ឯកឧត្តម សួន សេរីរដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ ជាមួយអង្គការដៃគូអភិវឌ្ឍន៍
- ១ ថ្ងៃមុន ថ្ងៃទី២០ ខែធ្នូ ២០២៤
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំរោង ឆស័ក. ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តម សួន សេរីរដ្ឋា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ ជាមួយអង្គការដៃគូអភិវឌ្ឍន៍ ។
ចូលរួមក្នុងកិច្ចប្រជុំនេះមាន ឯកឧត្តម អនុរដ្ឋលេខាធិការ លោកអគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ លោក លោកស្រី ប្រធានអនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធានការិយាល័យ ព្រមទាំងតំណាងអង្គការជាតិ អន្តរជាតិ សរុបចំនួន ៣៦នាក់ ស្រី ១៥នាក់។
កិច្ចប្រជុំនេះមានគោលបំណងដើម្បីបូកសរុបវឌ្ឍនភាពការងារអភិវឌ្ឍន៍ និងអភិរក្សជនជាតិដើមភាគតិច ឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ ដោយមានការធ្វើបទបង្ហាញសង្ខេបស្តីពី កិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយដៃគូ ដោយមន្រ្តីជំនាញមកពីនាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ។
ឯកឧត្ដម ប្រធានអង្គប្រជុំ បានលើកឡើងពីចលនាភូមិគំរូ ដែលក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងអនុវត្ត និងបានពិភាក្សាគ្នាយ៉ាងផុលផុស ដើម្បីស្វែងរកដំណោះស្រាយ និងបង្កើនប្រសិទ្ធិភាពការងារ។
តំណាងអង្គការដៃគូ បានកោតសរសើរ និងថ្លែងអំណរគុណដល់ក្រសួងអភិវឌ្ឍន៍ជនបទដែលបានបំពេញការងារយ៉ាងសកម្មក្នុងការផ្តល់អត្តសញ្ញាណជូនសហគមន៍ជនជាតិដើមភាគតិច និងសមិទ្ធផលផ្សេងៗទៀត៕