ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ អញ្ជើញបើកការដ្ឋានជួសជុលស្តារឡើងវិញ និងលើកកម្រិតគុណភាពផ្លូវក្រាលកៅស៊ូពីរជាន់ ចំនួន ២ខ្សែ នៅក្នុងខេត្តតាកែវ និងខេត្តស្វាយរៀង

ចែលរំលែក

ខេត្តតាកែវ-ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និង ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកការដ្ឋានជួសជុលស្តារឡើងវិញផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ១ខ្សែ ប្រវែងសរុប ២,៥០គីឡូម៉ែត្រ និងសាងសង់សំណង់សិល្បការ្យមួយចំនួន។ ផ្លូវនេះ តភ្ជាប់ពីភូមិតាឡូង ឃុំកំពែង ស្រុកព្រៃកប្បាស ទៅដល់ ភូមិអំពិល ឃុំពន្លៃ ស្រុកអង្គរបុរី ខេត្តតាកែវ និងអនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ។

 

នារសៀលថ្ងៃដដែល ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ និងគណៈប្រតិភូក្រសួង បានអញ្ជើញទៅបើកការដ្ឋាន លើកកម្រិតគុណភាពផ្លូវក្រាលកៅស៊ូពីរជាន់ ចំនួន ១ខ្សែទៀត ប្រវែង ២,៨០គីឡូម៉ែត្រ និងសាងសង់សំណង់សិល្បការ្យមួយចំនួន។ ផ្លូវនេះ តភ្ជាប់ពីភូមិស្វាយធំ ទៅភូមិកក់ ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង និងអនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ។

 

ក្នុងពិធីបើកការដ្ឋានលើកកម្រិតគុណភាពផ្លូវទាំងពីរខ្សែខាងលើ ក៏មានការអញ្ជើញចូលរួមពីតំណាងនាយកដ្ឋានផ្លូវលំជនបទ,ក្រុមការងារ គ.ត.វ នៃក្រសួងអភិវឌ្ឍន៍ជនបទ, ក្រុមការងារនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ, ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ និងខេត្តស្វាយរៀង ព្រមទាំងអាជ្ញាធរមូលដ្ឋានថ្នាក់ស្រុក ឃុំ ភូមិ និងប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវយ៉ាងច្រើនកុះករផងដែរ។ ក្នុងឱកាសនោះផងដែរ ឯកឧត្តមរដ្ឋលេខាធិការ បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ និងពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខប្រកបដោយមនោសញ្ចេតនា សេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត និងសព្ទសាធុការពរពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត និង ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងអស់។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន មេត្តាយោគយល់ អធ្យាស្រ័យ និងសហការជាមួយក្រុមការងារសាងសង់ផ្លូវ ក្នុងករណីមានការរំខានដោយប្រការណាមួយក្នុងអំឡុងពេលអនុវត្តការងារនេះ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ