
ឯកឧត្តម ជី ស៊ីថា អញ្ជើញបើកការដ្ឋានការងារលើកកម្រិតគុណភាពផ្លូវក្រាលបេតុង ចំនួន ០១ខ្សែ នៅក្នុងខេត្តកំពង់ស្ពឺ
- ២ ថ្ងៃមុន ថ្ងៃទី៩ ខែមិនា ២០២៥
- សកម្មភាពក្រសួង

ខេត្តកំពង់ស្ពឺ៖ នាថ្ងៃសុក្រ ៩កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ជី ស៊ីថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និង ឯកឧត្តម រិន វីរៈ រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកសំរោងទង បានដឹកនាំមន្រ្តីបច្ចេកទេសនៃនាយកដ្ឋានផ្លូវលំជនបទ និងមន្រ្តីបច្ចេកទេសនៃ គ.ត.វ. ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការចូលរួមពីមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត, អភិបាលស្រុក និងអាជ្ញាធរមូលដ្ឋាន អញ្ជើញបើកការដ្ឋានការងារលើកកម្រិតគុណភាពផ្លូវក្រាលបេតុង ចំនួន ០១ខ្សែ មាន ០៣ កំណាត់ ប្រវែងសរុប ២,០៤គីឡូម៉ែត្រ ទទឹង ៦ម៉ែត្រ ចិញ្ចើមផ្លូវសងខាងក្រាលដីល្បាយថ្មភ្នំ ម្ខាងៗ ០,៥ម៉ែត្រ សរុបប្រវែង ១,៨៩៩គីឡូម៉ែត្រ និងសាងសង់លូមូលមុខមួយ ចំនួន ០២កន្លែង ស្ថិតនៅភូមិព្រៃគុយ និងភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលអនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ។
ក្នុងឱកាសនោះ ឯកឧត្តម ជី ស៊ីថា បានជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ និងបានសំណូមពរបងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានមេត្តាអធ្យាស្រ័យអភ័យទោសចំពោះរាល់ផលប៉ះពាល់ដោយអចេតនាដែលកើតមានឡើងដោយសារការស្ថាបនាផ្លូវនេះ និងសូមចូលរួមថែរក្សាការពារផ្លូវនេះនៅពេលស្ថាបនារួចជាស្ថាពរផងដែរ៕