ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការដឹកនាំ គ្រប់គ្រង ត្រួតពិនិត្យ និងវាយតម្លៃ ការលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ របស់ក្រសួងអភិវឌ្ឍន៍ជនបទ
- ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ ម៉ោង ៥:០៨ ល្ងាច
- ព័ត៌មានទាន់ហេតុការណ៍ , សកម្មភាពក្រសួង
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ៥កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការដឹកនាំ គ្រប់គ្រង ត្រួតពិនិត្យ និងវាយតម្លៃ ការលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួម ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ, ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ព្រមទាំងថ្នាក់ដឹកនាំ និងមន្ដ្រីជំនាញ នៃគណៈកម្មការដឹកនាំ គ្រប់គ្រង ត្រួតពិនិត្យ និងវាយតម្លៃ ការលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ របស់ក្រសួងអភិវឌ្ឍន៍ជនជនបទ។
បន្ទាប់ពីបានស្ដាប់នូវបទអន្ដរាគមន៍នៃឯកសារទស្សនាទាននៃការសិក្សាស្រាវជ្រាវអំពីស្ថានភាពមុខរបររបស់ប្រជាជននៅតំបន់ជនបទ ដោយឯកឧត្តម ជ្រាយ ប៉ុម អគ្គនាយកបច្ចេកទេស និងការធ្វើបទបង្ហាញស្ដីពី ការសិក្សាស្រាវជ្រាវអំពីមុខរបរ និងប្រភពចំណូលរបស់ប្រជាពលរដ្ឋនៅជនបទ ដោយលោក គី សុផល ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ រួចមក ឯកឧត្តមរដ្ឋមន្ត្រី បានផ្ដល់ឱកាសជូនអង្គប្រជុំដើម្បីផ្ដល់មតិយោបល់ សម្រួចការសិក្សាស្រាវជ្រាវនេះ ឱ្យបានច្បាស់លាស់ និងចំគោលដៅ។ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ គឺជាកម្មវិធីដ៏សំខាន់របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលដើរតួនាទីជំរុញដោយផ្ទាល់ឱ្យមានការបង្កើនប្រាក់ចំណូល និងការផ្លាស់ប្តូរស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការបង្កើតឱកាសការងារ មុខរបរ សហគ្រិនភាព និងទីផ្សារ ក៏ដូចជាបង្កើនសកម្មភាពសេដ្ឋកិច្ចនានា ក្រោមរូបភាពមុខរបរកសិកម្ម និងមុខរបរមិនមែនកសិកម្ម៕