ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ នៃការងារអភិវឌ្ឍន៍សហគមន៍ជនបទ និងចលនាភូមិគំរូ និង ការលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ
- ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ម៉ោង ៥:៣៦ ល្ងាច
- ព័ត៌មានទាន់ហេតុការណ៍ , សកម្មភាពក្រសួង
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ១០កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ គណៈកម្មការដឹកនាំ គ្រប់គ្រង ត្រួតពិនិត្យ និងវាយតម្លៃ “ការងារអភិវឌ្ឍន៍សហគមន៍ជនបទ និងចលនាភូមិគំរូ” និង “ការលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ” ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ, ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងមន្ដ្រីជំនាញនៃកម្មវិធីទី៣។
យោងតាមការធ្វើបទបង្ហាញដោយនាយកដ្ឋានជំនាញ បានលើកឡើងថា គន្លឹះសំខាន់ៗនៃពិពិធកម្មសេដ្ឋកិច្ចជនបទនៅកម្ពុជារួមមាន៖ ការធ្វើពិពិធកម្មកសិកម្មចម្រុះ, ការផលិត ការកែច្នៃ និងបង្កើនតម្លៃបន្ថែមលើកសិផល, ការបង្កើតមុខរបរក្រៅពីកសិកម្ម, ការបង្កើតសហគ្រាសធុនតូច និងមធ្យម (SMEs), ការអភិវឌ្ឍជំនាញ និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ, ការគាំទ្រផ្នែកមីក្រូហិរញ្ញវត្ថុ, និងការដាក់បញ្ចូលកម្មវិធីឌីជីថល។
បន្ទាប់ពីបានស្ដាប់នូវបទបង្ហាញរួចមក ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើការកោតសរសើរ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងមន្ដ្រីបច្ចេកទេសគ្រប់លំដាប់ថ្នាក់ទាំងអស់ដែលបានខិតខំបំពេញភារកិច្ចដែលក្រសួងប្រគល់ជូន ប្រកបដោយការទទួលខុសត្រូវ ព្រមទាំងបានផ្ដល់វេទិកាជូនអង្គប្រជុំដើម្បីផ្ដល់មតិយោបល់ និងធាតុចូលបន្ថែម ដោយផ្ដោតលើសមិទ្ធផលការងារដែលសម្រេចបាន, ចំណុចខ្លាំង, ចំណុចខ្សោយ, បញ្ហា ប្រឈម និងការដាក់ចេញនូវទិសដៅការងារបន្ដ ឱ្យចំគោលដៅ ឆ្លើយតបទៅនឹងតម្រូវការនៅតំបន់ជនបទ និងស្របតាមការវិវត្ដនៃសេដ្ឋកិច្ច និងសង្គម។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់នាយកដ្ឋានជំនាញទាំង៤ នៅក្នុងកម្មវិធីអាទិភាពទី៣ របស់ក្រសួង ធ្វើការសហការគ្នាឱ្យកាន់តែជិតស្និទ្ធ ដើម្បីជំរុញការងារពិពិធកម្មសេដ្ឋកិច្ចនៅជនបទឱ្យមានការរីកចម្រើន ជាពិសេសការជំរុញការអភិវឌ្ឍន៍ភូមិគំរូ ឱ្យទៅជាភូមិគំរូគន្លឹះ និងដើម្បីឱ្យស្របនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបានចែងថា ជំរុញការអភិវឌ្ឍចម្រុះ និងការអនុវត្ត “ចលនាភូមិមួយផលិតផលមួយ” និង “ចលនាភូមិគំរូ” របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយចក្ខុវិស័យរបស់ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕