
ឯកឧត្តម ពុត ហេម៉ុណ្ណា អញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ដើម្បីត្រៀមរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ការបរទេសលើកទី៣ រវាងកម្ពុជា និងឥណ្ឌា
- ៦ ម៉ោងមុន ថ្ងៃទី២៥ ខែកុម្ភៈ ២០២៥
- សកម្មភាពក្រសួង

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃចន្ទ ១២រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងការបរទេស និងសហប្រតិបត្តិការ ឯកឧត្តម ពុត ហេម៉ុណ្ណា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយមន្ត្រីជំនាញ បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ដើម្បីត្រៀមរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ការបរទេសលើកទី៣ រវាងកម្ពុជា និងឥណ្ឌា នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ដែលនឹងរៀបចំឡើងនៅខេត្តសៀមរាប ក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងមកពី ២៤ក្រសួង-ស្ថាប័ន ចំនួន ៥២រូប។
កិច្ចប្រជុំមានគោលបំណងផ្ដោតសំខាន់ទៅលើការជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែជិតសិ្នទ្ធ និងពង្រឹងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ ដោយពិនិត្យលើវឌ្ឍនភាពការងារដែលកំពុងអនុវត្ត ការងារយឺតយ៉ាវ និងសំណើសុំនានាទៅខាងភាគីឥណ្ឌា ដែលគ្រោងនឹងចុះហត្ថលេខា។
ក្នងនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ តំណាងក្រសួងអភិវឌ្ឍន៍ជនបទក៏បានលើកជាសំណូមពរទៅខាងភាគីឥណ្ឌាជួយពិនិត្យ និងពន្លឿនលើសំណើសុំគម្រោង “Free Arsenic from Drinking Water in Cambodia with AMRIT Technology” ដែលបានដាក់ជូនស្ថានទូតរួចរាល់កាលពីឆ្នាំ ២០២៣ និងស្នើសុំផ្ដល់ការគាំទ្របន្តសម្រាប់គម្រោងនានាលើវិស័យអភិវឌ្ឍន៍ជនបទបន្ថែមទៀត៕