លោក គឺន សុគា ចូលរួមកម្មវិធីទិវាចម្ការបង្ហាញលើកទី២ ស្តីពីការអនុវត្តកសិកម្មឆ្លាតវៃលើផលិតកម្មបន្លែ ស្ថិតនៅភូមិដីសរថ្មី ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន
- ២៤ ម៉ោងមុន ថ្ងៃទី២៥ ខែធ្នូ ២០២៤
- សកម្មភាពក្រសួង
ខេត្តប៉ៃលិន ៖ នាថ្ងៃចន្ទ ៨រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ លោក គឺន សុគា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន និងជាប្រធានក្រុមសម្របសម្រួលថ្នាក់ខេត្តនៃគម្រោង “ការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ” បានចូលរួមកម្មវិធីទិវាចម្ការបង្ហាញលើកទី២ ស្តីពីការអនុវត្តកសិកម្មឆ្លាតវៃលើផលិតកម្មបន្លែ ស្ថិតនៅភូមិដីសរថ្មី ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ កម្មវិធីនេះមានគោលបំណងពង្រីក និងលើកកម្ពស់កសិដ្ឋានបច្ចេកទេសកសិកម្មឆ្លាតវៃ និងផ្ទេរចំណេះដឹងកសិកម្មល្អកម្ពុជា(CamGAP) ដល់ក្រុមកសិករក្នុងតំបន់គោលដៅគម្រោង ដោយមានការចូលរួមពី ក្រុមការងារសម្របសម្រួលគម្រោងរបស់មន្ទីរអភិវឌ្ឍន៍ជនបទ អាជ្ញាធរស្រុក ឃុំ ភូមិ និងកសិករគំរូសរុបចំនួន ៧៤នាក់ ស្រី ៤៤នាក់។
សូមបញ្ជាក់ថា៖គម្រោងភូមិសន្តិភាពបានទទួលហិរញ្ញប្បទានពីទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិកូរ៉េ (KOICA) ដែលក្នុងគោលដៅខេត្តប៉ៃលិន បានជ្រើសរើសមេក្រុម កសិករគំរូចំនួន ១៩ក្រុម និងកសិករគំរូចំនួន ៥៨៥ គ្រួសារ ដើម្បីបណ្ដុះបណ្ដាល និងផ្ទេរចំណេះដឹងបច្ចេកទេសកសិកម្មឆ្លាតវៃ ឬកសិកម្មល្អកម្ពុជា (CamGAP)៕