ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល អញ្ជើញចូលរួមជាអធិបតីក្នុងសិក្ខាសាលាឆ្លុះបញ្ចាំងលទ្ធផលចុះផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) នៅខេត្តតាកែវ
- ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ម៉ោង ១២:០០ ល្ងាច
- សកម្មភាពក្រសួង
ខេត្តតាកែវ៖ នាព្រឹកថ្ងៃសុក្រ ១៤រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយឯកឧត្តម ទុយ សុភ័ក្ត្រ អភិបាលរងនៃគណៈអភិបាលខេត្ត តាកែវ បានអញ្ជើញចូលរួមជាអធិបតីក្នុងសិក្ខាសាលាឆ្លុះបញ្ចាំងលទ្ធផលចុះផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) នៅខេត្តតាកែវ និងមានការអញ្ជើញចូលរួមពីលោកវេជ្ជបណ្ឌិត លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ លោក លោកស្រីថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃនាយកដ្ឋានថែទាំសុខភាពជនបទ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ និងតំណាងមន្ទីរអង្គភាពជុំវិញខេត្ត ឃុំ/សង្កាត់ ស្រុក/ក្រុង និងតំណាងអង្គការភ្លែនអន្តរជាតិប្រចាំនៅកម្ពុជា ទឹកស្អាត ១០០១ World Vision សរុបចំនួន៧៨នាក់ ស្រី ២៨នាក់។
សិក្ខាសាលាឆ្លុះបញ្ចាំងមានគោលបំណង ៖
– បង្ហាញពីវិធីសាស្ត្រ ដំណើរការ និងលទ្ធផលចុះផ្ទៀងផ្ទាត់ដែលបានរកឃើញជាក់ស្ដែង អំពីស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)ក្នុងខេត្តតាកែវ
– ពិភាក្សាផ្តល់មតិយោបល់ និងប្រមូលធាតុចូលបន្ថែមពីថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធក្នុងខេត្តជាមួយក្រុមការងារចុះផ្ទៀងផ្ទាត់ថ្នាក់ជាតិលើលទ្ធផលដែលបានរកឃើញដោយមានបង្ហាញភស្តុតាងជាក់ស្តែង។
– ផ្តល់ព័ត៌មានត្រឡប់ និងអនុសាសន៍សម្រាប់លទ្ធផលខេត្តតាកែវទទួល (ODF) ដែលក្រុមការងារថ្នាក់ជាតិបានរកឃើញ។
ជាលទ្ធផល៖
១. ក្រុមការងារថ្នាក់ជាតិចុះពិនិត្យអង្កេតជាក់ស្ដែងអំពីខ្នងផ្ទះប្រើប្រាស់បង្គន់អនាម័យមាន ៩២.៦៥% និងខ្នងផ្ទះប្រើប្រាស់បង្គន់អនាម័យរួម មាន ៧.៣៥%។
២. ក្រុមការងារថ្នាក់ជាតិចុះពិនិត្យអង្កេតជាក់ស្ដែងអំពីស្ថានភាពអនាម័យតាមស្ថាប័ន កម្រិតឆ្លើយតបតាមបទដ្ឋានអញ្ញត្រកម្ម អនាម័យទាំង៧ តាមគោលការណ៍មានចំនួន ៨៨.៥៧%
៣. ក្រុមការងារថ្នាក់ជាតិបានធ្វើបទបង្ហាញពីលទ្ធផលចុះផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ជូនអង្គសិក្ខាសាលានូវលទ្ធផលដែលបានរកឃើញ
៤. គណ:អធិបតីនិងអង្គពិធីបានឯកភាពទទួលយកលទ្ធផលចុះផ្ទៀងផ្ទាត់ស្ថាភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)ខេត្តតាកែវដែលរកឃើញជាក់ស្តែង។
៥. គណ:អធិបតី និងអង្គពិធី បានផ្តល់មតិយោបល់ និងអនុសាសន៍លើលទ្ធផលផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ខេត្តតាកែវ ដែលក្រុមការងារបានរកឃើញ។
៦. ផ្អែកតាមលទ្ធផលចុះផ្ទៀងផ្ទាត់(ODF) ខេត្តតាកែវ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ គ្រោងនឹងរៀបចំប្រារព្វពិធីអបអរសាទរខេត្តតាកែវទទួលបានជ័យលាភីជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ នាពេលខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ៕