ឯកឧត្ដម គង់ វីរៈ អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលជំនាញថែទាំ និងជួសជុលម៉ាស៊ីនកសិកម្មខ្នាតតូច នៅភូមិស្វាយធំ ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង
- ៦ ម៉ោងមុន ថ្ងៃទី២១ ខែមករា ២០២៥
- សកម្មភាពក្រសួង
ខេត្តស្វាយរៀង ៖ នាព្រឹកថ្ងៃចន្ទ ៧រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ឯកឧត្ដម គង់ វីរៈ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលជំនាញថែទាំ និងជួសជុលម៉ាស៊ីនកសិកម្មខ្នាតតូច នៅភូមិស្វាយធំ ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពី លោក ជា សែម អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ, លោក ឌី សារ៉ាត់ ប្រធាននាយកដ្ឋាន និងថ្នាក់ដឹកនាំ នៃនាយកដ្ឋានបណ្ដុះបណ្ដាល និងស្រាវជ្រាវ, លោក សំ នីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង និងថ្នាក់ដឹកនាំ មន្រ្តីរាជការនៃមជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញមូលដ្ឋានខេត្តស្វាយរៀង ព្រមទាំងសិក្ខាកាមទាំងអស់ សរុបចំនួន ៦៥នាក់ ស្រី០៥នាក់។
វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងដោយនាយកដ្ឋានបណ្ដុះបណ្ដាល និងស្រាវជ្រាវ ក្នុងគោលបំណងជួយដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យមានចំណេះជំនាញក្នុងការថែទាំ និងជួសជុលម៉ាស៊ីនកសិកម្មខ្នាតតូចដោយខ្លួនឯង សម្រាប់ការប្រើប្រាស់ក្នុងការងារកសិកម្មជាលក្ខណៈគ្រួសារ ដោយចំណេញទាំងពេលវេលា និងថវិកាក្នុងគ្រួសារ។ ក្នុងឱកាសនោះ ឯកឧត្ដមអនុរដ្ឋលេខាធិការ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសព្ទសាធុការពរ របស់ ឯកឧត្តម ឆាយ ឫទ្ធិសែន ជូនដល់អង្គពិធីទាំងមូល ព្រមទាំងបានផ្តាំផ្ញើដល់សិក្ខាកាមគ្រប់រូបត្រូវខិតខំយកចិត្តទុកដាក់ និងចូលរួមឱ្យបានសកម្ម ផុលផុស និងទៀងទាត់តាមកម្មវិធីនៃវគ្គបណ្តុះបណ្តាល, គ្រូឧទ្ទេសនៃវគ្គបណ្តុះបណ្តាល ត្រូវខិតខំបង្រៀនដោយយកចិត្តទុកដាក់ខ្ពស់ ជាពិសេស ត្រូវផ្តល់ឱកាសជូនសិក្ខាកាមអនុវត្តជាក់ស្តែងឱ្យបានច្រើនតាមគោលការណ៍របស់វគ្គ, នាយកដ្ឋានបណ្តុះបណ្តាល និងស្រាវជ្រាវ ត្រូវបន្តពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការបណ្តុះបណ្តាលជំនាញមូលដ្ឋាន ឱ្យកាន់តែល្អប្រសើរស្របតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា គឺ “រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារធ្វើ”។
បន្ទាប់ពីបានបើកវគ្គបណ្ដុះបណ្ដាលរួម ឯកឧត្តមអនុរដ្ឋលេខាធិការ និងប្រតិភូរួមដំណើរ បានអញ្ជើញទៅពិនិត្យស្ថានភាពដាំបន្លែរបស់កសិករ ស្ថិតនៅភូមិស្វាយធំនេះ ដែលភូមិនេះត្រូវបានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តជ្រើសរើសដើម្បីអភិវឌ្ឍជាភូមិគំរូផងដែរ៕