ឯកឧត្តម បណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការ និងជាសមាជិកគណ:កម្មាធិការលទ្ធកម្ម ចុះត្រួតពិនិត្យនិងវាយតម្លៃការងារថែទាំផ្លូវជាប្រចាំដោយក្រាលដីល្បាយក្រួសចំនួន១៦ខ្សែ

ចែលរំលែក

ខេត្តកំពត៖ នាថ្ងៃពុធ ៥រោច ខៃកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម បណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការ និងជាសមាជិកគណ:កម្មាធិការលទ្ធកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងអមដំណើរដោយលោកជំទាវ ឯក គន្ធវារី អនុរដ្ឋលេខាធិការ បានដឹកនាំគណ:ប្រតិភូអន្តរក្រសួង ចុះត្រួតពិនិត្យនិងវាយតម្លៃការងារថែទាំផ្លូវជាប្រចាំដោយក្រាលដីល្បាយក្រួសចំនួន១៦ខ្សែ មានប្រវែងសរុប ១០៧ ៨០០ម៉ែត្រ ទទឹងខ្នងលើប្រវែង ៤ម៉ែត្រ ៤,៥ម៉ែត្រ ៥ម៉ែត្រ និង៧ម៉ែត្រ ស្ថិតនៅក្នុងឃុំបឹងនិមល ឃុំមានរិទ្ធ ឃុំព្រៃថ្នង ឃុំថ្មី ឃុំសំឡាញ ឃុំចំប៉ី ឃុំល្អាង ឃុំកណ្តោល ឃុំត្រពាំងព្រីង ឃុំកូនសត្វ ឃុំខ្ជាយខាងជើង ឃុំល្បើក ឃុំឈូក ឃុំជម្ពូវ័ន្ត ឃុំដងទង់ ឃុំបន្ទាយមាសខាងជើង ឃុំបន្ទាយមាសខាងកើត ឃុំបន្ទាយមាសខាងលិច ឃុំត្នោតចុងស្រង់ ឃុំបឹងសាលាខាងជើង ឃុំបឹងសាលាខាងត្បូង ស្រុកឈូក ស្រុកដងទង់ ស្រុកអង្គរជ័យ ស្រុកទឹកឈូ ស្រុកបន្ទាយមាស និងស្រុកកំពង់ត្រាច ខេត្តកំពត ដោយមានការចូលរួមពីក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានផ្លូវលំជនបទ ក្រុមការងារ គ.ត.វ និងតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីលោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពតដែលជាអ្នកទទួលការ។

 

ក្នុងឱកាសនោះដែរ ឯកឧត្តម ក៏បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវទាំង១៦ខ្សែនេះដោយបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រី ជូនចំពោះលោកតា លោកយាយ ពូមីង បងប្អូននៅទីនោះ ។ ជាមួយគ្នានេះ ឯកឧត្តម បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ឱ្យចូលរួមថែរក្សាសមិទ្ធផលផ្លូវនៅក្នុងមូលដ្ឋានឱ្យប្រើប្រាស់បានយូរអង្វែងជាមួយគ្នានេះ និងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមរដ្ឋមន្រ្តីជូនប្រជាពលរដ្ឋដោយម្នាក់ៗទទួលបានក្រម៉ាមួយផងដែរ។

 

ជាកិច្ចបន្ទាប់មកគណៈកម្មការអន្តរក្រសួង បានប្រជុំពិភាក្សាជាមួយអ្នកទទួលការនិងអ្នកបច្ចេកទេស ដោយបានឯកភាពទទួលយកលទ្ធផលការងារ១០០% ចំពោះការងារថែទាំផ្លូវក្រាលល្បាយក្រួសចំនួន១៦ខ្សែមានប្រវែងសរុប១០៧ ៨០០ម៉ែត្រ តាមការស្នើសុំរបស់អ្នកទទួលការ។ ឯកឧត្តម បណ្ឌិត ក៏បានសំណូមពរដល់ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពតធ្វើការត្រួតពិនិត្យលើការងារថែទាំនិងជួសជុលផ្លូវទាំង១៦ខ្សែខាងលើឱ្យបានល្អដើម្បីឱ្យមានគុណភាពនិងសោភណ្ឌភាព ដោយសហការជាមួយប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានចូលរួមថែទាំកុំឱ្យមានរថយន្តដឹកទំនិញលើសចំណុះធ្វើចរាចរណ៍លើផ្លូវ ដើម្បីរក្សាគុណភាពផ្លូវនេះឱ្យប្រើប្រាស់បានគង់វង្សយូរអង្វែង។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ