
ឯកឧត្តម គង់ វីរៈ បានដឹកនាំក្រុមការងារនៃគម្រោងកែលម្អបណ្តាញតភ្ជាប់ជនបទនៅភាគឦសាន (NRCIP) ចុះពិនិត្យសិក្សា និងរចនាគ្រោងប្លង់លម្អិត លើផែនការស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ DBST និងបេតុង
- ៥ ថ្ងៃមុន ថ្ងៃទី៧ ខែមិនា ២០២៥
- សកម្មភាពក្រសួង

ខេត្តព្រះវិហារ៖ នាថ្ងៃអង្គារនិងថ្ងៃពុធ ៦-៧កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៤-៥ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម គង់ វីរៈ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងជានាយកគម្រោង បានដឹកនាំក្រុមការងារនៃគម្រោងកែលម្អបណ្តាញតភ្ជាប់ជនបទនៅភាគឦសាន (NRCIP) ចុះពិនិត្យសិក្សា និងរចនាគ្រោងប្លង់លម្អិត លើផែនការស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ DBST និងបេតុង ក្រោមហិរញ្ញប្បទានពីធនាគារអាហរ័ណ-នីហរ័ណ របស់សាធារណរដ្ឋកូរ៉េ ចំនួន ៨ខ្សែ ប្រវែងសរុប ៧៩.៣ គ.ម នៅស្រុកចំនួន៤ក្នុងខេត្តព្រះវិហារ។ បេសកកម្មនេះ មានការចូលរួមពីសំណាក់ លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ មន្រ្តីជំនាញមន្ទីរ លោកអភិបាលស្រុកសង្គមថ្មី ស្រុកជ័យសែន និងក្រុមប្រឹក្សាឃុំគោលដៅ លោកមេភូមិ រួមជាមួយក្រុមទីប្រឹក្សាបច្ចេកទេស KCI-KYONGHO JV ផងដែរ។
គួរបញ្ជាក់ផងដែរថា ខ្សែផ្លូវចំនួន៨ខ្សែនេះមានដូចរៀបរាប់ខាងក្រោម៖
១.) ស្រុករវៀង ចំនួន២ខ្សែ ប្រវែង ២៤.៧ គ.ម
២.) ស្រុកជ័យសែន ចំនួន២ខ្សែ ប្រវែង ២៦ គ.ម
៣.) ស្រុកសង្គមថ្មី ចំនួន២ខ្សែ ប្រវែង ១៣.១ គ.ម
៤.) ស្រុកជាំក្សាន្ត ចំនួន២ខ្សែ ប្រវែង ១៥.៥ គ.ម