ផ្លូវក្រាលល្បាយក្រួសក្រហមមួយខ្សែប្រវែង ១,៧៦គីឡូម៉ែត្រ ស្ថិតនៅក្នុងរមណីដ្ឋានប្រាសាទសំបូរព្រៃគុក ត្រូវបានបើកការដ្ឋានសាងសង់លើកកម្រិតជាផ្លូវក្រាលកៅស៊ូពីរជាន់
- ២ ថ្ងៃមុន ថ្ងៃទី២៨ ខែមករា ២០២៥
- ព័ត៌មានទាន់ហេតុការណ៍ , សកម្មភាពក្រសួង
ខេត្តកំពង់ធំ៖ នារសៀលថ្ងៃអង្គារ ១៥រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបើកការដ្ឋានសាសង់ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ១,៧៦គីឡូម៉ែត្រ ទទឹងខ្នងលើ ៦ ម៉ែត្រ ស្ថិតនៅក្នុងរមណីដ្ឋានប្រាសាទសំបូរព្រៃគុក ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសស និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមវង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ។
ពិធីបើកការដ្ឋាននេះ បានរៀបចំឡើងនៅភូមិសំបូ ឃុំសំបូរណ៍ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ និងមានការអញ្ជើញចូលរួមផងដែរ ពីសំណាក់ថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ,ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត, តំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ឯកឧត្តម លោកជំទាវ ជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ, ថ្នាក់ដឹកនាំខេត្ត, មន្ដ្រីរាជការ, អាជ្ញាធរ កងកម្លាំងគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន សិស្សានុសិស្ស សរុបចំនួន ៨៨០នាក់។ បន្ទាប់ពីមតិស្វាគមន៍ និងរបាយការណ៍របស់ ឯកឧត្ដម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំរួចមក ឯកឧត្តម ឆាយ ឫទ្ធិសែន បានធ្វេីរបាយការណ៍ជូនអង្គពិធីឱ្យបានជ្រាបថា ផ្លូវក្រាលល្បាយក្រួសក្រហមមួយខ្សែប្រវែង ១,៧៦គីឡូម៉ែត្រ ស្ថិតនៅក្នុងរមណីដ្ឋានប្រាសាទសំបូរព្រៃគុក ត្រូវបានបើកការដ្ឋានលើកកម្រិតជាផ្លូវក្រាលកៅស៊ូពីរជាន់ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនកសិផល និងសេវាសាធារណៈនានា បង្កើនការតភ្ជាប់រវាងភូមិ ទៅភូមិ និងឃុំទៅឃុំ និងអាចប្រើប្រាស់បានគ្រប់រដូវកាល ដោយចំណេញបានទាំងពេលវេលា និងថវិកា ជាពិសេសដើម្បីជួយលើកម្ពស់ការផ្ដល់សេវាទេសចរណ៍ តាមរយៈការបង្កភាពងាយស្រួលក្នុងការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍ចូលទៅទស្សនាកម្សាន្តនៅតំបន់រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកមួយរបស់កម្ពុជា ក្នុងចំណោមតំបន់បេតិកភណ្ឌពិភពលោកជាច្រើនទៀត។ ឯកឧត្ដមរដ្ឋមន្រ្ដី បានបន្ថែមទៀតថា ពិធីបើកការដ្ឋានដ៏អធិកអធមនាពេលនេះ អាចប្រព្រឹត្តទៅបានគឺដោយសារគុណបំណាច់នៃ “សុខសន្តិភាព”ដែលកើតចេញពីការលះបង់ដ៏ធំធេង និងការខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីជាតិ និងប្រជាជន ដោយយកជីវិតធ្វើជាដើមទុនរបស់ សម្តេចតេជោ ហ៊ុន សែន ជាបិតាសន្តិភាព ស្ថាបនិកមគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលនាំមកនូវសន្តិភាព និងឯកភាពជាតិពេញលេញទូទាំងប្រទេស និងក្រោមការបន្តវេនដឹកនាំប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
សូមជម្រាបជូនផងដែរថា ដោយមានកិច្ចសហការជាមួយអាជ្ញាធរជាតិប្រាសាទសំបូរព្រៃគុក នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងអភិវឌ្ឍន៍ជនបទ បានបើកការដ្ឋានលើកកម្រិតផ្លូវពីផ្លូវក្រាលល្បាយក្រួសក្រហម ទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ មានប្រវែង ១,៧៦គីឡូម៉ែត្រ ទទឹងខ្នងលើ ៦ ម៉ែត្រ មានចិញ្ចើមផ្លូវក្រាលលក្បាយក្រួសក្រហម ម្ខាងៗប្រវែង ១ម៉ែត្រ, មានសំណង់លូមូល ចំនួន ៤កន្លែង និងមានរយៈពេលសាងសង់ចំនួន ៦ខែ ដែលស្ថាបនាដោយកងវិស្វកម្ម នៃក្រសួងការពារជាតិ៕