
ឯកឧត្តម គុយ ឆាយ អញ្ជើញទទួលជួប និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ នៃក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទស្ដីពីការប្ដេជ្ញាចិត្តសម្រាប់កិច្ចប្រជុំ ថ្នាក់រដ្ឋមន្ត្រីស្ដីពីអាហារូបត្ថម្ភដើម្បីការលូតលាស់
- ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ម៉ោង ៦:០០ ល្ងាច
- សកម្មភាពក្រសួង

រាជធានីភ្នំពេញ ៖ នាថ្ងៃពុធ ១៥កើត ខែមាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម គុយ ឆាយ រដ្ឋលេខាធិការ តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អមដោយ ឯកឧត្តម ជ្រាយ ប៉ុម អគ្គនាយកបច្ចេកទេស និងមន្ត្រីបច្ចេកទេស តំណាងនាយកដ្ឋានជំនាញបានអញ្ជើញទទួលជួប និងពិភាក្សាការងារ ជាមួយឯកឧត្តម សុខ ស៊ីឡូ អគ្គលេខាធិការ នៃក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងសហការី ដើម្បីកសាងឯកសារស្ដីពីការប្ដេជ្ញាចិត្តសម្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីស្ដីពីអាហារូបត្ថម្ភដើម្បីការលូតលាស់ គ្រោងប្រព្រឹត្តទៅនៅទីក្រុងប៉ារីស ប្រទេសបារាំង នៅខែមីនា ឆ្នាំ២០២៥ ខាងមុខ ។
គោលបំណងនៃជំនួបពិភាក្សានេះ ក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បាននិងកំពុងកសាងឯកសារស្ដីពីការប្ដេជ្ញាចិត្តរបស់កម្ពុជាសម្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីស្ដីពីអាហារូបត្ថម្ភដើម្បីការលូតលាស់ គឺដើម្បីឲ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងស្វែងយល់ពីការងាររបស់ក្រសួងអភិវឌ្ឍន៍ជនបទ ពាក់ព័ន្ធទៅនឹងអាហារូបត្ថម្ភដើម្បីការលូតលាស់ ដែលជាការផ្ដល់ធាតុចូលបន្ថែមទៀតទៅក្នុងឯកសារសម្រាប់កិច្ចប្រជុំនៅពេលខាងមុខ៕