់ពេលវេលា ។
ឯកឧត្ដម ឈឹម សៅគី បានថ្លែងថា បច្ចុប្បន្ននេះ ការថតរូបបានក្លាយជាការចាំបាច់មួយសម្រាប់អ្នកប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុក ក៏ដូចជាការផ្ដល់នូវព័ត៌មានជាក់លាក់មួយតាមប្រព័ន្ធផ្សព្វផ្សាយតាមបែបយុគសម័យទំនើប ។ ឯកឧត្ដម បានថ្លែងបន្តថា រូបភាពដែលត្រឹមត្រូវប្រកបដោយគុណភាព វានឹងបង្កើតម្លៃបន្ថែមទៀតលើអត្ថន័យនៃរូបភាព ធ្វើឲ្យទទួលបានការចាប់អារម្មណ៍ពីសាធារណៈជន។ នាយកដ្ឋានបណ្ដុះបណ្ដាល និងស្រាវជ្រាវ នៃក្រសួងអភិវឌ្ឍន៍ជនបទ ជាអង្គភាពមួយបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្សលើគ្រប់វិស័យ ដោយឡែកវស័យព័ត៌មានបានរួមចំណែកដល់ការផ្សាយសម្មភាពរបស់ថ្នាក់ដឹកនាំ និងសមិទ្ធផលនានាដែលក្រសួងសម្រេចបានក្នុដែនសមត្ថកិច្ចរបស់ខ្លួន ។ ឯកឧត្ដម បានផ្ដាំផ្ញើឲ្យសិក្ខាកាមឲ្យខិតខំយកចិត្តទុកដាក់ ដើម្បីទទួលបានជំនាញនេះ ត្រូវបានចាត់ទុកថា លេខា ឬជំនួយការរបស់ថ្នាក់ដឹកនាំម្នាក់ជាអ្នកសារព័ត៌មាន និងផ្ដល់ប្តភពព័ត៌មានម្នាក់ ដើម្បីរួមចំណែកជំរុញការផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់សាធារណៈជន ៕