លោក ទូច ស៊ីផាត រួមជាមួយក្រុមការងារបច្ចេកទេសគម្រោង SAAMBAT ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជនបទចំនួន ៣ខ្សែ នៅក្នុងខេត្តស្វាយរៀង
- ៤ ម៉ោងមុន ថ្ងៃទី៣១ ខែមករា ២០២៥
- សកម្មភាពក្រសួង
ខេត្តស្វាយរៀង ៖ នាថ្ងៃចន្ទ ១៤រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ ២០២៥ លោក ទូច ស៊ីផាត អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ និងជាប្រធានគ្រប់គ្រងគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT) រួមជាមួយក្រុមការងារបច្ចេកទេសគម្រោង ក្រុមការងារគម្រោងរបស់មន្ទីរអភិវឌ្ឍន៏ជនបទខេត្តស្វាយរៀង និងប្រធានក្រុមទីប្រឹក្សាត្រួតពិនិត្យបច្ចេកទេសសាងសង់ បានទៅពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជនបទចំនួន ៣ខ្សែ នៅក្នុងខេត្តស្វាយរៀង ដូចខាងក្រោម៖
១. ខ្សែទី១ (ចន្រ្តី-ម្រាម) ប្រវែង ១២,៤៣ គ.ម. សម្រេចលទ្ធផលបាន ៣,៨៩% រយៈពេលសាងសង់១២ ខែ (កញ្ញា ឆ្នាំ២០២៤ ដល់ខែកញ្ញា ឆ្នាំ២០២៥)។ ផ្លូវនេះសាងសង់ ដោយក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ១១,៣០គ.ម និងក្រាលបេតុង (RC) ១,១៣គ.ម មានលូមូលចំនួន ២៤ កន្លែង តភ្ជាប់ពីភូមិចន្ត្រី ឃុំចន្រ្តី ទៅភូមិម្រាមខាងជើង ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង។ ផ្លូវនេះមានអ្នកទទួលផលផ្ទាល់ចំនួនគ្រួសារ ៥ ៤៤១គ្រួសារ ដែលមានចំនួនប្រជាជនសរុប ២៣ ០១៣នាក់។
២. ខ្សែទី២ (អំពិល-គគីរ)ប្រវែង ១១,៨៦ គ.ម. សម្រេចលទ្ធផលបាន ៨,៣% រយៈពេលសាងសង់ ១២ ខែ (កញ្ញា ឆ្នាំ២០២៤ ដល់ខែកញ្ញា ឆ្នាំ២០២៥)។ ផ្លូវនេះសាងសង់ ដោយក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ១១,០៨គ.ម និងក្រាលបេតុង (RC)០,៧៨គ.ម មានលូមូលចំនួន ៣២កន្លែង តភ្ជាប់ពីភូមិអំពិល ឃុំអំពិល ទៅដល់ភូមិតាវាំង ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ផ្លូវនេះ មានអ្នកទទួលផលផ្ទាល់ចំនួនគ្រួសារ ២ ៨៣៥គ្រួសារ ដែលមានចំនួនប្រជាជនសរុប ១១ ៥០១នាក់។
៣. ខ្សែទី៣ (រាមជោ -ព្រៃម្នាស់) ប្រវែង ១២,៤៣ គ.ម. សម្រេចលទ្ធផលបាន ៥៨,៨% រយៈពេលសាងសង់១៤ ខែ (ខែមករា ឆ្នាំ២០២៤ ដល់ ខែមីនា ឆ្នាំ២០២៥)។ ផ្លូវនេះសាងសង់ដោយក្រាលកៅស៊ូពីរជាន់ (DBST) ១១,៨៣គ.ម និងបេតុង(RC) ០,៦០គ.ម មានលូមូលចំនួន ១០កន្លែង លូប្រអប់ចំនួន ២កន្លែង លូអ៊ុយ ៨០០ម តភ្ជាប់ពីភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ទៅដល់ភូមិសំឡីខាងត្បូង ឃុំសំឡី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ ខ្សែផ្លូវនេះមានអ្នកទទួលផលផ្ទាល់ចំនួនគ្រួសារ ៥ ២៨៣ គ្រួសា ដែលមានចំនួនប្រជាជនសរុប ២២ ៦៩០នាក់៕