
ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជាកិត្តិយសក្នុងពិធីអបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥
- ១៩ ម៉ោងមុន ថ្ងៃទី៥ ខែមិនា ២០២៥
- សកម្មភាពក្រសួង

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាកិត្តិយសក្នុងពិធីអបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥ និងទទួលទានភោជនាហារជាមួយតំណាងសិល្បករទូទាំងប្រទេស ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
សូមជម្រាបជូនផងដែរថា កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជសារ អបអរសាទរក្នុងឱកាសនៃទិវាវប្បធម៌ជាតិ លើកទី២៧ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥។ ព្រះករុណា ព្រះមហាក្សត្រ បានមានព្រះរាជបន្ទូលថា រាជរដ្ឋាភិបាលកម្ពុជា ស្របតាមទិសស្លោក “កម្ពុជា៖ព្រះរាជាណាចក្រនៃវប្បធម៌” បានកំណត់យកថ្ងៃទី៣ ខែមីនា ជារៀងរាល់ឆ្នាំសម្រាប់ប្រារព្ធ ទិវាវប្បធម៌ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ” ជាទិវាដ៏មានសារៈសំខាន់ ក្នុងការបង្កើនការយល់ដឹងអំពីគុណតម្លៃដ៏មហាសាលនៃសម្បត្តិវប្បធម៌ដ៏សម្បូរបែប បានបន្សល់ទុកពីបុព្វបុរស ដែលជាគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ប្រកបដោយចីរភាព។ក្នុងព្រះរាជសារដដែល ព្រះមហាក្សត្រ បានបន្ដទៀតថា ទិវានេះ បានលើកកម្ពស់មនសិការស្នេហាជាតិ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន និងបានបំផុសឱ្យប្រជាពលរដ្ឋ ជាពិសេសបង្ហាញពី គុណវុឌ្ឍិ និងតួនាទីស្នូលដ៏សំខាន់របស់យុវជនដែលជាកម្លាំងចលករក្នុងការអភិរក្ស ថែរក្សា ការពារ លើកស្ទួយ និងអភិវឌ្ឍមរតកវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ដែលជាអត្តសញ្ញាណ និងដួងព្រលឹងជាតិ រួមទាំងវប្បធម៌ចម្រុះរបស់សហគមន៍ជនជាតិដើមភាគតិច ឱ្យបានស្ថិតស្ថេរគង់វង្សជារៀងរហូត៕