ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជាកិត្តិយសក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤
- ១៩ ម៉ោងមុន ថ្ងៃទី៣០ ខែតុលា ២០២៤
- ព័ត៌មានទាន់ហេតុការណ៍ , សកម្មភាពក្រសួង
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃពុធ ១៣រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាកិត្តិយសក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
ព្រឹត្តិការណ៍កីឡាជាតិ បានរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា ក្នុងរយៈពេល ពីរឆ្នាំម្តង ក្នុងគោលដៅលើកកម្ពស់គុណផលកីឡា ការបង្កើនសមត្ថភាពមន្ត្រីកីឡាឱ្យបានគ្រប់គ្រាន់ និងប្រកបដោយចំណេះដឹង និងបទពិសោធន៍សម្រាប់ការរៀបចំ និងការចូលរួមក្នុងព្រឹត្តិការណ៍កីឡាជាតិ និងអន្តរជាតិនានា។ ក្នុងព្រឹត្តិការណ៍កីឡាជាតិ ឆ្នាំ២០២៤នេះ មានការចូលរួមពី រាជធានី-ខេត្តទាំង២៥ ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កីឡាករ កីឡាការិនី មន្ត្រីដឹកនាំ និងគ្រូបង្វឹកអ្នកចូលរួមសរុប៤,៥២២នាក់។
សូមជម្រាបជូនផងដែរថា ចំពោះកីឡាជាតិលើកទី៤ មានប្រភេទកីឡាចំនួន ៣៦ប្រភេទ មានវិញ្ញាសាសរុប ៣២៨វិញ្ញាសា ដោយឡែកចំពោះ កីឡាជាតិជនពិការលើកទី២ មានប្រភេទកីឡាចំនួន ១៣ប្រភេទ ដែលមាន ៥៥វិញ្ញាសា៕