ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញចុះពិនិត្យខ្សែផ្លូវដែលគ្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ នៅក្នុងតំបន់ដីសម្បទានសង្គមកិច្ច ស្ថិតនៅភូមិដងក្តា ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ
- ៥ ម៉ោងមុន ថ្ងៃទី១៥ ខែមករា ២០២៥
- ព័ត៌មានទាន់ហេតុការណ៍ , សកម្មភាពក្រសួង
ខេត្តកំពង់ធំ៖ ដោយទទួលបានការគិតគូរយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់រាជរដ្ឋាភិបាលលើសុខទុក្ខ និងស្ថានភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនកម្ពុជា ដែលជាអតីតយុទ្ធជនធ្លាប់មានគុណបំណាច់ចំពោះជាតិ និងមាតុភូមិ នាព្រឹកថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញចុះពិនិត្យខ្សែផ្លូវដែលគ្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ ដោយប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងតំបន់ដីសម្បទានសង្គមកិច្ច ស្ថិតនៅភូមិដងក្តា ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពី អាជ្ញាធរ និងកងកម្លាំងមូលដ្ឋានគ្រប់លំដាប់ថ្នាក់ផងដែរ។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ដ្រី និងគណៈប្រតិភូ បានអញ្ជើញជួបសំណេះសំណាល ដោយបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នាពេលបច្ចុប្បន្ន អតីតនាយករដ្ឋមន្ដ្រី, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេច ជូនចំពោះគ្រួសារអតីតយុទ្ធជនដែលរស់នៅទីនោះផងដែរ។ ឯកឧត្តមរដ្ឋមន្ដ្រី ក៏បានផ្ដាំផ្ញើដល់ក្រុមគ្រួសារអតីតយុទ្ធជនទាំងអស់ ត្រូវយកចិត្តទុកដាក់បង្កបង្កើនផលដាំបន្លែបង្ការ និងចិញ្ចឹមសត្វដើម្បីដោះស្រាយជីវភាពរស់នៅ របស់ក្រុមគ្រួសារនីមួយ ឱ្យកាន់តែប្រសើរឡើង។
សូមបញ្ជាក់ជូនផងដែរថា ក្រសួងអភិវឌ្ឍន៍ជនបទ បានរួមចំណែកក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទ ក្នុងតំបន់ដីសម្បទានសង្គមកិច្ច ជា ២ដំណាក់កាល៖ ដំណាក់កាលទី១ បានសាងសង់ផ្លូវក្រាលល្បាយក្រួស ចំនួន ១៤ ខ្សែ ប្រវែងសរុប ១២គ.ម, បានសាងសង់អណ្តូងស្នប់ជ្រៅ ចំនួន ៣១អណ្តូង និងចែកធុងចម្រោះទឹក ចំនួន ១៤១ធុង ជូនដល់គ្រួសារចំនួន ១៤១គ្រួសារ និង ដំណាក់កាលទី២ ក្នុងឆ្នាំ ២០២៥ បានត្រាស់សេ និងសាងសង់ផ្លូវដីស ចំនួន ០៥ខ្សែ ប្រវែងសរុប ៤,៥០គ.ម និងសាងសង់អណ្តូងស្នប់ជ្រៅ ចំនួន ២០អណ្តូងបន្ថែមទៀត សម្រាប់គ្រួសារចំនួន ៦៥គ្រួសារផងដែរ៕