លោកជំទាវ ឯក គន្ធវារី អញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារស្ថាបនា និងជួសជុលផ្លូវចំនួន ២គម្រោង ស្ថិតនៅខេត្តរតនគីរី

ចែលរំលែក

ខេត្តរតនគិរី ៖ នាថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវ ឯក គន្ធវារី អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារស្ថាបនា និងជួសជុលផ្លូវចំនួន ២គម្រោង ស្ថិតនៅខេត្តរតនគីរី អនុវត្តដោយ នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ រួមមានដូចខាងក្រោម ៖

– គម្រោងទី១ ៖ ការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួសចំនួន ១ខ្សែ ប្រវែង ២ ៥០០ម៉ែត្រ ស្ពានបេតុងចំនួន១កន្លែង ប្រវែង ៣០ម ផ្លូវក្រាលដីល្បាយក្រួសសងខាងក្បាលស្ពានប្រវែងសរុប ២០០ម និងលូប្រអប់មុខពីរចំនួន ១កន្លែង ស្ថិតនៅភូមិប៉ាតឹង និងភូមិប៉ាហយ ឃុំកោះប៉ង់ ស្រុកវ៉ើនសៃ ខេត្តរតនគីរី។

-គម្រោងទី២ ៖ ការងារជួសជុលផ្លូវក្រាលដីល្បាយក្រួសចំនួន១ខ្សែ ប្រវែងសរុប ៩ ០០០ម៉ែត្រ សាងសង់ទំនប់បង្ហៀរប្រវែង ៦០ម ចំនួន១កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ២កន្លែង ស្ថិតនៅភូមិព្រួក និងភូមិបាតាង ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគីរី។

 

បន្ទាប់ពីបានត្រួតពិនិត្យ និងប្រជុំពិភាក្សាជាមួយអ្នកទទួលការ អ្នកបច្ចេកទេស និងគណៈកម្មការអន្តរក្រសួងបានឯកភាព និងទទួលយកបញ្ចប់ការងារ ១០០% តាមការស្នើសុំរបស់អ្នកទទួលការ។

 

ជាមួយគ្នានេះ លោកជំទាវអនុរដ្ឋលេខាធិការ ក៏បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអ្នកទទួលផល អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ស្រុក និងបានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋជួយថែទាំផ្លូវនេះឱ្យបានដិតដល់ដើម្បីធានាថាផ្លូវនេះអាចប្រើប្រាស់បានយូរអង្វែង ដើម្បីបម្រើផលប្រយោជន៍ជូនបងប្អូនប្រជាពលរដ្ឋ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ