ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិកមានពិការភាព របស់ក្រសួងអភិវឌ្ឍន៍ជនបទ

ចែលរំលែក

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៥រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤  នៅទីស្ដីការក្រសួង ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានកិត្តិយសក្រុមការងារសកម្មភាពជនមានពិការភាពក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិកមានពិការភាព របស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងឱកាសទិវាជនមានពិការភាពកម្ពុជាលើកទី២៦ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤២ ក្រោមប្រធាន “បរិយាបន្នពិការភាពលើគ្រប់វិស័យក្នុងយុគសម័យបរិវត្តកម្មឌីជីថល” ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ, ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ, ឯកឧត្តមអគ្គនាយក, ថ្នាក់ដឹកនាំ ព្រមទាំងមន្ដ្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិកមានពិការភាព របស់ក្រសួងអភិវឌ្ឍន៍ជនបទ សរុបចំនួន ៧០រូប។

បន្ទាប់ពីរបាយការណ៍របស់ ឯកឧត្ដម សុខ ម៉េង អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសកម្មភាពជនមានពិការភាពរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានបញ្ជាក់ថា ក្នុងក្របខ័ណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ មានមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិកជាជនមានពិការភាព សរុបចំនួន ៣៦នាក់ ស្មើ ២,៥% ធៀបនឹងចំនួនមន្ដ្រីរាជការសរុបនៃក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងនោះនៅទីស្ដីការក្រសួងមានចំនួន ១១នាក់ និងនៅតាមបណ្ដាមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្ត មានចំនួន ២៥នាក់ ឯកឧត្ដម បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមការងារ បានឡើងអានព្រះរាជសាររបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាជនមានពិការភាពកម្ពុជាលើកទី២៦ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤២ ។

 

ក្នុងពិធីសំណេះសំណេះនេះឯកឧត្ដមរដ្ឋមន្ដ្រី បានរំលឹកឡើងថា សមិទ្ធផលនៃការអភិវឌ្ឍបច្ចុប្បន្នបានមកដោយសារគុណនៃសន្តិភាពដែលកើតចេញពីគុណូបការៈដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្ថាបនិកមគ្គុទេសក៍ឯកនៃសន្តិភាព និងបង្រួបបង្រួមជាតិនិងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលបានយកជីវិតធ្វើជាដើមទុន។ ឯកឧត្ដមរដ្ឋមន្ត្រីបានពាំនាំសេចក្តីនឹករលឹក ការសាកសួរសុខទុក្ខ និងពរសព្ទសាធុការពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន  ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនចំពោះ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និងបងប្អូនមានពិការភាពទាំងអស់ដែលចូលរួមក្នុងពីធីនេះ។

 

ឯកឧត្ដមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងថ្លែងការកោតសរសើរដល់បងប្អូនមានពិការភាពទាំងអស់ ដែលបានចូលរួមចំណែកយ៉ាងសកម្មធ្វើឱ្យសម្រេចបានជោគជ័យរបស់ក្រសួងលើការងារអភិវឌ្ឍន៍ជនបទផងដែរ ហើយក្រសួងនឹងបន្តលើកទឹកចិត្តដល់បងប្អូនមន្ត្រីមានពិការភាពឱ្យចូលរួមគ្រប់សកម្មភាពរបស់ក្រសួងថែមទៀត ព្រមទាំងបានណែនាំដល់នាយកដ្ឋានរដ្ឋបាល និងបុគ្គលិក ត្រូវគិតគូរ និងលើកទឹកចិត្តដល់មន្ត្រីរាជការមានពិការភាព តាមរយៈការផ្តល់គ្រឿងឥស្សរិយយស និងការដំឡើងថ្នាក់ឱ្យបានទាន់ពេលវេលា ដោយគ្មានការរើសអើង។ ជាកិច្ចបញ្ចប់នៃពិធីសំណេះសំណាល ឯកឧត្ដមរដ្ឋមន្ត្រី បាននាំយកនូវអំណោយដ៏ថ្លៃថ្លា របស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ជូនដល់បងប្អូនមានពិការភាពទាំងអស់ ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលជាទីបំផុត៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ