ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល អញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង ត្រួតពិនិត្យ និងវាយតម្លៃដំណាក់កាលទី២ លើការងារថែទាំជាប្រចាំផ្លូវចំនួន ២ខ្សែ ដោយក្រាលកៅស៊ូ DBST ប្រវែងសរុប ៣១ ០០០ម៉ែត្រ នៅខេត្តស្វាយរៀង
- ១៤ ម៉ោងមុន ថ្ងៃទី១៣ ខែវិច្ឆិកា ២០២៤
- សកម្មភាពក្រសួង
ខេត្តស្វាយរៀង ៖ នាថ្ងៃអង្គារ ១២កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយលោកជំទាវ ឯក គន្ធវារី អនុរដ្ឋលេខាធិការ បានអញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃដំណាក់កាលទី២ លើការងារថែទាំជាប្រចាំផ្លូវចំនួន ២ខ្សែ ដោយក្រាលកៅស៊ូ DBST ប្រវែងសរុប ៣១ ០០០ម៉ែត្រ ស្ថិតនៅក្នុងឃុំក្រោលគោ ឃុំឈើទាល ឃុំស្វាយធំ ឃុំព្រៃគគីរ និងឃុំច្រេស ស្រុកស្វាយជ្រំ ស្រុកចន្ទ្រា ខេត្តស្វាយរៀង អនុវត្តដោយនាយកដ្ឋានផ្លូវលំជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ។
បន្ទាប់ពីបានត្រួតពិនិត្យ និងប្រជុំពិភាក្សាជាមួយអ្នកទទួលការ អ្នកបច្ចេកទេស និងគណៈកម្មការអន្តរក្រសួងរួចមក គណៈកម្មការបានឯកភាពទទួលយកការអនុវត្តការងារតាមការស្នើសុំរបស់អ្នកទទួលការ សម្រាប់ដំណាក់កាលទី២។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអ្នកទទួលផល អាជ្ញាធរ មូលដ្ឋាន ភូមិ ឃុំ ស្រុក និងបានសំណូមពរសូមឱ្យបងប្អូនប្រជាពលរដ្ឋជួយថែទាំផ្លូវនេះឱ្យបានដិតដល់ដើម្បីធានាថាផ្លូវនេះអាចប្រើប្រាស់បានយូរអង្វែង ដើម្បីបម្រើផលប្រយោជន៍ជូនបងប្អូនប្រជាពលរដ្ឋ៕