ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល អញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃលទ្ធផល ១០០% លើការងារស្ថាបនាស្ពានបេតុងចំនួន ១កន្លែង និងស្ថាបនាផ្លូវក្រាលបេតុង ប្រវែងសរុប ៥៦០ម នៅស្រុកកងមាស ខេត្តកំពង់ចាម
- ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ម៉ោង ៤:០០ ល្ងាច
- សកម្មភាពក្រសួង
ខេត្តកំពង់ចាម ៖ នាថ្ងៃពុធ ៦កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយលោកជំទាវ ឯក គន្ធវារី អនុរដ្ឋលេខាធិការ បានអញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃលទ្ធផល ១០០% លើការងារស្ថាបនាស្ពានបេតុងចំនួន ១កន្លែង ប្រវែង ១០៨ម ទទឹង ១០ម និងស្ថាបនាផ្លូវក្រាលបេតុងសងខាងក្បាលស្ពាន ប្រវែងសរុប ៥៦០ម ស្ថិតនៅភូមិគហ៊េរ ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម អនុវត្តដោយនាយកដ្ឋានវិស្វកម្ម នៃក្រសួងការពារជាតិ ។
បន្ទាប់ពីបានត្រួតពិនិត្យ និងប្រជុំពិភាក្សាជាមួយអ្នកទទួលការ អ្នកបច្ចេកទេស និងគណៈកម្មការអន្តរក្រសួងរួចមក គណៈកម្មការបានឯកភាពទទួលយកលទ្ធផល ១០០% លើការអនុវត្តការងារដូចបានគោរពជម្រាបជូនខាងលើតាមការស្នើសុំរបស់អ្នកទទួលការ ជាមួយនឹងការស្នើដល់អ្នកទទួលការត្រូវបន្តថែទាំស្ពាន និងផ្លូវខាងលើឱ្យបានចប់សព្វគ្រប់ រហូតដល់បញ្ចប់សុពលភាព។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ ក៏បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអ្នកទទួលផល អាជ្ញាធរ មូលដ្ឋាន ភូមិ ឃុំ ស្រុក និងបានសំណូមពរសូមឱ្យបងប្អូនប្រជាពលរដ្ឋជួយថែទាំស្ពាន និងផ្លូវនេះឱ្យបានដិតដល់ដើម្បីធានាថាផ្លូវនេះអាចប្រើប្រាស់បានយូរអង្វែង ដើម្បីបម្រើផលប្រយោជន៍ជូនបងប្អូនប្រជាពលរដ្ឋ៕