
ឯកឧត្តម ជី សុីថា អញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវ ចំនួន ៣គម្រោង
- ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ ម៉ោង ២:០០ ល្ងាច
- សកម្មភាពក្រសួង

ខេត្តសៀមរាប និងខេត្តបាត់ដំបង៖ នាថ្ងៃចន្ទ៦កើត-អង្គារ ៧កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី៣-៤ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ជី សុីថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ប្ញទ្ឋិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមន្ទីរជំនាញ ចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវអនុវត្តដោយ នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិចំនួន ៣គម្រោង រួមមាន៖
-គម្រោងទី១៖ ការងារស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ចំនួន ១ខ្សែ ប្រវែង ១ ៤០០ម៉ែត្រ ទទឹង ៧ម៉ែត្រ ចិញ្ចើមផ្លូវសងខាងក្រាលដីល្បាយថ្មភ្នំ ទទឹងម្ខាងៗ ១ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ សាងសង់លូមូលមុខពីរចំនួន ៣កន្លែង លូមូលមុខមួយ ចំនួន ២កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ២កន្លែង ស្ថិតនៅភូមិត្រុំខាងត្បូង ទៅភូមិឬស្សីសាញ់ ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប។
-គម្រោងទី២៖ ការងារស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ចំនួន ១ខ្សែ ប្រវែង ៣ ៤០០ម៉ែត្រ ទទឹង ៧ម៉ែត្រ ចិញ្ចើមផ្លូវសងខាងក្រាលដីល្បាយថ្មភ្នំ ទទឹងម្ខាងៗ ១ម៉ែត្រកម្រាស់ ០,២ម៉ែត្រ សាងសង់លូមូលមុខពីរចំនួន ៣កន្លែង លូមូលមុខមួយចំនួន ២កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ១កន្លែង ស្ថិតនៅភូមិត្រាំកង់ និងភូមិធ្លក ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប។
-គម្រោងទី៣៖ ការងារស្តារឡើងវិញផ្លូវក្រាលល្បាយថ្មភ្នំ ចំនួន១ខ្សែ ប្រវែង ១១ ៧០០ ម៉ែត្រ ទទឹង ៧ម៉ែត្រ កម្រាស់ ០,១២ម៉ែត្រ សាងសង់លូប្រអប់មុខពីរចំនួន ២ កន្លែង លូប្រអប់មុខមួយចំនួន ៦ កន្លែង លូមូលមុខពីរចំនួន ៣កន្លែង លូមូលមុខមួយចំនួន ៨កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ២កន្លែង ស្ថិតនៅចាប់ពីផ្លូវជាតិ ៥៧B ភូមិស្ថាពរ១ និងភូមិបួរជុំ ឃុំអំពិលលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង។
បន្ទាប់ពីបានចុះត្រួតពិនិត្យ និងប្រជុំពិភាក្សា គណៈកម្មការអន្តរក្រសួងបានឯកភាពទទួលបញ្ចប់សុពលភាព តាមការស្នើសុំរបស់អ្នកទទួលការ។
ជាមួយគ្នានេះឯកឧត្តម បានជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលជាអ្នកអាស្រ័យផលផ្លូវទាំងនេះ និងបានសំណូមពរបងប្អូនប្រជាពលរដ្ឋជួយថែទាំផ្លូវនេះឱ្យបានដិតដល់ដើម្បីប្រើប្រាស់បានយូរអង្វែង៕