ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី “យុទ្ធសាស្រ្តហិរញ្ញវត្ថុអនាម័យសម្រាប់កម្ពុជា”
- ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ម៉ោង ៦:០០ ព្រឹក
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍១២កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ខែធ្នូ ឆ្នាំ២០២៤ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី “យុទ្ធសាស្រ្តហិរញ្ញវត្ថុអនាម័យសម្រាប់កម្ពុជា” ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណការ និងដឹកជញ្ជូន អង្គការយូនីសេហ្វ ក្រសួង ស្ថាប័ន អង្គការមិនមែនរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងស្ថាប័នឯកជន ព្រមទាំងលោក លោកស្រី និងមន្រ្តីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទទាំង២៥ រាជធានី/ខេត្ត ដែលចូលរួមដោយផ្ទាល់ និងតាមបណ្តាញនិមិត្ត (Zoom) សរុប ចំនួន ៧៥រូប។
សិក្ខាសាលានេះ មានគោលបំណង ដើម្បីបង្ហាញជូនអង្គសិក្ខាសាលាអំពីជម្រើស និងវិធានការនានា សម្រាប់ក្រសួង/ស្ថាប័នពាក់ព័ន្ធនៅកម្ពុជា យកទៅពិចារណា ដើម្បីកៀរគរហិរញ្ញវត្ថុយកមកអនុវត្តការងារ សម្រាប់ឈានទៅសម្រេចគោលដៅអនាម័យជនបទ និងទីក្រុង នៅត្រឹមឆ្នាំ២០៣០។
ក្នុងឱកាស ដ៏វិសេសវិសាលនេះ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយក្ដីនឹករលឹក និងពរសព្វសាធុការ ពីសំណាក់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ ក.ស.គ. នាពេលកន្លងមក។
ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល បានលើកឡើងអំពីយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសដែលមានចំណូលខ្ពស់។ លើសពីនេះ ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ខាងលើ ក្រសួងអភិវឌ្ឍន៍ជនបទ បានដាក់ចេញនូវផែនការអភិវឌ្ឍន៍ជនបទ ដោយធ្វើយ៉ាងណាខិតខំសម្រេចឱ្យបាននូវចក្ខុវិស័យរបស់ខ្លួនគឺ “កសាងតំបន់ជនបទកម្ពុជាប្រកបដោយវិបុលភាព បរិយាប័ន្ន នវានុវត្តន៍ ឌីជីថល និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌” និងមានគោលបំណងចម្បង២ គឺ៖ (១) បង្កើនប្រាក់ចំណូលគ្រួសារជនបទឱ្យមានជីវភាពសមរម្យ និងមានប្រាក់ចំណូលប្រកបដោយចីរភាព (២) បង្កើនសុខមាលភាពគ្រួសារនៅជនបទ ឱ្យមានសុខភាពល្អ និងរស់នៅក្នុងបរិស្ថានស្អាត ព្រមទាំងបានកំណត់យុទ្ធសាស្រ្តអាទិភាពចំនួន៥ គឺ (១) អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ប្រកបដោយភាពធន់ (២) លើកកម្ពស់សុខភាពអនាម័យ និងបរិស្ថានរស់នៅរបស់សហគមន៍ជនបទប្រកបដោយនិរន្តរភាព (៣) អភិវឌ្ឍន៍សហគមន៍ជនបទឌីជីថល និងចលនាភូមិគំរូ (៤) ពិពិធកម្មសេដ្ឋកិច្ចជនបទ និងនវានុវត្តន៍ការងារ និង (៥) ពង្រឹងស្ថាប័ន តាមរយៈការរៀបចំគោលនយោបាយ ហិរញ្ញវត្ថុ ឌីជីថល និងសហប្រតិបត្តិការ។
ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានអំពាវនាវដល់ក្រុមការងារ ក.ស.គ ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអង្គការដៃគូ មេត្តាបន្តសហការគ្នា ដើម្បីឈានទៅសម្រេចគោលដៅនៃការផ្គត់ផ្គង់ទឹក និងអនាម័យជនបទ ១០០% នៅឆ្នាំ២០៣០៕