
ឯកឧត្ដម គង់ វីរៈ បានអញ្ជើញចូលរួមក្នុងពិធីចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនសិក្ខាកាម និងបើកវគ្គសិក្សាថ្មីសម្រាប់សិក្ខាកាម ឆ្នាំ២០២៥
- ថ្ងៃទី១ ខែមិនា ឆ្នាំ២០២៥ ម៉ោង ១២:០០ ល្ងាច
- សកម្មភាពក្រសួង

ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ចាម ឯកឧត្ដម គង់ វីរៈ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនសិក្ខាកាម ដែលបានបញ្ចប់ការសិក្សា ឆ្នាំ២០២៤ និងបើកវគ្គសិក្សាថ្មីសម្រាប់សិក្ខាកាម ឆ្នាំ២០២៥ របស់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញមូលដ្ឋាន ខេត្តកំពង់ចាម។
អញ្ជើញចូលរួមក្នុងពិធីនេះមាន លោក សេក មុនី អនុប្រធាននាយកដ្ឋាន និងថ្នាក់ដឹកនាំនៃនាយកដ្ឋានបណ្តុះបណ្តាល និងស្រាវជ្រាវ, លោក អ៊ឹង វិសុទ្ធ ប្រធានមន្ទីរ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃមជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញមូលដ្ឋាន ខេត្តកំពង់ចាម ព្រមទាំងសិក្ខាកាមដែលបញ្ចប់ការសិក្សា ឆ្នាំ២០២៤ និងសិក្ខាកាមថ្មីក្នុងវគ្គសិក្សា ឆ្នាំ២០២៥ សរុបចំនួន ៦៣ នាក់ ស្រី៣៧ នាក់ ។
ឯកឧត្ដម គង់ វីរៈ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ ប្រកបដោយក្ដីនឹករលឹក និងពរសព្ទសាធុការពីសំណាក់ សំណាក់សម្តេច តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី និងជាប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី និងលោកជំទាវបណ្ឌិត និងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ជូនអង្គពិធីទាំងមូល ។ ឯកឧត្ដមអនុរដ្ឋលេខាធិការ បានផ្តាំផ្ញើដល់សិក្ខាកាមគ្រប់រូបដែលបានបញ្ចប់ការសិក្សាក្នុង ឆ្នាំ២០២៤ ត្រូវយកចំណេះជំនាញទាំងនេះ ទៅអនុវត្តតាមរយៈការប្រកបមុខរបរផ្ទាល់ខ្លួន ឬប្រកបការងារផ្សេងៗ និងត្រូវខិតខំសិក្សាស្វែងយល់ឱ្យបានច្រើនបន្ថែមទៀត ដើម្បីពង្រីកចំណេះដឹងឱ្យកាន់តែទូលំទូលាយ ធានាបាននូវស្ថិរភាពការងារ និងប្រាក់ចំណូលបន្ថែមសម្រាប់ផ្គង់ផ្គង់គ្រួសាររៀងៗ។ ជាមួយគ្នានោះ ឯកឧត្តម ក៏បានផ្ដាំផ្ញើដល់សិក្ខាកាមដែលទើបចូលសិក្សាវគ្គថ្មី ឆ្នាំ២០២៥ ត្រូវខិតខំយកចិត្តទុកដាក់ សិក្សាឈ្វេងយល់អំពីជំនាញបច្ចេកទេសឱ្យបានច្បាស់លាស់ ដោយត្រូវមកសិក្សាឱ្យបានទៀងទាត់ ទាន់ពេលវេលា និងត្រូវខិតខំចូលរួមអនុវត្តផ្ទាល់តាមការណែនាំរបស់លោកគ្រូ អ្នកគ្រូឧទ្ទេស ដើម្បីប្រឡងបញ្ចប់ដោយជោគជ័យ ទទួលបាននិទ្ទេសល្អ ព្រមទាំងទទួលបានជំនាញច្បាស់លាស់សម្រាប់ចិញ្ចឹមជីវិតទៅថ្ងៃអនាគត។
សូមបញ្ជាក់ផងដែរថា សិក្ខាកាមដែលទទួលវិញ្ញាបនបត្រនៅពេលនេះ បានឆ្លងកាត់ការបណ្ដុះបណ្ដាល និងបានប្រឡងជាប់ជាស្ថាពរ លើជំនាញអ៊ុតសក់-កែសម្ផស្ស ចំនួន ០៥នាក់ ស្រី ០៥នាក់ កុំព្យូទ័ររដ្ឋបាល ចំនួន ២វគ្គ មានសិក្ខាកាមសរុបចំនួន ២៤នាក់ ស្រី ២១នាក់ និងភាសាអង់គ្លេសចំនួន ១៨នាក់ ស្រី ០៦នាក់។ ដោយឡែកសិក្ខាកាមដែលបានចុះឈ្មោះចូលរៀនក្នុង ឆ្នាំ២០២៥ លើជំនាញកុំព្យូទ័ររដ្ឋបាលចំនួន ០២វគ្គ និងភាសាអង់គ្លេសចំនួន ០២វគ្គ មានសិក្ខាកាមសរុបចំនួន ១១០នាក់៕