
ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារអភិវឌ្ឍន៍សហគមន៍ជនបទរបស់ក្រសួងអភិវឌ្ឍន៍ជនបទ តាមរយៈការអភិវឌ្ឍ “ភូមិគំរូ”
- ២០ ម៉ោងមុន ថ្ងៃទី១៧ ខែមិនា ២០២៥
- សកម្មភាពក្រសួង

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ៤រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារអភិវឌ្ឍន៍សហគមន៍ជនបទតាមរយៈការអភិវឌ្ឍ “ភូមិគំរូ” នៅក្នុងប្រទេសកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន ថ្នាក់ដឹកនាំ ព្រមទាំងមន្ដ្រីរាជការជំនាញនៃនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ និងលោក លោកស្រីប្រធានមន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥ រាជធានី ខេត្ត។
ជាកិច្ចចាប់ផ្ដើម លោក អឿន ធារិទ្ធ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ បានធ្វើបទបង្ហាញស្ដីពី លទ្ធផលផ្ទៀងផ្ទាត់ការវាយតម្លៃលក្ខណៈសម្បត្តិ “ភូមិគំរូគន្លឹះ” ឆ្នាំ២០២៥ ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យទាំង ៥ចំណុចដែលបានកំណត់ រួមមាន៖ សេដ្ឋកិច្ច, សង្គម និងវប្បធម៌, សុខភាព និងបរិស្ថានរស់នៅ, ហេដ្ឋារចនាសម្ព័ន្ធ, និងអភិបាលកិច្ច។ តាមរយៈបទបង្ហាញ ឯកឧត្តម ឆាយ ឫទ្ធិសែន បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ មន្ដ្រីជំនាញ និងប្រធានមន្ទីរទាំងអស់ ដែលបានខិតខំបំពេញការងារឱ្យសម្រេចបានលទ្ធផលល្អប្រសើរ។ ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានមានប្រសាសន៍ថា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រសួងបានដាក់ចេញជាផែនការសម្រាប់អភិវឌ្ឍភូមិគំរូ ឱ្យបានចំនួន ២៣០ភូមិ ដោយគិតចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៨ ដោយបច្ចុប្បន្ន ក្រសួង បាននិងកំពុងភូមិគំរូចំនួន ៦៤ភូមិរួចហើយ ហើយក្រសួងនឹងជ្រើសរើសភូមិដែលមានសក្ដានុពល ដើម្បីអភិវឌ្ឍឱ្យក្លាយជាភូមិគំរូគន្លឹះឱ្យបានចំនួន ៥០ភូមិ ក្នុងមួយឆ្នាំ។
ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានណែនាំថ្នាក់ដឹកនាំ និងមន្ដ្រីជំនាញទាំងអស់ ឱ្យបន្ដយកចិត្តទុកដាក់ដល់ភូមិគំរូដែលបានឱ្យអភិវឌ្ឍរួច ឱ្យរក្សានិរន្ដរភាព និងត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍភូមិគំរូគន្លឹះបន្ថែមទៀតឱ្យទទួលបានជោគជ័យ ក្នុងគោលដៅចូលរួមចំណែកអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល លើការរៀបចំ “ចលនាភូមិគំរូ” ឱ្យទទួលបានជោគជ័យ៕