ឯកឧត្តម ផូ ផារិទ្ធ អញ្ជើញដឹកនាំក្រុមការងារចុះបើកការដ្ឋានការងារលើកកម្រិតគុណភាពផ្លូវក្រាលកៅស៊ូពីរជាន់ DBST ចំនួន ០១ខ្សែ ប្រវែងសរុប ៣ ៦០០ម និងសំណង់សិល្បការ្យមួយចំនួន នៅឃុំសំរោងទង ខេត្តកំពង់ស្ពឺ

ចែលរំលែក

ខេត្តកំពង់ស្ពឺ ៖ នាព្រឹកថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៏ជនបទ បានអញ្ជើញដឹកនាំក្រុមការងារចុះបើកការដ្ឋានការងារលើកកម្រិតគុណភាពផ្លូវក្រាលកៅស៊ូពីរជាន់ DBST ចំនួន ០១ខ្សែ មាន ៤កំណាត់ ប្រវែងសរុប ៣ ៦០០ម ចិញ្ចើមផ្លូវក្រាលថ្មភ្នំសងខាង ម្ខាងៗ ១ម និងសំណង់សិល្បការ្យមួយចំនួន នៅភូមិត្រពាំងជួន និងភូមិចង្ក្រានដែក ឃុំសំរោងទង ខេត្តកំពង់ស្ពឺ។

 

ពិធីបើកការដ្ឋាននេះមានការចូលរួមពីតំណាងនាយកដ្ឋានផ្លូវលំជនបទ, ក្រុមការងារ គ.ត.វ នៃក្រសួងអភិវឌ្ឍន៍ជនបទ, ក្រុមការងារនាយកដ្ឋានវិស្វកម្ម នៃក្រសួងការពារជាតិ, ក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវ។

 

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ និងបានពាំនាំសារផ្ដាំផ្ញើសាកសួរសុខទុក្ខដោយក្ដីនឹកេលឹក ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលជាមគ្គុទេសឯក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជាអ្នកដឹកនាំបន្តរវេន ប្រកបដោយគតិបណ្ឌិត និងថាមពល និងឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។

 

មុននឹងបញ្ចប់ ឯកឧត្ដមរដ្ឋលេខាធិការ បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន យោគយល់ និងអធ្យាស្រ័យដល់ក្រុមការងារសាងសង់ផ្លូវ ក្នុងករណីមានការប៉ះពាល់ដោយប្រការណាមួយក្នុងអំឡុងពេលសាងសង់លេីកកម្រិតគុណភាព ផ្លូវក្រាកៅស៊ូពីរជាន់ DBST ចំនួន ០១ខ្សែ នេះផងដែរ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ