ឯកឧត្តម អ៊ិន ចន្ថា បានដឹកនាំក្រុមការងារចុះបើកការដ្ឋានការងារស្តារឡើងវិញផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវក្រាលបេតុង ចំនួន០១ខ្សែ មាន០២កំណាត់ ស្ថិតនៅខេត្តកំពង់ចាម
- ៦ ម៉ោងមុន ថ្ងៃទី២៤ ខែមករា ២០២៥
- សកម្មភាពក្រសួង
ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារចុះបើកការដ្ឋានការងារស្តារឡើងវិញផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវក្រាលបេតុង ចំនួន០១ខ្សែ មាន០២កំណាត់ ស្ថិតនៅភូមិថ្កូវ និងភូមិទំព្រង ឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម ដែលមានការចូលរួមពីតំណាងនាយកដ្ឋានផ្លូវលំជនបទ ក្រុមការងារ គ.ត.វ នៃក្រសួងអភិវឌ្ឍន៍ជនបទ ក្រុមការងារនាយកដ្ឋានវិស្វកម្មនៃក្រសួងការពារជាតិ ក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាមព្រមទាំងអាជ្ញាធរមូលដ្ឋានមួយចំនួនទៀត។
ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជួបសំណេះសំណាល ដោយបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា និងពរសព្ទសាធុការពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និង ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេច ចែកជូនដល់មេឃុំ, ក្រុមប្រឹក្សាឃុំ មេភូមិ និងប្រជាពលរដ្ឋរស់នៅសងខាងផ្លូវ ដែលបានចូលរួមដោយម្នាក់ៗទទួលបានក្រមាមួយ និងបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន យោគយល់ និងអធ្យាស្រ័យដល់ក្រុមការងារអនុវត្តការស្តារផ្លូវឡើងវិញ ក្នុងករណីមានការប៉ះពាល់ដល់ផលប្រយោជន៍ដោយប្រការណាមួយក្នុងអំឡុងពេលការអនុវត្តការងារស្តារឡើងវិញនេះ ដែលមានប្រវែងសរុប ៤ ១០០ម (ផ្លូវក្រាលកៅស៊ូពីរជាន់ប្រវែង ៣ ៦០០ម ទទឹង ៦ម និងផ្លូវក្រាលបេតុងប្រវែង ៥០០ម ទទឹង ៦ម កម្រាស់ ០,២ម ចិញ្ចើមផ្លូវក្រាលដីល្បាយក្រួសសងខាង ម្ចាងៗកម្រាស់ ០,២ម) ស្ថាបនាលូអ៊ុយប្រវែង ៦៥០ម លូមូលគ្រប់ប្រភេទចំនួន ០៤កន្លែង និងលូអណ្តូងចំនួន ០៤កន្លែង ដែលសាងសង់ដោយកងវិស្វកម្មនៃក្រសួងការពារជាតិ ហើយក្នុងឱកាសនេះ ឯកឧត្តមបានឡើងបញ្ជាគ្រឿងចក្រជានិមិត្តរូប ក្នុងការបើកការដ្ឋានបើកការដ្ឋានការងារស្តារផ្លូវ០១ខ្សែមាន២កំណាត់នេះឡើងវិញ។
មុនបញ្ចប់កម្មវិធីបងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន អបអរសាទរ សប្បាយរីករាយ ក្នុងការទទួលបានការស្តារផ្លូវនេះឡេីងវិញ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោ ហ៊ុន សែន , សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និង ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ សមប្រកបដោយពុទ្ធពរទាំង៥ប្រការជានិច្ចនិរន្តកុំបីឃ្លាងឃ្លាតឡេីយ។