ឯកឧត្តម ជី សុីថា បានដឹកនាំគណ:កម្មការអន្តរក្រសួង ចុះត្រួតពិនិត្យវាយតម្លៃ និងបញ្ចប់សុពលភាពលើការងារស្ថាបនា និងការងារស្តារឡើងវិញផ្លូវក្រាលកៅស៊ូDBST ចំនួន២គម្រោង នៅក្នុងខេត្តតាកែវ
- ៦ ម៉ោងមុន ថ្ងៃទី២៩ ខែវិច្ឆិកា ២០២៤
- សកម្មភាពក្រសួង
ខេត្តតាកែវ៖ នាថ្ងៃព្រហស្បតិ៍ ១៣រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ជី សុីថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណ:កម្មការអន្តរក្រសួង រួមមានក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានផ្លូវលំជនបទ ក្រុមការងារ គ.ត.វ និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីតំណាង អ្នកទទួលការចុះត្រួតពិនិត្យវាយតម្លៃ និងបញ្ចប់សុពលភាពលើការងារស្ថាបនា និងការងារស្តារឡើងវិញផ្លូវក្រាលកៅស៊ូDBST ចំនួន២គម្រោង សិ្ថតនៅខេត្តតាកែវរួមមាន៖
គម្រោងទី១៖ ការងារស្ថាបនាផ្លូវក្រាលកៅស៊ូDBST ចំនួន១ខ្សែ ប្រវែង៣៨០០ម ទទឹង៧ម ចិញ្ចើមផ្លូវសងខាងក្រាលដីល្បាយក្រួសទទឹងម្ខាងៗ ០,៥ម កម្រាស់ ០,២ម សាងសង់លូមូលមុខមួយចំនួន ១កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ២កន្លែង ស្ថិតនៅភូមិតាហុក ទៅភូមិសមរខ្មែរ ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ (គម្រោងលេខDRR-NC-2024-No.014) ។
គម្រោងទី២៖ការងារស្តារឡើងវិញផ្លូវក្រាលកៅស៊ូDBST ចំនួន ១ខ្សែ ប្រវែង៤៨០០ម ទទឹង៧ម ចិញ្ចើមផ្លូវសងខាងក្រាលដីល្បាយក្រួសទទឹងម្ខាងៗ ០,៥ម កម្រាស់ ០,២ម សាងសងលូប្រអប់មុខមួយចំនួន ០១កន្លែង លូមូលមុខពីរចំនូួន ១កន្លែង លូមូលមុខមួយចំនួន ១កន្លែង និងអណ្តូងលូចំនួន ២កន្លែង ស្ថិតនៅភូមិសៃវ៉ា ទៅភូមិព្រៃរបង ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ (គម្រោងលេខDRR-NC-2023-No.065) (បញ្ចប់សុពលភាព) ដែលអនុវត្តដោយ នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ។
បន្ទាប់ពីបានត្រួតពិនិត្យ និងប្រជុំពិភាក្សាជាមួយអ្នកទទួលការ អ្នកបច្ចេកទេស និងគណៈកម្មការអន្តរក្រសួងរួចមក គណៈកម្មការអន្តរក្រសួងបានឯកភាពទទួលយកការអនុវត្តបញ្ចប់ការងារ ១០០% និងការបញ្ចប់សុពលភាពតាមការស្នើសុំរបស់អ្នកទទួលការ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម រដ្ឋលេខាធិការ ក៏បានជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលជាអ្នកអាស្រ័យផលផ្លូវទាំងនេះ ព្រមទាំងបានសំណូមពរបងប្អូនប្រជាពលរដ្ឋជួយថែទាំផ្លូវនេះឱ្យបានដិតដល់ដើម្បីប្រើប្រាស់បានយូរអង្វែង។