ឯកឧត្តម លី ណារុន បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់

ចែលរំលែក

ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃសុក្រ ៥កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥  ឯកឧត្តម លី ណារុន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ នៅសាលប្រជុំមន្ទីរ។

 

ក្រោយពីបានស្ដាប់របាយការណ៍របស់លោក ធីម សុធារ៉ា ប្រធានមន្ទីររួចមក ឯកឧត្តម លី ណារុន រដ្ឋលេខាធិការ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា និងពរសព្ទសាធុការពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មគ្គុទេសក៏ឯកនយោបាយឈ្នះឈ្នះ បិតាស្ថាបនិកសន្តិភាព និងជាប្រធាន ព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម កម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនដល់មន្រ្តីរាជការនៃ មន្ទីរអភិវឌ្ឍន៍ជនបទ និងអង្គប្រជុំទាំងអស់ដែលបានអញ្ជើញចូលរួម កិច្ចប្រជុំ នាពេលនោះ។

 

ឯកឧត្តមរដ្ឋលេខាធិការ បានសម្តែងនូវកោតសរសើរ និងវាយ តម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដែលបានខិតខំបំពេញការងារនាពេលកន្លងមក ដែលនាំឲ្យខេត្តពោធិ៍សាត់ ទទួលបាននូវសមិទ្ធផលយ៉ាងល្អប្រសើរ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានជម្រាបជូនអង្គពិធី  អំពីគោលនយោបាលរបស់រាជរដ្ឋាភិបាល ក្រោមមាគ៌ាដឹកនាំប្រកប ដោយគតិបណ្ឌិត និងភាពស្វាហាប់របស់ សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

 

ចាប់ពីឆ្នាំ២០២៥ ក្រសួងអភិវឌ្ឍន៍ជនបទមានចក្ខុវិស័យ “កសាងតំបន់ជនបទកម្ពុជាប្រកបដោយវិបុលភាព, បរិយាប័ន្ន, នវានុវត្តន៍, ឌីជីថល, និងភាពធន់ ទាំងផ្នែកសដ្ឋកិច្ច សង្គម និងវប្បធម៌” ដែលបានកំណត់យុទ្ធសាស្ត្រចំនួន ៥ ដែលប្រែក្លាយទៅជាកម្មវិធីអាទិភាពចំនួន៥ ដូចខាងក្រោម៖

កម្មវិធីទី១៖ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ជនបទប្រកបដោយភាពធន់

កម្មវិធីទី២៖ លើកកម្ពស់ការទទួលបានទឹកស្អាត និងអនាម័យបរិស្ថានជនបទ

កម្មវិធីទី៣៖ ជំរុញអភិវឌ្ឍសហគមន៍ជនបទ និងចលនាភូមិគំរូ

កម្មវិធីទី៤៖ លើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ

កម្មវិធីទី៥៖ ការគ្រប់គ្រងស្ថាប័ន និងសេវាគាំទ្រទូទៅ

 

ឯកឧត្តមរដ្ឋលេខាធិការ បានផ្ដាំផ្ញើរដល់ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីរាជការទាំងអស់ត្រូវពង្រឹងប្រសិទ្ធិភាពក្នុងការបំពេញភារ:កិច្ច ដោយបន្ដអនុវត្ត កម្មវិធីអាទិភាពទាំង៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទឱ្យបានសកម្មបន្ថែមទៀត ដើម្បីឆ្លើយតបនឹងចក្ខុវិស័យរបស់ក្រសួង ហើយត្រូវបន្ដថែរក្សាសមិទ្ធផលដែលមានស្រាប់របស់ក្រសួង និងពង្រីកសមិទ្ធផលថ្មីៗបន្ថែមទៀត និងខិតខំពង្រឹងសមត្ថភាពឲ្យកាន់តែ ស៊ីជម្រៅអំពីផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជនបទ ឆ្នាំ២០២៤-២០២៨។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ