ឯកឧត្ដម សាន វិសាល ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំត្រីមាសទី៤ ឆ្នាំ២០២៤ និងលើកទិសដៅការងារត្រីមាសទី១ ឆ្នាំ២០២៥
- ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ម៉ោង ១០:៣៥ ព្រឹក
- សកម្មភាពក្រសួង
ខេត្តកំពត ៖ នារសៀលថ្ងៃព្រហស្បតិ៍ ១៣រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពតឯកឧត្ដម សាន វិសាល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំត្រីមាសទី៤ ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តសម្រាប់ត្រីមាសទី១ ឆ្នាំ២០២៥ ។
អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន ឯកឧត្តម អ៉ឹង វណ្ណា អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ លោក សេង ឆូង ទីប្រឹក្សាក្រសួងអភិវឌ្ឍន៍ជនបទ លោក ហ៊ សូរិន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពតសរុបចំនួន ៣៨នាក់ ស្រី ១៣នាក់ ។
បន្ទាប់ពីបានស្ដាប់មតិស្វាគមន៍ និងរបាយការណ៍របស់លោក ហ៊ សូរិន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពតរួចមក ឯកឧត្ដម សាន វិសាល បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណជូនចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ដែលបានយកចិត្តទុកដាក់បំពេញការងារបានយ៉ាងល្អ ក្នុងរយៈពេលកន្លងមក ព្រមទាំងបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខប្រកបដោយមនោសញ្ចេតនា សេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត និងពរសព្ទសាធុការពីសំណាក់ ឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។ ជាមួយគ្នានេះដែរ ឯកឧត្ដម បានក្រើនរំលឹកឲ្យមន្រ្តីទាំងអស់បន្តយកចិត្តទុកដាក់បំពេញការងារ និងរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ ជាពិសេសបន្តអនុវត្តយន្តការសំខាន់ៗមួយចំនួនរួមមាន៖
១. បុរេសកម្មលើការងារ ដោយយកចំណេះដឹង និងចំណេះធ្វើ គួបផ្សំនឹងបទពិសោធន៍ការងារ អភិវឌ្ឍន៍នៅតាមទីជនបទ
២. បន្តរក្សាសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ
៣. ត្រូវរៀបចំផែនការឲ្យបានច្បាស់លាស់
៤. មានការប្រជុំត្រួតពិនិត្យ តាមដាន និងវាយតម្លៃប្រចាំខែ
៥. ប្រកាន់ភ្ជាប់ការអភិវឌ្ឍ និងអភិរក្ស រក្សាឲ្យបាននូវទំនៀមទំលាប់ប្រពៃណីនៅតំបន់ជនបទ
៦. ជំរុញការប្រកាសបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF) ឲ្យបានឆាប់រហ័ស
៧. សូមមន្រ្តី និងថ្នាក់ដឹកនាំទាំងអស់ ប្រកាន់ភ្ជាប់នូវគោលការណ៍រួមគិត រួមធ្វើ និងរួមទទួលខុសត្រូវ ៕