
លោក ទូច ស៊ីផាត ដឹកនាំក្រុមការងារបច្ចេកទេសគម្រោង SAAMBAT ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជនបទចំនួន ៣ខ្សែ នៅខេត្តស្វាយរៀង
- ថ្ងៃទី១ ខែមិនា ឆ្នាំ២០២៥ ម៉ោង ៦:០០ ល្ងាច
- សកម្មភាពក្រសួង

ខេត្តស្វាយរៀង៖នាថ្ងៃព្រហស្បតិ៍ ១កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ២៧ ខែកុម្ភ: ឆ្នាំ ២០២៥ លោក ទូច ស៊ីផាត ប្រធានគ្រប់គ្រងគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT) ដឹកនាំក្រុមការងារបច្ចេកទេសគម្រោង ក្រុមការងារអនុវត្តន៍គម្រោងរបស់មន្ទីរអភិវឌ្ឍន៏ជនបទខេត្តស្វាយរៀង និងក្រុមទីប្រឹក្សាត្រួតពិនិត្យបច្ចេកទេសសាងសង់ បានចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជនបទចំនួន ៣ខ្សែ នៅក្នុងខេត្តស្វាយរៀង ដូចខាងក្រោម៖
-ខ្សែទី១ (ចន្រ្តី-ម្រាម) ប្រវែង ១២,៤៣ គ.ម. ក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ១១,៣០គ.ម និងក្រាលបេតុង (RC) ១,១៣គ.ម និងសំណង់សិល្បការ្យមួយចំនួន តភ្ជាប់ពីភូមិចន្ត្រី ឃុំចន្រ្តី ទៅភូមិម្រាមខាងជើង ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង សម្រេចលទ្ធផលបាន ១៥% ។ ផ្លូវនេះមានអ្នកទទួលផលផ្ទាល់ចំនួនគ្រួសារ ៥ ៤៤១គ្រួសារ ដែលមានចំនួនប្រជាជនសរុប ២៣ ០១៣នាក់។
-ខ្សែទី២ (អំពិល-គគីរ)ប្រវែង ១១,៨៦ គ.ម. ក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ១១,០៨គ.ម និងក្រាលបេតុង (RC)០,៧៨គ.ម និងសំណង់សិល្បការ្យមួយចំនួន តភ្ជាប់ពីភូមិអំពិល ឃុំអំពិល ទៅដល់ភូមិតាវាំង ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង សម្រេចលទ្ធផលបាន ២៩%។ ផ្លូវនេះ មានអ្នកទទួលផលផ្ទាល់ចំនួនគ្រួសារ ២ ៨៣៥គ្រួសារ ដែលមានចំនួនប្រជាជនសរុប ១១ ៥០១នាក់។
-ខ្សែទី៣ (រាមជោ -ព្រៃម្នាស់) ប្រវែង ១២,៤៣ គ.ម. ក្រាលកៅស៊ូពីរជាន់ (DBST) ១១,៨៣គ.ម និងបេតុង(RC) ០,៦០គ.ម មានលូមូលចំនួន ១០កន្លែង និងសំណង់សិល្បការ្យមួយចំនួន តភ្ជាប់ពីភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ទៅដល់ភូមិសំឡីខាងត្បូង ឃុំសំឡី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង សម្រេចលទ្ធផលបាន ៧១% ខ្សែផ្លូវនេះមានអ្នកទទួលផលផ្ទាល់ចំនួនគ្រួសារ ៥ ២៨៣ គ្រួសា ដែលមានចំនួនប្រជាជនសរុប ២២ ៦៩០នាក់។