
ឯកឧត្តម ផូ ផារិទ្ធ បានអញ្ជើញដឹកនាំក្រុមការងារចុះបើកការដ្ឋានការងារជួសជុលស្តារឡើងវិញផ្លូវក្រាលដីល្បាយក្រួស ចំនួន ០១ខ្សែ
- ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ ម៉ោង ២:០០ ល្ងាច
- សកម្មភាពក្រសួង

ខេត្តកំពង់ធំ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៏ជនបទ បានអញ្ជើញដឹកនាំក្រុមការងារចុះបើកការដ្ឋានការងារជួសជុលស្តារឡើងវិញផ្លូវក្រាលដីល្បាយក្រួស ចំនួន ០១ខ្សែ ប្រវែង ៧ ១០០ ម ស្ថិតនៅភូមិក្តីដូង ឃុំក្តីដូង ទៅភូមិបូពីង ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលមានការចូលរួមពីតំណាងនាយកដ្ឋានផ្លូវលំជនបទ, ក្រុមការងារ គ.ត.វ នៃក្រសួងអភិវឌ្ឍន៍ជនបទ, ក្រុមការងារនាយកដ្ឋានវិស្វកម្ម នៃក្រសួងការពារជាតិ, ក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ ព្រមទាំងអាជ្ញាធរ មូលដ្ឋានមួយចំនួនទៀត។
ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជួបសំណេះសំណាល ដោយបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា និងពរសព្ទសាធុការពីសំណាក់ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមរដ្ឋមន្រ្តី ចែកជូនដល់មេឃុំ, ក្រុមប្រឹក្សាឃុំ មេភូមិ និងប្រជាពលរដ្ឋរស់នៅសងខាងផ្លូវ ដែលបានចូលរួមដោយម្នាក់ៗទទួលបានក្រមាមួយ និងបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន យោគយល់ និងអធ្យាស្រ័យដល់ក្រុមការងារសាងសង់ផ្លូវ ក្នុងករណីមានការប៉ះពាល់ដល់ផលដោយប្រការណាមួយក្នុងអំឡុងពេលសាងសង់ផ្លូវការងារជួសជុលស្តារឡើងវិញផ្លូវក្រាលដីល្បាយក្រួស មួយខ្សែនេះផងដែរ៕