ឯកឧត្តម គុយ ឆាយ បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្ដីពីការរៀបចំការប្ដេជ្ញាចិត្តស្ដីពីអាហារូបត្ថម្ភដើម្បីការលូតលាស់ឆ្នាំ២០២៥
- ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ ម៉ោង ៨:០០ ល្ងាច
- សកម្មភាពក្រសួង

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភ: ឆ្នាំ២០២៥ ឯកឧត្តម គុយ ឆាយ រដ្ឋលេខាធិការ តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានចូលរួមក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្ដីពីការរៀបចំការប្ដេជ្ញាចិត្តស្ដីពីអាហារូបត្ថម្ភដើម្បីការលូតលាស់ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ គណ:អភិបាលរាជធានី ប្រធានគណៈកម្មាធិការជាតិ ឯកឧត្តម លោកជំទាវ លោក លោកស្រី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ប្រធានវិទ្យាស្ថាន ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ចូលរួមសរុបចំនួន ៦៥នាក់ នៅទីស្ដីការគណៈរដ្ឋមន្ត្រី ។
គោលបំណងនៃសិក្ខាសាលានេះ មានដូចខាងក្រោម ៖
-ពិនិត្យឡើងវិញពីស្ថានភាពនៃវឌ្ឍនភាពនៃការប្ដេជ្ញាចិត្តទាំង ១៣ចំណុចលើកមុនដែលបានធ្វើឡើងក្នុងកិច្ចប្រជុំកំពូលស្ដីពីអាហារូបត្ថម្ភដើម្បីការលូតលាស់ នៅទីក្រុងតូក្យូ កាលពីឆ្នាំ២០២១
-កំណត់អាទិភាពសម្រាប់ការរៀបចំការប្ដេជ្ញាចិត្តឆ្នាំ២០២៥ ស្របតាមប្រធានបទចំនួន ៦ របស់កិច្ចប្រជុំកំពូលស្ដីពី អាហារូបត្ថម្ភដើម្បីការលូតលាស់ នៅទីក្រុងប៉ារីស
-បង្កើតការប្ដេជ្ញាចិត្តអាហារូបត្ថម្ភថ្មីសម្រាប់កិច្ច ប្រជុំកំពូល ស្ដីពីអាហារូបត្ថម្ភដើម្បីការលូតលាស់ ឆ្នាំ២០២៥ នៅទីក្រុងប៉ារីស ដែលស្របតាមគោលដៅជាតិ និងអន្តរជាតិ។
លទ្ធផលរំពឹងទុកនៃសិក្ខាសាលានេះរួមមាន ៖
-ពិនិត្យឡើងវិញពីវឌ្ឍនភាពលើការប្ដេជ្ញាចិត្តទាំង ១៣ ចំណុច លើកមុនដែលបានធ្វើឡើងនៅកិច្ចប្រជុំកំពូលស្ដីពីអាហារូបត្ថម្ភដើម្បីការលូតលាស់ឆ្នាំ២០២១ នៅទីក្រុងតូក្យូ និងកំណត់ចំណុចខ្វះខាត និងផ្នែកដែលត្រូវការការកែលម្អ
-កំណត់ផ្នែកដែលត្រូវផ្ដោតលើប្រធានបទសម្រាប់ការប្ដេជ្ញាចិត្តថ្មី និងចូលរួមជាមួយភាគីពាក់ព័ន្ធសម្រាប់ការសហការ និងភាពជាដៃគូ
-បង្កើត និងផ្ដួចផ្ដើមផែនការសម្រាប់ការប្ដេជ្ញាចិត្តថ្មីដើម្បីអាហារូបត្ថម្ភសម្រាប់កិច្ចប្រជុំកំពូលស្ដីពីអាហារូបត្ថម្ភដើម្បីការលូតលាស់ឆ្នាំ២០២៥ នៅទីក្រុងប៉ារីស។