ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត អញ្ជើញដឹកនាំគណ:កម្មការអន្តរក្រសួង ចុះត្រួតពិនិត្យនិងវាយតម្លៃលើការងារថែទាំខួបផ្លូវចំនួន៣ គម្រោងស្ថិតនៅខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់

ចែលរំលែក

ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ ៖ នាថ្ងៃចន្ទ ១រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណ:កម្មការអន្តរក្រសួង ដោយមានការចូលពីលោកជំទាវ ឯក គន្ធវ៉ារី អនុរដ្ឋលេខាធិការ ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានផ្លូវលំជនបទ ក្រុមការងារ គ.ត.វ និង មន្រ្តីនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីរួមជាមួយ មន្រ្តីបច្ចេកទេសនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ ចុះត្រួតពិនិត្យនិងវាយតម្លៃលើការងារថែទាំខួបផ្លូវចំនួន៣ គម្រោងស្ថិតនៅខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ អនុវត្តដោយនាយកដ្ឋានផ្លូវលំជនបទ រួមមានដូចខាងក្រោម ៖

 

– គម្រោងទី១ ៖ ចុះត្រួតពិនិត្យនិងវាយតម្លៃបញ្ចប់សុពលភាពការងារថែទាំខួបផ្លូវចំនួន១ខ្សែ មាន២ កំណាត់ដោយក្រាលកៅស៊ូ DBST ប្រវែងសរុប ៥៣០០ម៉ែត្រ ស្ថិតនៅឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

-គម្រោងទី២ ៖ ចុះត្រួតពិនិត្យនិងវាយតម្លៃការងារថែទាំខួបផ្លូវដោយក្រាលកៅស៊ូ DBST ចំនួន៥ កំណាត់ប្រវែងសរុប៣៥០០ម៉ែត្រ និងផ្លូវក្រាលបេតុងសរសៃដែក ចំនួន១កំណាត់ ប្រវែង ១៨០ម៉ែត្រ ព្រមទាំងគូសគំនូសចរាចរណ៍ទំហំ ៧០០ម៉ែត្រការ៉េ ស្ថិតនៅឃុំបឹងខ្នារ ស្រុកបាកាន និងឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។

-គម្រោងទី៣ ៖ ចុះត្រួតពិនិត្យនិងវាយតម្លៃការងារថែទាំខួបផ្លូវចំនួន ១កំណាត់ ដោយក្រាលកៅស៊ូ DBST បន្ថែមពីលើ (Reseal DBST) ប្រវែង ៦១៤០ម៉ែត្រ ព្រមទាំងគូសគំនូសចរាចរណ៍ទំហំ ១ ២២៨ម៉ែត្រការ៉េ ស្ថិតនៅឃុំខ្នារទទឹង ស្រុកបាកាន និងឃុំផ្ទះរុង ស្រុកតាលោសែនជ័យខេត្តពោធិ៍សាត់។

 

នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ក៏បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវទាំងនេះដោយបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជូនចំពោះលោកតា លោកយាយ ពូមីង បងប្អូននៅទីនោះ និងបានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ឱ្យចូលរួមថែទាំសមិទ្ធផលផ្លូវ និងលូនៅក្នុងមូលដ្ឋានកុំឱ្យមានរថយន្តដឹកទំនិញលើសចំណុះធ្វើចរាចរណ៍លើផ្លូវ ដើម្បីរក្សាគុណភាពផ្លូវនិងលូឱ្យប្រើប្រាស់បានគង់វង្សយូរអង្វែង។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមរដ្ឋមន្រ្តី ប្រគល់ជូនប្រជាពលរដ្ឋដោយម្នាក់ៗទទួលបានក្រម៉ាមួយផងដែរ។

 

បន្ទាប់មកគណៈកម្មការអន្តរក្រសួងបានប្រជុំពិភាក្សាជាមួយអ្នកទទួលការនិងអ្នកបច្ចេកទេស ដោយបានឯកភាពទទួលយកការបញ្ចប់សុពលភាពចំពោះគម្រោងទី១ និងទទួលយកលទ្ធផលការងារ១០០% ចំពោះគម្រោងទី២ និងគម្រោងទី៣៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ