ឯកឧត្តម អ៊ិន ចន្ថា អញ្ជើញដឹកនាំក្រុមការងារចុះបើកការដ្ឋានការងារលើកកម្រិតគុណភាព ផ្លូវក្រាលបេតុងចំនួន ០១ខ្សែ ប្រវែង ១ ៣៥០ ម៉ែត្រ

ចែលរំលែក

ខេត្តកំពង់ចាម ៖នាថ្ងៃចន្ទ ៤រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារចុះបើកការដ្ឋានការងារលើកកម្រិតគុណភាព ផ្លូវក្រាលបេតុងចំនួន ០១ខ្សែ ប្រវែង ១ ៣៥០ ម៉ែត្រ និងសំណង់សិល្បការ្យមួយចំនួន ស្ថិតនៅភូមិបឹងត្រាវ ឃុំសូគង ស្រុកកងមាស ខេត្តកំពង់ចាម ដោយមានការចូលរួមពី តំណាងនាយកដ្ឋានផ្លូវលំជនបទ, ក្រុមការងារ គ.ត.វ នៃក្រសួងអភិវឌ្ឍន៍ ជនបទ, ក្រុមការងារនាយកដ្ឋានវិស្វកម្មនៃក្រសួងការពារជាតិ, ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋមួយចំនួនទៀត។

 

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានជួបសំណេះសំណាល ដោយបានពាំនាំនូវការស្រលាញ់នឹករលឹក និងប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា និងពរសព្ទសាធុការពីសំណាក់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមរដ្ឋមន្រ្តី ចែកជូនដល់មេឃុំ, ក្រុមប្រឹក្សាឃុំ  មេភូមិ និងប្រជាពលរដ្ឋរស់នៅសងខាងផ្លូវ ដែលបានចូលរួមដោយម្នាក់ៗទទួលបានក្រមាមួយ និងថវិកា៥.០០០ ៛ និងបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន មេត្តាសហការជួយសម្របសម្រួល យោគយល់ និងអធ្យាស្រ័យដល់ក្រុមការងារសាងសង់ផ្លូវបេតុងនេះ។

 

មុនបញ្ចប់កម្មវិធីបងប្អូនប្រជាលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន បានសម្តែងការអបអរសាទរ សប្បាយរីករាយ ក្នុងការទទួលបានការសាងសង់ផ្លូវបេតុង០១ខ្សែនៅពេលនេះ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ