
លោកជំទាវ គង់ សុធីរី អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំ ត្រីមាសទី១ ឆ្នាំ២០២៥ និងលើកទិសដៅការងារអនុវត្តបន្ត របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ
- ១ ម៉ោងមុន ថ្ងៃទី១៧ ខែមិនា ២០២៥
- សកម្មភាពក្រសួង

ខេត្តព្រះសីហនុ ៖ នាព្រឹកថ្ងៃចន្ទ ៤រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ លោកជំទាវ គង់ សុធីរី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ និងលើកទិសដៅការងារអនុវត្តបន្ត របស់មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រះសីហនុ ដែលមានសមាសភាពចូលរួមពី ឯកឧត្តម កែវ សិគុណ អនុរដ្ឋលេខាធិការ លោក ប្រាក់ សុវណ្ណ ប្រធានមន្ទីរ និងថ្នាក់ដឹកនាំមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទ សរុប ២៣រូប។
ជាកិច្ចចាប់ផ្តើម លោក ប្រាក់ សុវណ្ណ ប្រធានមន្ទីរ បានមានមតិស្វាគមន៏ និងធ្វើរបាយការណ៍ សង្ខេបលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ ព្រមទាំងលើកទិសដៅការងារអនុវន្តបន្ត របស់មន្ទីរអភិវឌ្ឍន៍ជនបទជូនអង្គប្រជុំ ។ ជាកិច្ចបន្ទាប់ លោកជំទាវ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ នឹករលឹក សាកសួរសុខទុក្ខ ពីសំណាក់ ឯកឧត្តមរដ្ឋមន្រ្តី ដែលជានិច្ចជាកាលតែងតែយក ចិត្តទុកដាក់ពីសុខ ទុក្ខមន្ត្រីជានិច្ច និងបានឯកភាពលើរបាយការណ៍ដែលមន្ទីរបានលើកឡើង។
ទន្ទឹមនឹងនេះ លោកជំទាវ គង់ សុធីរី បានណែនាំដល់មន្រ្តីទាំងអស់នៃមន្ទីរ ធ្វើការសិក្សា និងស្វែងយល់ឱ្យច្បាស់ពីកម្មវិធីអាទិភាពទាំង៥ របស់ក្រសួង នាឆ្នាំ២០២៥នេះ គឺ
ទី១. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រកបដោយភាពធន់
ទី២. ការលើកកម្ពស់ការទទួលបានទឹកស្អាត និងអនាម័យបរិស្ថានជនបទ
ទី៣. ការជំរុញអភិវឌ្ឍន៍សហគមន៍ជនបទ និងចលនាភូមិគំរូ
ទី៤. ការលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ
ទី៥. ការគ្រប់គ្រងស្ថាប័ន និងសេវាគាំទ្រទូទៅ។
ជាចុងក្រោយលោកជំទាវ បានផ្តល់អនុសាសន៍ណែនាំមួយចំនួនដល់មន្ទីរ ដូចខាងក្រោម៖
-រក្សាឱ្យបានទំនាក់ទំនងការងារល្អជាមួយអាជ្ញាធរដែនដី ក្រុមប្រឹក្សា គ្រប់មន្ទីរ ជំនាញ និងស្ថាប័នពាក់ព័ន្ធនានា
-រក្សាឱ្យបាននូវសីលធម៌ សុជីវធម៌ និងគុណធម៌របស់ខ្លួន ក្នុងនាមជាមន្រ្តីរាជការ
-ខិតខំពង្រីក និងពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យកាន់តែទូលំទូលាយ ជាពិសេស ផ្នែកឌីជីថល
-បន្ដពង្រីកសមិទ្ធផលថ្មីៗបន្ថែមទៀតជូនក្រសួង
-ចូលរួមផ្សព្វផ្សាយនូវសមិទ្ធផលការងាររបស់ក្រសួង និងមន្ទីរឱ្យបានទូលំទូលាយ
-រក្សាឱ្យបានសាមគ្គីភាពផ្ទៃក្នុងល្អ
-លើកទឹកចិត្តមន្ត្រីអោយខិតខំបំពេញការងារ និងគោរពបទបញ្ជាផ្ទៃក្នុងរបស់ក្រសួង
-រក្សាឱ្យបានអនាម័យល្អ និងបរិស្ថានការងារស្អាត នៅក្នុងមន្ទីរ៕