ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជាកិត្តិយសក្នុងពិធីប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តការកែទម្រង់ប្រព័ន្ធលក់សំបុត្រ និងត្រួតពិនិត្យសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ
- ៦ នាទីមុន ថ្ងៃទី៣០ ខែមករា ២០២៥
- ព័ត៌មានទាន់ហេតុការណ៍ , សកម្មភាពក្រសួង
ខេត្តសៀមរាប៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ២កើត មាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាកិត្តិយសក្នុងពិធីប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តការកែទម្រង់ប្រព័ន្ធលក់សំបុត្រ និងត្រួតពិនិត្យសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នេត សាវឿន តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលរៀបចំឡើងនៅសណ្ឋាគារសុខាសៀមរាប។
រាជរដ្ឋាភិបាលបានចាត់ទុកវិស័យទេសចរណ៍ជាមាសបៃតងនិង ជាសរសរស្តម្ភមួយដ៏សំខាន់ ដែលជួយដល់ការជំរុញកំណើនសេដ្ឋកិច្ច, បង្កើតឱកាសការងារ និង លើកស្ទួយវប្បធម៌ជាតិ ។ ទេសចរណ៍ ជាវិស័យមួយដែលមានការរីកចម្រើនយ៉ាងរហ័ស តាមរយៈការចាប់យកនូវបច្ចេកវិទ្យាថ្មី ជាពិសេស បច្ចេកវិទ្យាឌីជីថល ដែលរួមចំណែកយ៉ាងសំខាន់ ក្នុងការគ្រប់គ្រង និង ការស្តារឡើងវិញនៃឧស្សាហកម្មទេសចរណ៍ ។ រាជរដ្ឋាភិបាលបានបង្កើតគ្រឹះស្ថានអង្គរ ដែលជាគ្រឹះស្ថានសាធារណៈរដ្ឋបាល នៅថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០១៦, ជាអង្គភាពថ្មីមួយ សម្រាប់ធ្វើការគ្រប់គ្រងការប្រមូល និង ការបង់ចំណូលពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដោយមានក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ជាអាណាព្យាបាលហិរញ្ញវត្ថុ និង ក្រសួងទេសចរណ៍ ជាអាណា ព្យាបាលបច្ចេកទេស ។