លោក កាយ សុខជា ចូលរួមបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពីដំណាំសក្តានុពល ក្នុងការផ្សាភ្ជាប់ផលិតផល ទៅកាន់ទីផ្សារសហគមន៍
- ៦ នាទីមុន ថ្ងៃទី១៨ ខែធ្នូ ២០២៤
- សកម្មភាពក្រសួង
ខេត្តកំពង់ឆ្នាំង៖នាថ្ងៃអង្គារ ២រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ លោក កាយ សុខជា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង បានចូលរួមបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពីដំណាំសក្តានុពល ក្នុងការផ្សាភ្ជាប់ផលិតផល ទៅកាន់ទីផ្សារសហគមន៍ រៀបចំដោយអង្គការបំប៉នវិជ្ជាជីវៈ អភិវឌ្ឍន៍សេដ្ឋកិច្ច និងកសិកម្មជនបទ ដោយមានការចូលរួមពីមន្រ្តីនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ក្រុមប្រឹក្សាឃុំ និងភូមិ ដែលមានសិក្ខាកាមជាសមាជិកក្រុមផលិតចំនួន២៥នាក់ ស្រ្តី ២០នាក់ ដែលប្រព្រឹត្តិទៅនៅសាលាបុណ្យភូមិអូរលាជ ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
សិក្ខាសាលានេះមានគោលបំណង៖
-ស្វែងរកការឯកភាពគ្នារវាងជនបង្គោល និងសមាជិកក្រុមផលិត ដើម្បីចាត់អាទិភាពលើផលិតផលសក្តានុពល នៅក្នុងសហគមន៍ ដែលឆ្លើយតបនឹងតម្រូវការទីផ្សារ ធ្វើផែនការផលិតជាក្រុម និងផែនការបង្វឹកកសិករ
-សមាជិកក្រុមផលិត និងអាជ្ញាធរមូលដ្ឋាន អាចកំណត់អ្នកប្រមូលទិញ ដើម្បីនាំទៅកាន់ទីផ្សារ(ផ្សារពង្រ និងផ្សារកំពង់ឆ្នាំង)
– អាជ្ញាធរមូលដ្ឋាន និងមន្ទីរអង្គភាពជំនាញចូលរូមជំរុញ និងដោះស្រាយនូវបញ្ហាប្រឈមរបស់ក្រុមផលិត។
សូមបញ្ជាក់ថា៖ ភូមិអូរលាជ មានប្រពលរដ្ឋសរុប១២០គ្រួសារ និងផ្ទៃដីកសិកម្ម មានចំនួន៤៧៥ហិកតា ប្រជាកសិករដាំដំណាំគ្រួសារ ដាំគ្រប់រដូវ មានចំនួន៩០ គ្រួសារ លើផ្ទៃ ៧៣ហិកតា ដូចជាត្រសក់ ស្ពៃ សាលាដ ត្រកួន ផ្ទី ត្រប់ ជីរណា និងសណ្តែកដី ។