
ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជាកិត្តិយសក្នុងពិធីប្រកាសជាផ្លូវការ និងសម្ពោធដាក់ឱ្យអនុវត្តនូវ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំង៤ នៅភូមិភាគឦសាន
- ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ម៉ោង ១១:៣៩ ព្រឹក
- សកម្មភាពក្រសួង

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាកិត្តិយសក្នុងពិធីប្រកាសជាផ្លូវការ និងសម្ពោធដាក់ឱ្យអនុវត្តនូវ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំង៤ នៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៥-២០២៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារសុខាភ្នំពេញ។
កម្មវិធីពិសេសនេះ ត្រូវបានគិតគូរឡើងដោយសម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីឆ្នាំ២០២៤ ក្នុងគោលដៅជំរុញការអភិវឌ្ឍនៅក្នុងខេត្តទាំង៤ស្ថិតនៅភាគឦសាននៃប្រទេសកម្ពុជា រួមមាន ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី។ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកវិស័យអាទិភាពចំនួន៣ គឺ៖ កសិកម្ម, កសិ-ឧស្សាហកម្ម និងទេសចរណ៍ ដោយហេតុថា វិស័យទាំង៣នេះ មានលក្ខណៈសមស្របតាមកត្តាទាយជ្ជទានដែលមានស្រាប់ក្នុងខេត្តទាំងបួន និងមានភាពបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក។ ដំណាំកសិកម្ម និង កសិ-ឧស្សាហកម្ម ក្នុងខេត្តទាំងបួន រួមមាន៖ កៅស៊ូ, ស្វាយចន្ទី, ដំឡូងមី, ម្រេច និងចេកអំបូងលឿង ជាដើម, សុទ្ធសឹងជាកសិផលយុទ្ធសាស្ត្រប្រកបដោយសក្តានុពល ទាំងសម្រាប់ទីផ្សារខាងក្រៅ និងទីផ្សារក្នុងស្រុក៕